ភ្នំពេញៈ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ (PAS) ដែលជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ចុះបញ្ជី​ភាគហ៊ុន​បាន​រាយការណ៍​ពី​កំណើន​ដ៏​រឹងមាំ​នៃ​ប្រតិបត្តិការ​នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំនេះ ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​។

យោងតាម​ឯកសារ​របស់ PAS ដែល​ផ្ញើឱ្យ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៧ ខែឧសភា PAS បាន​បន្ត​ការវិវឌ្ឍ​យ៉ាងខ្លាំង​ក្លា ដើម្បី​បម្រើ​សកម្មភាព​ធុរកិច្ច​របស់ខ្លួន​ជា​លទ្ធផល​នៅ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ នេះ PAS ទទួលបាន​ប្រាក់ចំណូល​សរុប​ចំនួន​ជាង ៩០ ពាន់​លាន​រៀល និង​ទទួលបាន​ប្រាក់ចំណេញ​សុទ្ធ​ក្រោយ​ការបង់ពន្ធ​ក្នុង​កាលបរិច្ឆេទ​ចំនួន​ជាង ៣៣ ពាន់​លាន​រៀល​។ បើ​ប្រៀបធៀប​នឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ ប្រាក់ចំណូល​សុទ្ធ​បាន​កើនឡើង​ចំនួន​ជាង ៩ ពាន់​លាន​រៀល​គឺ​ស្មើនឹង​ ១១,១៨ ​ភាគរយ ចំណែក​ប្រាក់ចំណេញ​សុទ្ធ​ក្រោយ​ការបង់ពន្ធ​វិញ ថយចុះ​ចំនួន​ជាង ៣,៧ ​ពាន់​លាន​រៀល គឺ​ស្មើនឹង ១០,២៣ ភាគរយ​។

លោក លូ គីមឈន់ ប្រធាន​អគ្គនាយក ថ្លែងថា​៖ «​លទ្ធផល​នេះ​បណ្ដាលមកពី​បរិមាណ​កុងតឺន័រ និង​ទំនិញ​ឆ្លងកាត់​មាន​ការកើនឡើង ប៉ុន្តែ​ការ​ចំណេញ​ពី​អត្រា​ប្តូរប្រាក់​យ៉េន (​មិនទាន់​សម្រេច​) មាន​ការថយចុះ​ធៀប​នឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ ធ្វើឱ្យ​ប្រាក់ចំណេញ​សុទ្ធ​ក្រោយ​ការបង់ពន្ធ​មាន​ការថយចុះ បើ​ធៀប​នឹង​ត្រីមាស​ទី​ ១ ឆ្នាំ ​២០២១»​។

ជា​លទ្ធផល ការ​ចំណេញ​ក្នុង​ ១ ​ឯកតា​មូលបត្រ​កម្មសិទ្ធិ មាន​ចំនួន ៣៨៥,២៣ រៀល សម្រាប់​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ ​នេះ​។ ដោយឡែក ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ កុងតឺន័រ​ដែល​បាន​ឆ្លងកាត់ PAS មាន​ចំនួន ១៩៨ ១៨២ TEUs ពោលគឺ​កើនឡើង​ចំនួន ២៧ ៨១២ TEUs ស្មើនឹង ១៦,៣២ ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី ​១ ឆ្នាំ ២០២១​។

លោក គីមឈន់ បានឱ្យដឹង​ទៀតថា PAS នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​បំពេញ​សេវាកម្ម អាជីវកម្ម​ឱ្យ​កាន់តែ​ប្រសើរ និង​សម្រេចបាន​លទ្ធផល​ខ្ពស់​ជា​ប្រយោជន៍​ដល់​​ភាគហ៊ុនិក​របស់ខ្លួន​។

លោក​បន្តថា​៖ «PAS បាន​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​កំណើន​តម្រូវការ​សេវាកម្ម​របស់​អតិថិជន និង​ការរីកចម្រើន​សេដ្ឋកិច្ចជាតិ​»​។ លោក​បាន​ពន្យល់ថា ដោយសារ​តែ​ការកើនឡើង​បរិមាណ​ទំនិញ និង​កុងតឺន័រ​ឆ្លងកាត់ PAS បានធ្វើការ​កែសម្រួល​ផែ​ច្រាំង​ថ្មី (​សាងសង់​ឆ្នាំ ១៩៦៩ ប្រវែង​ ៣៥០ ម៉ែត្រ​) ទៅជា​ចំណត​ផែ​កុងតឺន័រ​ប្រវែង ២៤៣ ម៉ែត្រ ដើម្បី​ក្លាយជា​ចំណត​ផែ​កុងតឺន័រ​មួយ​បន្ថែមទៀត ដែល​បច្ចុប្បន្ន​មាន​ត្រឹមតែ​ ២ ​ចំណត​ប៉ុណ្ណោះ​។

PAS​ កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ផែ​កុងតឺន័រ​ថ្មី (​ជំហាន​ទី​ ១) ប្រវែង ៣៥០ ម៉ែត្រ និង​មាន​ជម្រៅ​ទឹក ១៤,៥ ម៉ែត្រ រួមបញ្ចូល​ទាំង​ការបំពាក់​គ្រឿងចក្រ​លើកដាក់​កុងតឺន័រ​ទំនើប ប្រភេទ QC ចំនួន ៣​ គ្រឿង និង​ប្រភេទ RTG ចំនួន ៩ ​គ្រឿង រថ​លើក​កុងតឺន័រ​ទទេ (Empty Reach Stackers) ចំនួន ២ គ្រឿង ក្បាល​សណ្ដោង​កុងតឺន័រ​ចំនួន ១៦ ​គ្រឿង និង​ប្រព័ន្ធគ្រប់គ្រង​ចំណត​ផែ​កុងតឺន័រ​ស្វ័យប្រវត្តិកម្ម ៩ កំប្លេ​។

លោក​លើកឡើង​ថា​៖ «​សម្រាប់​ចំណត​ផែ​កុងតឺន័រ​ថ្មី​នេះ​អាច​អនុញ្ញាត​ឱ្យ​នាវា​ដឹកជញ្ជូន​កុងតឺន័រ​ធុន​ធំ​ក្នុង​តំបន់​ចូល​ចត​នៅ​ផែ​បាន ដែល​នឹង​ធ្វើឱ្យ​ឧបសគ្គ​អំពី​ជម្រៅ​ទឹក​សម្រាប់​កំពង់ផែ​ត្រូវបាន​ដោះស្រាយ ព្រមទាំង​តម្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​មានតម្លៃ​ប្រហាក់ប្រហែល​បណ្ដា​ប្រទេស​ជិតខាង និង​ក្នុង​តំបន់ ដែលជា​ការរួមចំណែក​ដល់​ការជួយ​សម្រួល​ផ្នែក​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​»​។

លោក​បន្ថែមថា តាម​ការរំពឹងទុក គម្រោង​នេះ​នឹង​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ពាក់កណ្ដាល​ឆ្នាំ​ ២០២៥ ហើយ​សមត្ថភាព​លើកដាក់​កុងតឺន័រ​ដល់ ១ ១៥០ ០០០ TEUs ក្នុង​ ១​ ឆ្នាំ នៅពេល​ដែល​ចំណត​ផែ​កុងតឺន័រ​នេះ​ដាក់ឱ្យ​ប្រតិបត្តិការ​នៅ​ឆ្នាំ​ ២០២៥ ខាងមុខ​៕ LA