ភ្នំពេញៈ ខណៈ​សកម្មភាព​សេដ្ឋកិច្ច​កាន់តែ​មាន​ភាព​ប្រសើរ​ចាប់តាំងពី​កម្ពុជា និង​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​បើក​ប្រទេស​ឡើងវិញ លំហូរ​វិនិយោគ​ពី​ក្នុងស្រុក និង​ក្រៅ​ស្រុក​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​បន្ត​អនុម័ត​ជា​បន្តបន្ទាប់​ដែល​នេះ​ឆ្លុះបញ្ចាំង​អំពី​ទំនុកចិត្ត​អ្នកវិនិយោគ​មកកាន់​ប្រទេស​កម្ពុជា​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ខែឧសភា​បាន​អនុម័ត​លើក​គម្រោង​វិនិយោគ​ក្នុង​វិស័យ​វាយនភណ្ឌ​ចំនួន ៤ ដែលមាន​ទឹកប្រាក់​សរុប ១៧,១​ លាន​ដុល្លារ​ និង​អាចបង្កើត​ការងារ​បាន​ជិត ៥ ០០០ ​កន្លែង ដែល​ធ្វើឱ្យ​ចំនួន​គម្រោង CDC អនុម័ត​ក្នុង​រយៈពេល ៥ ​ខែ​ដើម​ឆ្នាំនេះ កើន​ដល់ ៧២ ​គម្រោង និង​មាន​ទុនវិនិយោគ​សរុប ២ ៦៦២,៣៨ ​លាន​ដុល្លារ​។

បើតាម​ការគណនា​របស់​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​ផ្អែកលើ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅលើ​បណ្តាញ​សង្គម​របស់ CDC គម្រោង​ដែល​ត្រូវបាន​អនុម័ត​ក្នុង​រយៈពេល​ ៥ ​ខែ ដើមឆ្នាំ​ ២០២២ មាន​ចំនួន ៧២​ គម្រោង ដែលមាន​ទុនវិនិយោគ​សរុប ២ ៦៦២,៣៨​ លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៦០ ៩៤៩ ​កន្លែង ដោយ​គម្រោង​ភាគច្រើន​ស្ថិតក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ផលិតផល​ធ្វើ​ដំណើរ និង​ស្បែកជើង​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទោះបី​ការធ្វើ​ដំណើរ​ជា​អន្តរជាតិ​នៅ​មិនទាន់​បើកទូលាយ​ដូច​មុនពេល​មាន​វត្តមាន​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​ចំនួន​នៃ​គម្រោង​វិនិយោគ​ដែល​ស្នើសុំ​វិនិយោគ​នៅ​កម្ពុជា​បាន​កើនឡើង​ជាប្រចាំ​។ កំណើន​នៃ​ការបណ្តាក់ទុន​ថ្មីៗ​អាច​បណ្តាល​មកពី​កត្តា​រួមផ្សំ​មួយចំនួន​ដូចជា ច្បាប់​វិនិយោគ​ថ្មី​មាន​ភាព​អំណោយផល​, មាន​ទីតាំង​ភូមិសាស្ត្រ​ល្អ ជាពិសេស​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន និង​កូរ៉េ ព្រមទាំង​កិច្ចព្រមព្រៀង​តំបន់ RCEP ផងដែរ​។

លោក​បន្ថែមទៀតថា ក្រៅពី​ចំណុច​ខាងលើ​កម្ពុជា​ក៏​សម្បូរ​កម្លាំង​ពលកម្ម​ជំនាញ និង​មាន​តម្លៃ​សមរម្យ ដែល​អាច​ចូលរួម​ក្នុង​ចង្វាក់​ផលិតកម្ម និង​ចំនួន​ប្រជាជន​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ មាន​អត្រា​ខ្ពស់​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​កម្ពុជា​បាន​ក្លាយ​ជា​កន្លែង​ឆក់​ទាញ​វិនិយោគិន​ថ្មីៗ​ជាច្រើន ហើយ​គម្រោង​វិនិយោគ​នៅពេលនេះ​ក៏​មិនមែន​សុទ្ធតែ​ក្នុង​វិស័យ​ឧស្សាហកម្ម​ធុន​ស្រាល​ (​វាយនភណ្ឌ​) ​ទៀត​ទេ​គឺមាន​ស្ទើរ​គ្រប់​វិស័យ​ដែល​រួមមាន​ទាំង​រោងចក្រ​ដំឡើង​រថយន្ត​ផងដែរ​»​។

យោងតាម​លោក លឹម ហេង ក្រៅពី​ទទួលបាន​កំណើន​នៃ​ការវិនិយោគ​ថ្មីៗ នៅពេលនេះ​សភា​ពាណិជ្ជកម្ម​កម្ពុជា ក៏​ទើប​បើក​សាខា​តំណាង​របស់ខ្លួន​នៅក្នុង​ប្រទេស​កាណាដា ផងដែរ​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា ភាពជោគជ័យ​នៃ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ ​១៩ កំពុង​ធ្វើឱ្យ​កម្ពុជា​ទទួល​បាន​ទំនុកចិត្ត​ក្នុងការ​ចូលមក​បណ្តាក់​ទុន​កាន់តែច្រើន ហើយ​ការ​ចូលមក​បណ្តាក់ទុន​នៅពេលនេះ ក៏​ជា​ប្រភេទ​ឧស្សាហកម្ម​ធុន​មធ្យម​ផងដែរ​។ នៅពេល​មានការ​វិនិយោគ​បែបនេះ​កាន់តែច្រើន វា​នឹង​ធ្វើឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា​កាន់តែ​រឹងមាំ​។

លោក​បញ្ជាក់ថា​៖ «​ជាមួយ​នឹង​ស្ថិរភាព​នយោបាយ និង​ការទទួល​បាន​ទីផ្សារ​អន្តរជាតិ​កាន់តែច្រើន ខ្ញុំ​គិតថា​នឹងមាន​ក្រុមហ៊ុន​/​រោងចក្រ​លំដាប់​យក្ស​កាន់តែច្រើន​ចូលមក​វិនិយោគ​នៅ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ​»​។

លោក​បន្ថែមថា ការប្រកាស​បើក​ប្រទេស​ឡើងវិញ​មុនគេ​ក្នុង​តំបន់​កំពុង​បង្ហាញ​ទៅ​វិនិយោគិន​អន្តរជាតិ​ថា កម្ពុជា​គឺជា​ទីតាំង​បណ្តាក់ទុន​ដ៏ល្អ​បំផុត​នៅក្នុង​តំបន់​។

រយៈពេល ៤ ​ខែ​ឆ្នាំ​ ២០២២ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ទឹកប្រាក់​សរុប ៧ ៦០៦,២០ ​លាន​ដុល្លារ កើន ៣២,១ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ចំណែក​ការនាំ​ចូល​មាន​ទឹកប្រាក់ ១០ ០៤៣,៣០ ​លាន​ដុល្លារ កើនឡើង ៥,៥ ​ភាគរយ​។ នេះ​បើតាម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕ LA