ភ្នំពេញៈ កម្ពុជា​-​រដ្ឋាភិបាល​សាធារណរដ្ឋ​អាល្លឺម៉ង់​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ចំនួន ៣០ ​លាន​អឺរ៉ូ សម្រាប់​គម្រោង​ប្រសិទ្ធភាព​ថាមពល​សម្រាប់​ការផ្គត់ផ្គង់​អគ្គិសនី​ជនបទ II (Energy Efficienty in Rural Power Supply II Project)​។

កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាមួយ​លោក Christian Berger ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី ​៣១ ខែឧសភា ឆ្នាំ​ ២០២២​។

តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ក្នុង​ថ្ងៃទី​ ២ ខែឧសភា​បញ្ជាក់ថា កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ចំនួន ៣០ ​លាន​អឺរ៉ូ​នេះ គឺជា​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ដែល​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​សន្យា​ផ្តល់​ឥណទាន​សម្បទាន​ថ្មី​ទៀត​ដល់​កម្ពុជា​។

ក្រសួង​សេដ្ឋកិច្ច​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​ (K- fW) នៅពេល​ក្រោយ​ទៀត​ បន្ទាប់ពី​ការសិក្សា​លម្អិត​ត្រូវបាន​ធ្វើ​រួចរាល់​។

បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ការបន្ត​គាំទ្រ​ផ្តល់​ឥណទាន​សម្បទាន​បន្ថែម​សម្រាប់​គម្រោង​ប្រសិទ្ធភាព​ថាមពល​សម្រាប់​ការផ្គត់ផ្គង់​អគ្គិសនី​ជនបទ II នេះ​ជា​ការ​បំពេញ​បន្ថែម​ទៅដល់​កិច្ចខិតខំ​ប្រឹងប្រែង និង​ការផ្តល់​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបង្កើន និង​គាំទ្រ​ឱ្យបាន​ទូលំទូលាយ​នូវ​ប្រសិទ្ធភាព​ថាមពល និង​ការ​ផ្គត់ផ្គង់​ថាមពល​នៅតាម​ទីជនបទ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឱ្យដឹងថា ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិការ រដ្ឋាភិបាល​សហព័ន្ធ​អាល្លឺម៉ង់​បាន​បើក​ច្រក​ប្រភព​ហិរញ្ញប្បទាន​ថ្មី​សម្រាប់​កម្ពុជា គឺជា​ការផ្តល់​ឥណទាន​សម្បទាន តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​ (KfW)​។

លោក​បន្តថា ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​ (KfW) លើក​ទី​ ១ កម្ពុជា​ទទួលបាន​នៅ​ឆ្នាំ​ ២០១៩ ចំនួន ៣០ លាន​អឺរ៉ូ សម្រាប់​គាំទ្រ​ការអនុវត្ត​គម្រោង​ប្រសិទ្ធភាព​ថាមពល​សម្រាប់​ការផ្គត់ផ្គង់​អគ្គិសនី​ជនបទ និង​បន្ទាប់មក​នៅ​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ៣០ លាន​អឺរ៉ូ​ដូចគ្នា​សម្រាប់​ហិរញ្ញប្បទាន​ដល់​កម្មវិធី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​សម្រាប់​កម្ពុជា​។

លោក Christian Berger ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា បាន​ឱ្យដឹងថា ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ចំនួន ៣០ ​លាន​អឺរ៉ូ​សម្រាប់​គម្រោង​ប្រសិទ្ធភាព​ថាមពល​សម្រាប់​ការផ្គត់ផ្គង់​អគ្គិសនី​ជនបទ II គឺជា​ការវិនិយោគ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​សាងសង់ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិក្ខារ​ដែល​នឹង​បង្កើន​លទ្ធភាព​ទទួល​បាន​អគ្គិសនី​ជនបទ​ក្នុង​ខេត្តសៀមរាប​។

បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​ប្រមាណ ៣០ ​ឆ្នាំនេះ​ប្រទេស​អាល្លឺម៉ង់ គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏សំខាន់​ដែល​បាន​សន្យា​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ច្រើនជាងគេ​ដល់​កម្ពុជា​បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ដទៃទៀត​។

គិត​ចាប់ពី​ឆ្នាំ​ ១៩៩២ ដល់​ដំណាច់​ឆ្នាំ​ ២០២១ រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​បាន​ផ្ដល់​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ដល់​កម្ពុជា​ប្រមាណ ៧២០ ​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ឥណទាន​សម្បទាន ៧០​ លាន​ដុល្លារ និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៦៥០ ​លាន​ដុល្លារ​៕ LA