ភ្នំពេញៈ ម្រេច​ចំនួន ៥ ៥៥៨,៥៨​ តោន ត្រូវបាន​កម្ពុជា​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៥ ខែ​ឆ្នាំ ​២០២២ ធ្លាក់ចុះ​ជាង ២៥,៥ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១​។ នេះ​បើ​យោងតាម​ទិន្នន័យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​យោងតាម​ក្រសួងកសិកម្ម​ទិន្នផល​ម្រេច​ដែល​នាំចេញ​នោះ​រួមមាន ទៅ​ប្រទេស​វៀតណាម ចំនួន ៥ ១៣១,៥១​តោន​, ប្រទេស​អាល្លឺម៉ង់ ៣៥៥,៧៨​តោន​, កោះ​តៃវ៉ាន់ ២១​តោន​, ម៉ាឡេស៊ី ១៣,៦៤​តោន​, ប្រទេស​បារាំង ១០,៥១​តោន​, ប៊ែ​ល​ហ្ស៊ិ​ក ៨,៨០​តោន សាធារណរដ្ឋ​ឆេ​ក ៧,៨៨​តោន​, ជប៉ុន ២,៤៧​តោន​, ស៊ុយ​អ៊ែត ២,៣៦​តោន​, កាណាដា ១,២៨​តោន​, អាមេរិក ០,៩២​តោន​, ឥណ្ឌា ០,៩២​តោន​, ចក្រភព​អង់គ្លេស ០,៩០​តោន​, កា​ហ្សា​ក់​ស្ថាន ០,២៩​តោន​, កូរ៉េ ០,២២​តោន និង​ប្រទេស​អូស្ត្រាលី ចំនួន ០,១០​តោន​។​

​ក្រសួងកសិកម្ម បានឱ្យដឹងថា ការធ្លាក់ចុះ​បរិមាណ​នាំចេញ​ម្រេច​នៅពេលនេះ​អាច​បណ្តាលមកពី​មានការ​រឹតបន្តឹង និង​ការត្រួតពិនិត្យ​ទំនិញ​យ៉ាង​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ឆ្លង​កូ​វីដ​១៩ ពិសេស​ប្រទេសជិតខាង​។

​ប្រធាន​សមាគម​ម្រេច​កំពត លោក ងួន ឡាយ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការប្រមូល​ផល​ម្រេច​កំពុង​សម្រុក​ធ្វើ ខណៈ​តម្លៃ​ឈ្មួញ​ប្រមូល​ទិញ គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន​ដែរ​។

​លោក​បញ្ជាក់ថា​៖ «​តម្លៃ និង​ទិន្នផល​ម្រេច​ឆ្នាំនេះ ប្រហាក់ប្រហែល​នឹង​ឆ្នាំ ២០២១ ដែរ ដោយសារតែ​មិនសូវ​រង​ផលប៉ះពាល់​ពី​អាកាសធាតុ​»​។​

​លោក​បន្ថែមថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ប្រមាណ ៨ ក្នុងចំណោម​ក្រុមហ៊ុន​ជាង ៣០ ដែល​បាន​ចុះ​កុងត្រា​ជាមួយ​ដៃគូ ដើម្បី​នាំចេញ​ទៅ​ក្រៅប្រទេស​៕​