
ទូកុងតឺន័រសម្រាប់ផ្ទុកទំនិញជាច្រើននៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ហេង ជីវ័ន
ភ្នំពេញៈ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅបរទេសទី ២ នឹងបើកនៅប្រទេសជប៉ុនក្នុងឆ្នាំ ២០២២ នេះ ដើម្បីជំរុញរំហូរវិនិយោគពីជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើន។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បន្ទាប់ពីបោះឆ្នោតជ្រើសរើសប្រធានការិយាល័យតំណាង និងបើកដំណើរការការិយាល័យនៅប្រទេសកាណាដារួចមក សភាពាណិជ្ជកម្មនឹងរៀបចំក្រុមការងារ ដើម្បីជ្រើសរើសប្រធាន និងបើកការិយាល័យ ១ ទៀតនៅប្រទេសជប៉ុន។
លោកបានបន្ថែមថា ការបើកការិយាល័យតំណាងនៅជប៉ុននេះ គឺជាការិយាល័យតំណាងទី ២ របស់សភាពាណិជ្ជកម្ម-កម្ពុជានៅក្រៅប្រទេស ដោយសារតែទីផ្សារជប៉ុនមានសក្តានុពលសម្រាប់កម្ពុជា ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំង ២ ក៏ល្អប្រសើរផងដែរ។
លោកអះអាងថា៖ «យើងនឹងពង្រីកការិយាល័យបន្ថែមទៀតនៅប្រទេសដែលមានទំនាក់ទំនងល្អជាមួយយើង ពិសេសប្រទេសមានសេដ្ឋកិច្ចរីកចម្រើនដូចជប៉ុន។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលមានហើយចំពោះការបង្កើតការិយាល័យនៅក្នុងតំបន់សេនដាយ ដែលជាតំបន់ឧស្សាហកម្មដ៏ធំរបស់ជប៉ុន ដោយបើកការិយាល័យនៅទីនោះ គឺដើម្បីទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជា»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់ថា ការបើកការិយាល័យតំណាងនៅបរទេសនេះ គឺជាការជំរុញសកម្មភាពវិនិយោគពីក្រៅប្រទេសក្នុងគោលដៅផ្សព្វផ្សាយពីបរិយាកាសធុរកិច្ចនៅកម្ពុជាដល់វិនិយោគិនបរទេស ទាំងកិច្ចការវិនិយោគ និងពាណិជ្ជកម្ម, ការពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មីៗថែមទៀតដល់ធុរជនឱ្យដឹងពីផលិតផលសក្តានុពលនៅកម្ពុជា ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជាទៅទីផ្សារបរទេស។
លោកបានបន្ថែមថា ការបើកការិយាល័យនៅជប៉ុននេះក៏ដូចជាការបើកការិយាល័យនៅប្រទេសកាណាដាដែរ ដោយធ្វើយ៉ាងណាឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់តាមរយៈការធ្វើពាណិជ្ជកម្ម និងការតាំងពិព័រណ៍ជាដើម។
លោកបញ្ជាក់ថា៖ «កន្លងទៅយើងបានបើកមជ្ឈមណ្ឌលពាណិជ្ជកម្មនៅចិនហើយ ដូចនេះបើកការិយាល័យនៅកាណាដា និងជប៉ុននេះក៏មានគោលដៅដូចនៅប្រទេសចិនដែរ។ យើងគ្រោងបើកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំនេះ ដោយយើងកំពុងរៀបចំពេលវេលាឱ្យត្រឹមត្រូវ ដើម្បីទៅសម្ពោធ»។
លោកបន្តថា នេះជាជំហានមួយដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយដល់ធុរជន និងវិនិយោគិន ហើយថែមទាំងសម្រួលដល់ជំហានបន្ទាប់ចំពោះការឈានទៅបើកការិយាល័យតំណាងនៅបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មផ្សេងទៀត។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ចាប់ពីខែមករា ដល់មេសា ឆ្នាំ ២០២២ នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនសម្រេចបានជាង ៦៣៥ លានដុល្លារ កើនឡើង ១១,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ ក្នុងនោះការនាំទៅជប៉ុនសម្រេចបានជាង ៣៨៩ លានដុល្លារ កើន ៧,៤ ភាគរយ ខណៈការនាំពីជប៉ុនមកវិញមានតម្លៃទឹកប្រាក់ជាង ២៤៦ លានដុល្លារ កើនឡើង ១៨,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១៕ LA