ភ្នំពេញៈ ​«​វេទិកា​ធុរកិច្ច​បារាំង-​កម្ពុជា​» នឹងត្រូវ​រៀបចំ​ឡើងជា​លើកដំបូង​នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ ២ ​ថ្ងៃ នា​ខែមិថុនា​នេះ ដើម្បី​ជំរុញ​ការវិនិយោគ​, ការបង្កើន​កិច្ចសហប្រតិបត្តិការ​, និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ​២ ​ឱ្យបាន​កាន់តែ​ធំ​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា ​(CCIFC) និង​គណៈកម្មាធិការ​ទីប្រឹក្សា​ពាណិជ្ជកម្ម​បរទេស​នៃ​ប្រទេស​បារាំង​ប្រចាំ​កម្ពុជា (CCE) នឹង​រៀបចំ​កម្មវិធី «​វេទិកា​ធុរកិច្ច​បារាំង​-​កម្ពុជា​» ជា​លើកដំបូង​នៅ​ថ្ងៃទី ​៩-១០ ខែមិថុនា ឆ្នាំ​ ២០២២ នៅ​រាជធានី​ភ្នំពេញ​។ វេទិកា​នេះ​នឹងមាន​ក្រុមហ៊ុន​ជាង ២៥០ ​មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​បារាំង ចូលរួម​។ វេទិកា​នេះ ក៏​នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​លោក Francois Corbin តំណាង​ពិសេស​របស់​រដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្នែក​កិច្ចការ​អឺរ៉ុប និង​ការបរទេស សម្រាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​នឹង​បណ្តា​ប្រទេស​អាស៊ាន​ផងដែរ​។

ក្នុង​សន្និសីទ​សារព័ត៌មាន «​វេទិកា​ធុរកិច្ច​បារាំង​-​កម្ពុជា​»​ កាលពី​ថ្ងៃទី​ ១ ខែមិថុនា លោក Arnaud Darc ប្រធាន​ក្រុមប្រឹក្សាភិបាល​អភិវឌ្ឍន៍​ផ្នែក​ពាណិជ្ជកម្ម​បរទេស​នៃ​ប្រទេស​បារាំង​ប្រចាំ​កម្ពុជា CCE បាន​ថ្លែងថា នេះ​ជា​លើកដំបូង​ដែល CCIFC និង CCE សហការ​គ្នា​ ដើម្បី​ធានា​ភាពជោគជ័យ​នៃ​កិច្ចប្រជុំ​ដ៏ពិសេស​នេះ​ដែល​តំណាងឱ្យ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​។

លោក​បាន​បន្ថែមថា គោលបំណង​នៃ​វេទិកា​នេះ គឺ​ដើម្បី​បង្ហាញ​ពី​បរិបទ​អំណោយផល​របស់​កម្ពុជា​សម្រាប់​ធុរកិច្ច ហើយក៏​ដូចជា​បង្ហាញថា កម្ពុជា​ជា​ច្រក​ដែល​មាន​ភាពងាយស្រួល មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ និង​មាន​ប្រសិទ្ធភាព​សម្រាប់​ក្រុមហ៊ុន​ក្នុងការ​នាំ​ចេញទៅ​ទីផ្សារ​អាស៊ី និង​ពិភពលោក​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​វេទិកា​នេះ​នឹង​ពង្រឹង​បន្ថែមទៀត​លើ​ទំនាក់ទំនង​រវាង​ប្រទេស​បារាំង​-​កម្ពុជា និង​ជាការ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​បារាំង​ក្នុងការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​»​។

លោក Soreasmey Kebin ប្រធានសភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម បារាំង​ប្រចាំ​កម្ពុជា​បាន​ឱ្យដឹងថា ការរៀបចំ​វេទិកា​នេះ គឺ​ដោយសារ​កម្ពុជា​ជា​ប្រទេស​ដំបូង​គេ​នៅក្នុង​តំបន់​ដែល​បើក​សេដ្ឋកិច្ច​ខ្លួន​ឡើងវិញ​ បន្ទាប់ពី​ស្ថានភាព​កូវីដ​ ១៩ បាន​ធូរស្រាល​។

លោក​បន្ថែមថា​៖ «​វេទិកា​នេះ​បង្កើតឡើង​នៅក្នុង​គោលដៅ ២ គឺ​ទី​ ១ ដើម្បី​បង្ហាញ​ពី​សក្តានុពល​ទាក់ទាញ​របស់​កម្ពុជា​ទៅ​វិនិយោគិន​ពី​បារាំង ដោយ​ធ្វើយ៉ាងណា​ជំរុញ និង​លើក​ទឹកចិត្ត​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា និង​ទី​ ២ ដើម្បី​បង្ហាញ​ដល់​សាធារណជន​ឱ្យបាន​ដឹងថា ការធ្វើ​ធុរកិច្ច​របស់​បារាំង​នៅ​កម្ពុជា​នៅតែមាន​ភាពរឹងមាំ​»​។

លោក Philippe Baudry ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បានបង្ហាញ​ពី​ការរំពឹងទុក​ថា ក្រោយ​ការរៀបចំ​វេទិកា​ធុរកិច្ច​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​បារាំង​នឹង​កើនឡើង​ជា​បន្តបន្ទាប់​។

តាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​បារាំង​ក្នុង​រយៈពេល​ ៤​ ខែ ឆ្នាំ​ ២០២២ មាន​ចំនួន​ ១៧៦,៧២ ​លាន​ដុល្លារ កើន ៤២,២​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ​។ ក្នុងនោះ​ការនាំ​ចេញទៅ​បារាំង​មាន ១៣៣,៤៩២ ​លាន​ដុល្លារ កើន ៣៧,៤ ​ភាគរយ និង​កម្ពុជា​នាំចូល​ពី​បារាំង មាន ៤៣,២២៨​ លាន​ដុល្លារ កើន ៥៩,៣ ​ភាគរយ​៕ LA