ភ្នំពេញៈ កម្ពុជា​នឹង​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​បង្ហាញផ្លូវ​ «Cambodian Tourism Roadshow Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination» នៅ​ទីក្រុង​មេដាន ប្រទេស​ឥណ្ឌូនេស៊ី​ចាប់ពី​ថ្ងៃទី​ ២១ ដល់​ថ្ងៃទី​ ២៥ ខែមិថុនា ឆ្នាំ​ ២០២២ នឹង​បន្ត​រៀបចំ​ធ្វើ​នៅ​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​ ដើម្បី​តភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ផ្នែក​ឯកជន​ក្នុង​ការជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​នៅក្នុង​តំបន់ និង​កម្ពុជា​។

តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃទី​ ២៦ ខែឧសភា បាន​បញ្ជាក់ថា ការរៀបចំ​កម្មវិធី​នេះ​អនុវត្តតាម​អនុសាសន៍​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​ ២០២២ នៅ​ខេត្ត​ព្រះសីហនុ និង​ស្របតាម​ស្មារតី​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ដែល​បាន​ជំរុញ​ឱ្យ​រដ្ឋ​ជា​សមាជិក​ពិចារណា​ពី​ការបើក​វិស័យ​ទេសចរណ៍​ដោយ​ផ្តើម​ពី​ចលនា​ទេសចរ​ផ្ទៃក្នុង​អាស៊ាន​ (Intra-ASEAN Travelers) និង​ស្របតាម​ចក្ខុវិស័យ​នៃ​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​ដំណាក់កាល​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ដំណាក់កាល​ទី ​២ (Recovery) ​ឆ្នាំ​ ២០២២-២០២៣​។

ក្រសួង​ទេសចរណ៍​បញ្ជាក់​ថា កម្មវិធី​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​កម្ពុជា ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ផ្នែក​ឯកជន​នៅ​កម្ពុជា​-​ឥណ្ឌូនេស៊ី បង្កើន​ការលក់​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​កម្ពុជា​លើ​ទីផ្សារ​ឥណ្ឌូនេស៊ី រួម​ជាមួយ​នឹង​ការផ្សព្វផ្សាយ​អំពី​ការបើក​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ពិសេស​បង្កើន​ភាព​ទាក់ទាញ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ម៉ាយ ​(MICE) និង​ផ្សព្វផ្សាយ​ «​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​កីឡា​» តាមរយៈ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ (SEA Games 2023) ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

ក្រសួង​ទេសចរណ៍​ក៏បាន​អំពាវនាវ​ដល់​គ្រប់​សមាគម​ទេសចរណ៍ ប្រតិបត្តិករ​ទេសចរណ៍ និង​ផ្នែក​ឯកជន​ពាក់ព័ន្ធ​ចូលរួម​ឱ្យបាន​ច្រើន ដើម្បី​ចាប់យក​ឱកាស​ក្នុង​ការជំរុញ​ការ​ផ្សព្វ​-​ផ្សាយ និង​ការលក់​កញ្ចប់​ទស្សន​កិច្ច​ទេសចរណ៍​កម្ពុជា​នៅលើ​ទីផ្សារ​ឥណ្ឌូនេស៊ី ដែល​នៅក្នុង​ឱកាស​នោះ ក្រសួង​ទេសចរណ៍​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន ការរៀបចំ​ជំនួប​ពិភាក្សា​ការងារ​ផ្ទាល់ ​(Table Top Sales) រវាង​អ្នកលក់​ក្នុងស្រុក និង​អ្នកទិញ​ឥណ្ឌូនេស៊ី និង​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​ដល់​ប្រតិបត្តិករ​ទេសចរណ៍ និង​សមាគម​ទេសចរណ៍​ធំៗ​ប្រទេស​ឥណ្ឌូនេស៊ី​ប្រមាណ ២០០ ​នាក់​។

លោក ប្រាក់ វុទ្ធី ប្រធាន​នាយកដ្ឋាន​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ក្រៅប្រទេស​នៃ​ក្រសួង​ទេសចរណ៍​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១ ខែមិថុនាថា កម្មវិធី​ផ្សព្វផ្សាយ​បង្ហាញផ្លូវ «Cambodian Tourism Roadshow Visit Cambodia» ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ប្រទេស​ហ្វីលីពីន​ម្តង​រួចមកហើយ និង​ពេលនេះ​បន្ត​រៀបចំ​ធ្វើ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​បន្ថែមទៀត ហើយក៏​នឹង​បន្ត​រៀបចំ​ធ្វើ​បន្តបន្ទាប់​ទៀត​នៅក្នុង​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ាន​។

លោក​ពន្យល់ថា កម្មវិធី​ផ្សព្វផ្សាយ​បង្ហាញផ្លូវ «Cambodian Tourism Roadshow Visit Cambodia» ​នេះ គឺ​ក្នុង​គោលបំណង​ជំរុញ​ទេសចរណ៍​នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល​ឱ្យមក​លេង​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា និង​តំបន់​ទាំងមូល​ស្របតាម​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​ ២០២២ នៅ​ខេត្ត​ព្រះសីហនុ ខណៈ​ប្រទេស​ក្នុង​តំបន់​ទាំងមូល​ស្ទើរតែ​បើក​ប្រទេស​វិញ​អស់ហើយ​។

លោក​ថ្លែងថា​៖ «​យើង​ធ្វើ​កម្មវិធី​ផ្សព្វផ្សាយ​បង្ហាញផ្លូវ​ «Cambodian Tourism Roadshow Visit Cambodia» នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នេះ ដើម្បី​ទំនាក់ទំនង​ផ្នែក​ឯកជន​ស្របតាម​អនុសាសន៍​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ដែល​ជំរុញ​ឱ្យ​អាស៊ាន​បើក​ប្រទេស​ឡើងវិញ​ទាំងអស់​។ យើង​ចង់ឱ្យ​គាត់​រៀបចំ​ជា​កញ្ចប់​ទស្សនកិច្ច​មក​កាន់​កម្ពុជា​ ដើម្បី​បង្កើន​ភ្ញៀវ​ទេសចរ​នៅក្នុង​តំបន់​អាស៊ាន​។

បើតាម​លោក ប្រាក់ វុទ្ធី កាលពី​ការរៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​បង្ហាញផ្លូវ «Cambodian Tourism Roadshow Visit Cambodia»​នៅ​ប្រទេស​ហ្វីលីពីន គឺមាន​ការចាប់អារម្មណ៍ និង​ចូលរួម​ច្រើន ពិសេស​ក្រុមហ៊ុន​ប្រទេស​ជា​ម្ចាស់ផ្ទះ​មានការ​រីករាយ​ដែល​កម្ពុជា​បាន​ទៅ​ធ្វើ​មុនគេ​បង្អស់​ក្នុងចំណោម​ប្រទេស​ផ្សេងទៀត ខណៈ​ប្រទេស​នេះ​បាន​បើក​ប្រទេស​មុនគេ​ផងដែរ​។

លោក​បញ្ជាក់ថា ក្រោយ​បញ្ចប់​កម្មវិធី​ផ្សព្វផ្សាយ​បង្ហាញផ្លូវ «Cambodian Tourism Roadshow Visit Cambodia» ​ក្នុងប្រទេស​ហ្វីលីពីន ក្រុមហ៊ុន​ទេសចរណ៍​ជាច្រើន​នៅក្នុង​ប្រទេស​នេះ​បាន​សន្យា​រៀបចំ​កញ្ចប់​ទស្សនកិច្ច​មកកាន់​កម្ពុជា​។ ដោយឡែក កម្មវិធី​ផ្សព្វផ្សាយ​បង្ហាញផ្លូវ «Cambodian Tourism Roadshow Visit Cambodia» នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នេះ​ក៏​នឹងធ្វើ​ដូច​នៅ​ហ្វីលីពីន​ដែរ​។

ក្រសួង​ទេសចរណ៍​បាន​ទទួល​គោលការណ៍​ពី​រាជរដ្ឋាភិបាល​នឹង​បន្ត​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​បង្ហាញផ្លូវ «Cambodian Tourism Roadshow Visit Cambodia» នៅក្នុង​ប្រទេស​វៀតណាម ប្រទេស​សិង្ហបុរី និង​ប្រ​ទស​ផ្សេងទៀត​នៅក្នុង​តំបន់ ដើម្បី​តភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​ឯកជន ក្នុងន័យ​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ឱ្យមក​ដើរលេង​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា និង​តំបន់​ទាំងមូល ខណៈ​ប្រទេស​ស្ទើរតែ​ទាំងអស់​នៅក្នុង​តំបន់​អាស៊ាន​បាន​បើក​ប្រទេស​ឡើងវិញ ក្រោយពី​ស្ថានភាព​ជំងឺ​កូវីដ ​១៩ មាន​ភាព​ធូរស្រាល​ច្រើន​។

បើ​យោង​តាម​ក្រសួង​ទេសចរណ៍ កម្ពុជា​រំពឹង​នឹង​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៧ ​លាន​នាក់​ក្នុង​ឆ្នាំ​ ២០២៥ និង​ទេសចរ​ផ្ទៃក្នុង​ ១១ ​លាន​នាក់​នៅក្នុង​ឆ្នាំ​ ២០២៣​។​ សម្រាប់​ចក្ខុវិស័យ​ឆ្នាំ​ ២០២២ នេះ​កម្ពុជា​រំពឹង​នឹង​សម្រេច​ឱ្យបាន​ទេសចរ​អន្តរជាតិ​ពី ៨០ ​ម៉ឺន ១​ លាន​នាក់ និង​ទេសចរ​ផ្ទៃក្នុង ៨​ លាន​នាក់​៕ LA