ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ដូងប្រេងឆៅ​ទៅ​ក្រៅប្រទេស​ជាង ២ ​ម៉ឺន​តោន ​ក្នុង​រយៈពេល​ ៥ ​ខែ​ដើមឆ្នាំ​ ២០២២ នេះ ថយចុះ​ជាង​ ៦​ ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

ទិន្នន័យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឱ្យ​ដឹងថា ការនាំចេញ​ដូងប្រេង ចាប់ពី​ខែមករា​-​ឧសភា ឆ្នាំ​ ២០២១ មាន​ចំនួន ២០ ៤៩២​ តោន ថយចុះ ៦,០៧ ​ភាគរយ ដោយ​ក្នុងនោះ​ការនាំ​ចេញទៅ​ប្រទេស​ឥណ្ឌា​មាន​ចំនួន ១៧ ១០០ ​តោន​, ម៉ាឡេស៊ី ៣ ២០០​ តោន និង​ថៃ​ចំនួន ១៩២​ តោន​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្ពុជា​មិនមែន​ជា​កន្លែង​ដាំដូង​ប្រេង​ច្រើន​ទេ ដោយ​សព្វថ្ងៃ​មានតែ​ចម្ការ​ដូងប្រេង​របស់​លោក​ ម៉ុង ឫទ្ធី ប៉ុណ្ណោះ​។ ម្យ៉ាងទៀត​ដំណាំ​ដូងប្រេង​នេះ​កាន់តែ​មាន​អាយុ​ច្រើន​ដែល​ធ្វើឱ្យ​ទិន្នផល​ថមថយ​។ លោក​បន្តថា ចំពោះ​បញ្ហា​មួយទៀត​គឺ​ដោយសារ​បញ្ហា​ខ្សែចង្វាក់​ផលិតកម្ម​របស់​ពិភពលោក​ដែល​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន និង​តម្រូវការ​ទីផ្សារ​ជាដើម​មានការ​ធ្លាក់ចុះ​។

លោក​ថ្លែងថា​៖ «​វិបត្តិ​កូវីដ​ ១៩ បានធ្វើ​ប៉ះពាល់​ដល់​ការនាំចេញ​កសិផល​។ ក្នុងនោះ​ការនាំចេញ​ដូងប្រេង​ក៏​ដូចគ្នា​ដែរ ដោយសារ​តែ​តម្លៃ​ឥន្ធនៈ​ឡើងថ្លៃ នាំឱ្យ​ការដឹកជញ្ជូន​ឡើងថ្លៃ ទើប​ក្រុម​ឈ្មួញ​ងាក​មក​ជំរុញ​ការកែច្នៃ​សម្រាប់​ប្រើប្រាស់​នៅក្នុង​ស្រុក​វិញ​»​។

លោក ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការនាំចេញ​ដូងប្រេង​ពិតជា​មានការ​ថយចុះ ប៉ុន្តែ​ចំនួន​ផលិតកម្ម​មិន​ថយចុះ​ទេ ដោយសារ​លោក​បាន​បង្វែរ​យក​មក​ធ្វើជា​វត្ថុធាតុដើម​ផលិត​ចំណី​សត្វ និង​ផលិត​ជា​ផលិតផល​ផ្សេងៗ​ទៀត​ជាច្រើន​នៅក្នុង​ប្រទេស​។

លោក​បន្ថែមថា បច្ចុប្បន្ន​ដោយសារ​មានការ​កើនឡើង​នៃ​រោងចក្រ​ផលិត​ចំណី​សត្វ​ទើប​ជំរុញ​ឱ្យមាន​តម្រូវការ​ដូងប្រេង​ក្នុងស្រុក​កើនឡើង ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​បាន​ងាក​មកប្រើប្រាស់​ប្រេងដូង​ជំនួស​ប្រេងឆា​វិញ​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ ដោយសារ​ប្រេងឆា​មាន​កាឡូរី​ខ្ពស់​ពេក​។

លោក​បញ្ជាក់ថា​៖ «​ការប្រើ​ប្រេងដូង​ធ្វើជា​វត្ថុធាតុដើម​សម្រាប់​ផលិត​ចំណី​សត្វ និង​ផលិត​ជា​ផលិតផល​ផ្សេងៗ​មាន​ជាយូរ​មកហើយ គ្រាន់តែ​តម្រូវការ​ពេលនេះ​កើន​ឡើងជា​បន្តបន្ទាប់ ជាពិសេស​ក្នុង​ឆ្នាំ​ ២០២២ មាន​តម្រូវការ​ច្រើន​។ យើង​ចង់​បង្កើត​រោងចក្រ​កែច្នៃ​ប្រេងដូង​នេះដែរ ដោយ​ការចំណាយ​ខ្ទង់ ២៥ ​លាន​ដុល្លារ​។ ម្យ៉ាងវិញទៀត​ប្រេងដូង​ឆៅ​របស់​យើង ក៏​មិនមាន​គ្រប់គ្រាន់​សម្រាប់​កែច្នៃ​នោះទេ​»​។

លោក​បាន​បន្តថា ក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប មាន​ទិសដៅ​ពង្រីក​ការដាំដុះ​ឱ្យ​កើន​ដល់ ៣០ ០០០ ​ហិកតា ខណៈ​បច្ចុប្បន្ន​មាន​ត្រឹមតែ​ប្រមាណ ២០ ០០០ ​ហិកតា​ប៉ុណ្ណោះ​។

តាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម កាលពី​ឆ្នាំ​ ២០២១ កម្ពុជា​នាំចេញ​ដូងប្រេង​ឆៅ​ទៅ​ក្រៅប្រទេស​ក្នុងតម្លៃ​ជាង ៦៦ ​លាន​ដុល្លារ ដែលមាន​បរិមាណ​ជិត ៣៦ ​ម៉ឺន​តោន​កើន​ ១៧៦ ​ភាគរយ បើ​ធៀប​ឆ្នាំ​ ២០២០៕ LA