ភ្នំពេញៈ កម្ពុជា-ហុងគ្រី បាន​ប្តេជ្ញាចិត្ត​នឹង​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​រឹងមាំ និង​ស៊ី​ជម្រៅ​ថែមទៀត ក្រោយពី​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​ធ្លាក់ចុះ​នៅក្នុង​ឆ្នាំ​ ២០២១ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ នៅ​ទូទាំង​សកលលោក​។

ការប្តេជ្ញា​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ២៧ ខែឧសភា ឆ្នាំ ​២០២២ នៅក្នុង​ជំនួប​ពិភាក្សា​រវាង​លោក ឱក ប៊ុង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​លោក CSABA ORY ឯកអគ្គរដ្ឋទូត​ហុងគ្រី​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​លើ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​។

លោក ឱក ប៊ុង បាន​ថ្លែងថា រដ្ឋាភិបាល​ហុងគ្រី​បានរួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​លើកកម្ពស់ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា​លើ​វិស័យ​សំខាន់ៗ​មានដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម អប់រំ និង​វប្បធម៌ ចាប់តាំងពី​ដំណាក់កាល​ដំបូង​នៃ​ការកសាង​ប្រទេស​កម្ពុជា​ឡើងវិញ​ ក្រោយ​របប​ប្រល័យ​ពូជសាសន៍​រហូតដល់​បច្ចុប្បន្ន​។

លោក​បន្តថា ហុងគ្រី គឺជា​ទីផ្សារ​ដ៏សំខាន់​មួយ​សម្រាប់​ផលិតផល​កម្ពុជា​ក្នុង​សហភាព​អឺរ៉ុប ខណៈ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ហុងគ្រី សម្រេចបាន ៤,៤៣ ​លាន​ដុល្លារ នៅ​ឆ្នាំ​ ២០២០ ដែលមាន​កំណើន ៣២ ​ភាគរយ​បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១៩ ប៉ុន្តែ​វា​បាន​ថមថយ​បន្តិច​ក្នុង​ឆ្នាំ​ ២០២១ តែមាន​ភាពល្អប្រសើរ​ខ្លះ​ក្នុង​ឆ្នាំ​ ២០២២ នេះ​ដោយ​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រេចបាន ២,២៣ ​លាន​ដុល្លារ ក្នុង​រយៈពេល ៣ ​ខែ​ដំបូង​។

លោក​ថ្លែងថា​៖ «​បន្ថែម​ពីលើ​នេះ កម្ពុជា-​ហុងគ្រី ក៏បាន​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​លើក​ទី​ ១ នៅ​ដើមឆ្នាំ​ ២០២១ និង​បាន​សហការគ្នា​រៀបចំ​វេទិកា​ជំនួប​ធុរកិច្ច​កម្ពុជា​-​ហុងគ្រី​លើក​ទី​ ១ នា​ត្រីមាស​ទី​ ១ ​ឆ្នាំ​ ២០២២ ដែល​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​ទទួល​លទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា​»​។

លោក ឱក ប៊ុង បញ្ជាក់ថា ខណៈ​កម្ពុជា​កំពុង​បោះជំហាន​ទៅមុខ​បន្ថែម​ទៀត​ក្នុងការ​រស់នៅ​ជាមួយ​កូវីដ​ ១៩​ តាម​គន្លង​ប្រក្រតីភាព​ថ្មី វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ ជាពិសេស​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។ ដូចនេះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​ពាណិជ្ជកម្ម​ជា​សេនាធិការ​បាន​ខិតខំ​ធ្វើ​ពិពិធកម្ម​ពាណិជ្ជកម្ម ដោយ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ក្រោម​ក្របខ័ណ្ឌ​ពហុភាគី តំបន់ និង​ទ្វេភាគី ស្រប​ជាមួយ​នឹង​ការធ្វើ​កំណែទម្រង់​ច្បាប់ និង​បទប្បញ្ញត្តិ ដើម្បី​កែលម្អ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​។

លោក CSABA ORY បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មោះមុត​ក្នុង​ការបន្ត​ពង្រឹង​ទំនាក់ទំនង​ល្អ ជាពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​បន្ថែមទៀត ដើម្បី​ឈានដល់​កម្រិត​សក្តានុពល​ពេញលេញ និង​បន្ត​លើក​ទឹកចិត្ត​ដល់​ពាណិជ្ជករ និង​វិនិយោគិន​ហុងគ្រី​ឱ្យ​ស្វែងយល់​បន្ថែម​ពី​សក្តានុពល​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​នៅ​កម្ពុជា​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោក គី សេរីវឌ្ឍន៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ហុងគ្រី​មាន​ចំនួន​ច្រើន​មុខទំនិញ ប៉ុន្តែ​មុខទំនិញ​នីមួយៗ​នៅមាន​បរិមាណ​តិចតួច​។ ទោះ​យ៉ាងណា​អ្វីដែល​គួរឱ្យ​កត់សម្គាល់​នោះ គឺ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ប្រទេស​ហុងគ្រី​មាន​ប្រមាណ ២៥-៣០ ​ភាគរយ​នៃ​ការនាំចេញ​មុខទំនិញ​ទាំងអស់​ទៅកាន់​ប្រទេស​នេះ​។

លោក​ថ្លែងថា​៖ «​មួយទៀត កម្ពុជា​ក៏បាន​នាំចេញ​ផលិតផល​វាយនភណ្ឌ​ទៅ​ប្រទេស​ហុងគ្រី​ផងដែរ ដោយសារ​ប្រទេស​ហុងគ្រី ជា​សមាជិក​នៃ​សហគមន៍​អឺរ៉ុប​ផងដែរ​»​។

បើតាម លោក សេរីវឌ្ឍន៍ នេះ​គឺជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​ការ​នាំចេញ​នូវ​ផលិតផល និង​មុខទំនិញ​របស់ខ្លួន ខណៈ​ពេលដែល​សហគមន៍​អឺរ៉ុប​ទាំងមូល​បាន​យកពន្ធ​ពី​កម្ពុជា ប៉ុន្តែ​មាន​លក្ខណៈ​ដោយឡែក និង​ជាពិសេស​នៅតាម​ប្រទេស​នីមួយៗ​មាន​គោលនយោបាយ​ក្នុង​ការតភ្ជាប់​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​កម្ពុជា​៕ LA