ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ចិន​បាន​កើនឡើង​ជាង ៣១ ​ភាគរយ​ក្នុង​រយៈពេល​ ៤​ ខែ​ដំបូង​ឆ្នាំនេះ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន ដែល​ឆ្លុះបញ្ចាំង​ពី​ការអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​បានចាប់ផ្តើម​ចូល​ជា​ធរមាន​តាំងពីដើម​ឆ្នាំនេះ​។

យោងតាម​របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ មាន​ចំនួន​ជិត​ ៤ ​ពាន់​លាន​ដុល្លារ​កើនឡើង​ប្រហែល ៣១ ភាគរយ​។ ក្នុង​នោះ​ការនាំចេញ​របស់​កម្ពុជា​មានតម្លៃ​ជិត​ ៤២៤ លាន​ដុល្លារ​ធ្លាក់ចុះ ០,១ ​ភាគរយ ខណៈ​ការ​នាំចូល​កើន​ជាង ៣៥ ​ភាគរយ​មានតម្លៃ​ជាង ៣,៥ ​ពាន់​លាន​ដុល្លារ​។ ចិន​ក្លាយជា​ទីផ្សារ​នាំចេញ​ឈានមុខ​គេ​ទី​ ៣ សម្រាប់​កម្ពុជា​។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ទទួល​ស្គាល់​ថា ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា និង​ចិន​ (CCFTA) ​នៅពេល​ថ្មីៗ​នេះ​កំពុង​ទទួល​ឥទ្ធិពល​វិជ្ជមាន​លើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ ២​។

លោក​ថ្លែងថា​៖ «​ទំនាក់ទំនង​ទ្វេភាគី ជាពិសេស​ទីផ្សារ​បើកចំហ​កាន់តែ​ធំ​របស់​ប្រទេស​ចិន តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​ការអនុគ្រោះ​ពាណិជ្ជកម្ម​ផ្សេងទៀត​ ដែល​យើង​ទទួលបាន​ពី​ប្រទេស​ចិន វា​កំពុង​ជំរុញ​ឱ្យមាន​ការបង្កើន​នូវ​ទំនាក់​ទំនង​ទ្វេភាគី​កាន់តែ​ទូលំទូលាយ​។ ជាមួយ​គ្នានេះ​វា​ក៏​ទាក់ទាញ​ការវិនិយោគ​កាន់តែ​ច្រើន​ពី​ប្រទេស​ផ្សេងៗ​ទៀត​ចូលមក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​នាំចេញ​ទៅ​ប្រទេស​ចិន​ផងដែរ​។ ការណ៍​នេះ​ជា​ចំណុច​ដ៏​សំខាន់ ជុំវិញ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ ២»​។

លោក​បន្ថែមថា​៖ «​លើសពីនេះ​ស្ថិតក្រោម​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ​ប្រទេស​ចិន​ក៏​ជា​ដៃគូ​ដ៏សំខាន់​មួយ​រួម​ជាមួយនឹង​ប្រទេស​កូរ៉េ និង​ជប៉ុន​ផងដែរ ដូច្នេះ​កម្ពុជា​មាន​ផលិតផល​អំណោយផល​ជាច្រើន​ដូចជា កសិកម្ម សម្លៀកបំពាក់ និង​គ្រឿងបន្លាស់​មួយចំនួន​ផ្សេងទៀត​សម្រាប់​នាំចេញ​ទៅ​ប្រទេស​ចិន​។ ទន្ទឹមនឹងនេះ​ប្រទេស​ចិន​ក៏​នាំ​ចេញមក​យើង​វិញ​នូវ​វត្ថុ​ធាតុដើម សម្ភារ​សំណង់ និង​ផលិតផល​អេឡិចត្រូនិក​ផ្សេងៗ​ដែល​មានន័យថា ធុរជន​របស់​ប្រទេស​ទាំង​ ២​ យល់ច្បាស់​ពី​តម្រូវការ និង​ទីផ្សារ​ដែល​ពួកគេ​អាច​បំពេញ​ឱ្យ​គ្នា​ទៅវិញ​ទៅមក​»​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ២ ខែមិថុនា​ថា យោងតាម​ក្រុមហ៊ុន Global Data បច្ចុប្បន្ន​ប្រទេស​ចិន​គឺជា​ទីផ្សារ​មាន​សក្តានុពល​ខ្លាំង​បំផុត​។ ចិន​នឹង​ក្លាយជា​ទីផ្សារ​សម្លៀកបំពាក់​ឈានមុខ​គេ​លើ​ពិភពលោក និង​លើស​អាមេរិក​ត្រឹម​ឆ្នាំ​ ២០២៣​។

លោក​បន្តថា ប្រទេស​ចិន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​គេ​របស់​អាស៊ាន​តាំងពី​ឆ្នាំ​ ២០២០​។ កាលពី​ឆ្នាំ​ ២០២១ ​ទំហំ​ពាណិជ្ជកម្ម​មាន​ចំនួន ៨៧៨ ​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ប្រទេស​កម្ពុជា​នៅ​ឆ្ងាយ​ពី​ការ​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​គេ​ក្នុង​វិស័យ​វាយនភណ្ឌ និង​កាត់ដេរ​។

លោក​ ម៉ូនីកា បន្ថែមថា​៖ «​នៅពេល​អនាគត​ដ៏ខ្លី​ខាងមុខ​នឹងមាន​លទ្ធភាព​ដ៏ធំ​សម្រាប់​ក្រុមហ៊ុន​ក្នុង​វិស័យ​ផលិតកម្ម​របស់​កម្ពុជា​នឹងធ្វើ​ការផ្គត់ផ្គង់​ដល់​យីហោ​របស់​ប្រទេស​លោកខាងលិច និង​ចិន​ដាក់លក់​នៅក្នុង​ប្រទេស​ចិន ខណៈ​ផលិតកម្ម​សម្លៀកបំពាក់​នៅ​ប្រទេស​ចិន​នឹង​ធ្លាក់ចុះ​ ដោយសារ​តែ​ការកើនឡើង​ថ្លៃ​ពលកម្ម និង​កង្វះ​ពលកម្ម​សម្រាប់​ឧស្សាហកម្ម​ដែលមាន​តម្លៃបន្ថែម​ទាប​»​។

ស្ថិតក្រោម​កិច្ចព្រមព្រៀង CCFTA ការនាំចេញ​ប្រហែល ៩៨ ​ភាគរយ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​គឺ​រួច​ពន្ធ ខណៈ​ប្រហែល ៩០ ​ភាគរយ​គឺ​រួច​ពន្ធ​នាំចូល​លើ​ការនាំចេញ​របស់​ចិន​មក​កម្ពុជា​។ នេះ​បើតាម​ក្រសួង​ពាណិជ្ជកម្ម​។ ចិន​គឺជា​ទីផ្សារ​នាំចេញ​ឈានមុខ​គេ​ទី ​៣ របស់​ប្រទេស​កម្ពុជា​ដែលមាន​ចំនួន ៨ ​ភាគរយ​នៅក្នុង​ចំណោម​ការនាំចេញ​សរុប​របស់​កម្ពុជា​កាល​ពី​ឆ្នាំ ២០២១៕ LA