ភ្នំពេញៈ ប្រេង​សាំង​ធម្មតា​មាន​តម្លៃ ៥ ៦៥០ រៀល ក្នុង ១ លីត្រ (ឡើង ៥០ រៀល) ខណៈ​ប្រេង​ម៉ាស៊ូត​បាន​ឡើង​ដល់ ៥ ៥៥០ រៀល​ក្នុង ១ លីត្រ (ឡើង ១៥០ រៀល) ចាប់​ពី​ថ្ងៃទី ០១ ដល់​ថ្ងៃទី ១០ ខែ​ មិថុនា ឆ្នាំ ២០២២ សម្រាប់​ទីផ្សារ​លក់​រាយ​នៅ​កម្ពុជា។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​ពី​ក្រសួង​ពាណិជ្ជកម្ម​នៅ​ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២២ នេះ។

យោង​តាម​ការ​ជូន​ដំណឹង​នេះ តម្លៃ​ប្រេង​ឥន្ធនៈ​បាន​ឡើង​ថ្លៃ​មក​វិញ ដោយ​កាល​ពី ១០ ថ្ងៃ​មុន ប្រេង​សាំង​ធម្មតា មាន​តម្លៃ​ត្រឹម ៥ ៦០០ រៀល ចំណែក​ប្រេង​ម៉ាស៊ូត​ថ្លៃ​ត្រឹម ៥ ៤០០ រៀល ក្នុង ១ លីត្រ។

ចំពោះ​ការ​ឡើង​ថ្លៃ​នៃ​តម្លៃ​ប្រេង​ឥន្ធនៈ​នេះ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ធ្លាប់​លើក​ឡើង​ថា នេះ​ជា​និន្នាការ​ពិភព​លោក ហើយ​កម្ពុជា​ជា​ប្រទេស​ដែល​នាំ​ប្រេង​ឥន្ធនៈ​ចូល​មក ដូច​នេះ​ត្រូវ​កំណត់​តម្លៃ​តាម​ទីផ្សារ​អន្តរជាតិ។

កាល​ពី​ចុង​ខែ​មីនា ឆ្នាំ ២០២២ អន្តរ​ក្រសួង​រួម​មាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល បាន​សម្រេច​ចេញ​ប្រកាស​ស្តីពី​ការ​កំណត់​រូបមន្ត​សម្រាប់​កែ​សម្រួល​ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា ដើម្បី​ឱ្យ​ថ្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ចុះ​តាម​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ ដោយ​ឱ្យ​អនុវត្ត​តែ​ទៅ​លើ​ការ​លក់​រាយ​ប្រេង​ឥន្ធនៈ​ប៉ុណ្ណោះ។ ប្រកាស​អន្តរ​ក្រសួង​នេះ នឹង​នៅ​ជា​ធរមាន បើ​សិន​ជា​មិន​មាន​ការ​ចេញ​ប្រកាស​ថ្មី​ទេ៕