
ច្រកព្រំដែនព្រែកចាក កម្ពុជា-វៀតណាម នាពេលកន្លងទៅ។ ហុង មិនា
កែបៈ កម្ពុជារំពឹងទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិតាមច្រករបៀងខាងត្បូងជាមួយប្រទេសវៀតណាម និងថៃកាន់តែច្រើន ក្រោយពីមានការសម្រួលឱ្យមានការធ្វើដំណើរកាន់តែងាយស្រួលជាងមុន។
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីបទដ្ឋានគតិយុត្តនានាក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកាលពីថ្ងៃទី ៣០ ខែឧសភា នៅសាលាខេត្តកែប រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា ការរៀបចំគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរឱ្យបានត្រឹមត្រូវ គឺដើម្បីទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ខណៈកន្លងទៅតំបន់ឆ្នេរបានទាក់ទាញទេសចរផ្ទៃក្នុងយ៉ាងច្រើន។ លោកបានបន្ថែមថា កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជំរុញចលនាភ្ញៀវទេសចរតាមតំបន់ឆ្នេរជាមួយប្រទេសជិតខាង គឺវៀតណាម និងថៃ បន្ទាប់ពីប្រទេសទាំង ២ នេះបានសម្រេចបើកឱ្យមានការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរឡើងវិញ។
លោកលើកឡើងថា៖ «ក្នុងតំបន់ឆ្នេររបស់យើងក៏មានការអភិវឌ្ឍក្នុងក្របខ័ណ្ឌ Southern Corridor របៀងខាងត្បូងដែលជាប់ជាមួយវៀតណាម និងថៃ។ ប្រសិនបើការអភិវឌ្ឍខេត្តកំពត ខេត្តកែប ដំណើរការល្អនោះ កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាម បានច្រើន តាមរយៈការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែន តាមរយៈនាវាល្បឿនលឿនភ្ជាប់គោលដៅទេសចរណ៍ពីកោះត្រល់ (ហ្វូគុក) មកកំពង់ផែខេត្តកំពត និងកំពង់ផែក្នុងខេត្តកែប។ ទន្ទឹមនឹងនោះទេសចរមកពីប្រទេសថៃក៏អាចធ្វើដំណើរមកតាមភាគខាងត្បូងចូលមកតាមខេត្តកោះកុងបន្តមកខេត្តព្រះសីហនុ និងខេត្តផ្សេងទៀតតាមតំបន់ឆ្នេរ ក៏ដូចជាតំបន់អេកូ-ទេសចរណ៍ផងដែរ»។
លោក ថោង ខុន បានបន្ថែមថា ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ ១៩ នៅទូទាំងសកលលោក ព្រមទាំងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងវិបត្តិប្រេងឡើងថ្លៃផងនោះ ប្រទេសជាសមាជិកអាស៊ានមានតែខិតខំទាក់ទាញភ្ញៀវពីគ្នាទៅវិញទៅមកក្នុងតំបន់ ជាពិសេសទេសចរពីប្រទេសនៅជិតខាងទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដោយសារតែខេត្តកែបមិនមានព្រំដែនគោកជាមួយប្រទេសជិតខាង ដូចនេះមិនទាន់មានការបើកជាផ្លូវការ ឬចល័តភ្ញៀវទេសចរនៅឡើយទេ។
លោកបញ្ជាក់ថា៖ «តាមការណែនាំរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ដោយសារប្រទេសជិតខាងបានបើកឡើងវិញហើយ ដូចនេះយើងកំពុងសិក្សា និងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃអំពីកម្រិតនៃការរៀបចំច្រកព្រំដែនជាកម្រិតទ្វេភាគី តំបន់ ឬអន្តរជាតិ។ ដោយឡែក សម្រាប់ស្ថានភាពទេសចរណ៍ក្នុងខេត្តកែបបច្ចុប្បន្នគឺទទួលត្រឹមភ្ញៀវទេសចរក្នុងស្រុក និងមានភ្ញៀវអន្តរជាតិខ្លះដែរ»។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ថា នៅខេត្តកំពតមានច្រកអន្តរជាតិព្រែកចាក និងច្រកទ្វេភាគីទាន់ហន់ ដែលច្រកទាំង ២ កាលពីមិនទាន់មានកូវីដ-១៩ ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៨ ម៉ឺននាក់ក្នុង ១ ឆ្នាំ។
លោកប្រាប់ថា៖ «បច្ចុប្បន្នប្រទេសថៃបានបើកពេញលេញហើយ នៅតែវៀតណាមមិនបានបើកពេញលេញ។ ដូចនេះយើងរំពឹងថា នៅពេលប្រទេសទាំង ២ នេះបើកពេញលេញឡើងវិញដូចគ្នា លំហូរទេសចរមកតាមច្រកព្រំដែននឹងមានកំណើនឡើងវិញ»។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានឱ្យដឹងថា នៅមុនពេលមានវិបត្តិកូវីដ ១៩ ចំនួនភ្ញៀវទេសចរបរទេសដែលមកកម្សាន្តនៅកម្ពុជាតាមច្រករបៀង មានចន្លោះពី ១០-២៥ ភាគរយនៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុបប្រចាំឆ្នាំ។
លោកនិយាយថា៖ «ខ្ញុំជឿថា ចាប់ពីរដូវរំហើយទៅភ្ញៀវទេសចរនឹងមកកម្ពុជាច្រើនតាមច្រករបៀងកម្ពុជា-ថៃ និងច្រករបៀងជាមួយនឹងវៀតណាម។ បើប្រទេសឡាវបើកទៀត នឹងមានការចេញចូលកាន់តែច្រើនរវាងប្រទេសជិតខាងទាំង ៣ ដែលនឹងផ្តល់ផលប្រយោជន៍ទាំងសងខាង»។
បើតាមក្រសួងទេសចរណ៍ កម្ពុជា វៀតណាម និងថៃបានដាក់ចេញរួចហើយនូវកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ ឬហៅថា CVTEC (Cambodia Vietnam Thailand Economic Corridor) ក្នុងនោះក៏មានការជំរុញចលនាភ្ញៀវទេសចរពីគ្នាទៅវិញទៅមកផងដែរ ខណៈខេត្ត-ក្រុង ដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ CVTEC នេះ រួមមាន ខេត្តជលបុរី ខេត្តរ៉ាក់យ៉ង ខេត្តចន្ទបុរី ខេត្តត្រាត ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តគៀងយ៉ាង និងទីក្រុងកាន់ថឺរ ជាដើម៕ LA