
ទិដ្ឋភាពផ្លូវក្រវាត់ក្រុងទី ៣ ដែលសាងសង់សម្រេចជាង ៧៣ ភាគរយ។ MPWT
ភ្នំពេញៈ វិស័យឯកជនកំពុងសម្លឹងឃើញថា ផ្លូវក្រវាត់ក្រុងទី ៣ ដែលជាវិនិយោគសាធារណៈមានទឹកប្រាក់តម្លៃជាង ២៦៧ លានដុល្លារ សម្រេចបានប្រមាណជាង ៧៣ ភាគរយ ដោយគ្រោងនឹងបញ្ចប់នៅត្រីមាសទី ៣ ឆ្នាំ ២០២៣ ខាងមុខនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យដឹកជញ្ជូន និងភ័ស្តុភាររបស់កម្ពុជា។
គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី ៣ ប្រវែងសរុបជិត ៥៣ គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ២ ឆ្ពោះទៅផ្លូវជាតិលេខ ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាលតភ្ជាប់ទៅកាន់ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងខ្ទង់ចំណាយទឹកប្រាក់សរុបប្រមាណ ២៦៧,៦៧ លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចវឌ្ឍនភាពការងារបាន ៧៣,៧០ ភាគរយហើយ ខណៈដែលបច្ចុប្បន្ន ក្រុមការងារបច្ចេកទេសចម្រុះចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ នេះ។
លោក ហ៊ាង វុត្ថា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៩ ខែឧសភា ថា ការចុះត្រួតពិនិត្យនេះ ក៏ដើម្បីផ្តល់ធាតុចូលដល់ក្រុមការងាររៀបចំអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (Road Care Supervision) បន្ថែមលើកម្មវិធីថែទាំផ្លូវ (Road Care Mobile App) ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។
លោកបានបន្ថែមថា កន្លងទៅការស្ថាបនាផ្លូវក្រវាត់ក្រុងទី ៣ នេះបានរងផលប៉ះពាល់តិចតួចពីវិបត្តិកូវីដ ១៩ ដែរ ប៉ុន្តែក្រុមការងារជំនាញរបស់ក្រសួង និងក្រុមហ៊ុនសាងសង់នៅតែបន្តសកម្មជាធម្មតា ដើម្បីសម្រេចឱ្យបានទាន់ពេលវេលាដែលបានកំណត់។
លោកបញ្ជាក់ថា៖ «បន្ទាប់ពីយើងបានចុះពិនិត្យតាមដានយ៉ាងហ្មត់ចត់ហើយ ឃើញថាមិនមានអ្វីរាំងស្ទះ ដោយការងារចម្បង ដូចជាការសាងសង់ស្ពានរំលងផ្លូវជាតិមានដូចជាកាត់ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ៣ និងផ្លូវជាតិលេខ ២ ដែលជាចំណុចតភ្ជាប់ចុងក្រោយ ស្ទើរតែរួចរាល់ទាំងស្រុងហើយ។ សម្រាប់គុណភាពផ្លូវវិញ ក៏មិនមានបញ្ហាអ្វីដែរ ដោយក្រុមហ៊ុនសាងសង់នេះ បានជ្រើសរើសយកស្តង់ដាខ្ពស់បំផុតក្នុងការស្ថាបនាផ្លូវនេះ ព្រោះដូចដែលយើងបានដឹងហើយថា ឯកឧត្តមទេសរដ្ឋមន្ត្រី មានការយកចិត្តទុកដាក់ណាស់ចំពោះគុណភាពផ្លូវ»។
លោកបានបន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងសិក្សាលើការសាងសង់ផ្លូវក្រវាត់ក្រុងទី ៤ បន្តទៀត ប៉ុន្តែបច្ចុប្បន្ននេះក្រសួងមិនទាន់បង្ហាញពីទីតាំងគម្រោងជាសាធារណៈបាននោះទេ ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់តម្លៃដីធ្លីនៅតាមតំបន់ដែលផ្លូវនោះឆ្លងកាត់។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ផ្លូវក្រវាត់ ក្រុងទី៣ នេះនឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់វិស័យដឹកជញ្ជូន និងភ័ស្តុភាររបស់កម្ពុជា ខណៈដែលសកម្មភាពដឹកជញ្ជូនគ្រប់ប្រភេទបានដំណើរការឡើងវិញជាប្រក្រតី។
លោកបញ្ជាក់ថា៖ «សព្វថ្ងៃនេះ យើងពិតជាមានតម្រូវការខ្លាំងណាស់នូវផ្លូវក្រវាត់ក្រុង ដើម្បីបញ្ចៀសការស្ទះចរាចរណ៍នៅក្នុងក្រុង។ ការស្ថាបនាផ្លូវក្រវាត់ក្រុងជាបន្តបន្ទាប់នឹងជួយដល់ការដឹកជញ្ជូន និងឡូជីស្ទិករបស់យើងកាន់តែមានភាពប្រសើរឡើងដែលនឹងជំរុញកំណើនសេដ្ឋកិច្ចឱ្យមានចលនាឡើងវិញតាមកំណើននៃការនាំចេញនាំចូលទំនិញ»។
លោក ជា ចាន់ដារ៉ា សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានឱ្យដឹងដែរថា កន្លងមក ថ្វីដ្បិតតែមានផ្លូវក្រវាត់ក្រុងទី ១ និងទី ២ រួចហើយក៏ពិតមែន ប៉ុន្តែការដឹកជញ្ជូននៅតែមានការកកស្ទះខ្លាំង ដូចនេះផ្លូវក្រវាត់ក្រុងទី ៣ ដែលនឹងរួចរាល់នៅឆ្នាំក្រោយ ពិតជាអាចជួយសម្រួលដល់បញ្ហាកកស្ទះនេះបាន។
លោកបញ្ជាក់ថា៖ «ការរៀបចំឱ្យមានផ្លូវក្រវាត់ក្រុងទី ៣ នេះអាចនឹងទាក់ទាញរោងចក្រសហគ្រាសចេញពីក្នុងក្រុងទៅសាងសង់នៅក្បែរផ្លូវក្រវាត់ក្រុងទី ៣ វិញ ដែលនឹងអាចរំដោះការកកស្ទះក្នុងទីក្រុង និងជំរុញការអភិវឌ្ឍនៅតំបន់ជាយក្រុងវិញ។ ក្នុងនាមយើងជាពាណិជ្ជករនៅក្នុងវិស័យដឹកជញ្ជូនក៏ដូចខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា យើងពិតចង់ឱ្យមានផ្លូវក្រវាត់ក្រុងកាន់តែច្រើន ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងជំរុញសេដ្ឋកិច្ច»។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូនផ្លូវក្រវាត់ក្រុងមួយនេះ បាននិងកំពុងសាងសង់ប្រភេទផ្លូវក្រាលបេតុងសរសៃដែក និងបេតុងកៅស៊ូអេស៊ី (AC) ដើម្បីភាពរឹងមាំ ជាប់យូរ ដោយសារវាជាផ្នែក ១ ជួយកាត់បន្ថយការកកស្ទះ និងជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ៕ LA