ភ្នំពេញៈ លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​(PATA) បាន​ឱ្យដឹងថា ការរុះរើ​ភាគហ៊ុនិក​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Angkor Air នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​នេះ​អាច​ដើរតួនាទី​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​មួយ​ក្នុងការ​ពង្រីក​ជើង​ហោះហើរ​ទៅកាន់​ទីផ្សារ​ថ្មីៗ និង​ធំៗ​នៅ​ជុំវិញ​ពិភពលោក​។

ការលើកឡើង​របស់​លោក ស៊ីណាន ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម Vietnam Airlines បាន​ប្រកាស​ពី​ការលក់​ភាគហ៊ុន​របស់​ក្រុមហ៊ុន Vietnam Airlines ចំនួន ៣៥ ​ភាគរយ​ទៅឱ្យ​ក្រុមហ៊ុន​ដ៏ធំ​របស់​ប្រទេស​ចិន​។

លោក ស៊ីណាន បាន​ថ្លែងថា កន្លងមក Cambodia Angkor Air មិនទាន់​បាន​ដំណើរការ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ឡើយ ដោយសារតែ​ក្រុមហ៊ុន​នេះ​មិន​បានធ្វើ​ការតភ្ជាប់​ទៅកាន់​ទិសដៅ​នានា​ឡើយ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិន​ខ្វល់​ថា តើ​ភាគហ៊ុនិក​ណា​ទិញ​នោះទេ សំខាន់​បើសិន​គាត់​តាំង​ចិត្តជា​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​គាត់​ត្រូវបំពេញ​កាតព្វកិច្ច​ក្នុងការ​ភ្ជាប់​ទៅកាន់​ទីផ្សារ​ធំៗ និង​ថ្មី​ដើម្បី​បើកមុខ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​ក្នុង​ការតភ្ជាប់​តាម​ក្រោយ​»​។

បើ​យោងតាម​លោក តឹករ៉េត សំរេច ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Cambodia Angkor Air ដែល​បាន​ប្រាប់​សារព័ត៌មាន Fresh News កាលពី​ថ្ងៃទី​ ៣ ខែ​មិថុនា បាន​ឱ្យដឹងថា ក្រុមហ៊ុន Vietnam Airlines បាន​ចរចា​លក់​ភាគហ៊ុន​របស់ខ្លួន​តាំងពី​មុនពេល​មាន​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ មក​ម្ល៉េះ ប៉ុន្តែ​ដោយសារតែ​វិបត្តិ​កូវីដ​ ១៩ ការលក់​ត្រូវបាន​អូសបន្លាយ​ពេល​រហូត​ដល់ពេល​ថ្មីៗ​នេះ​។ ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​ទាក់ទង​លោក តឹករ៉េត សំរេច ដើម្បី​សុំ​ព័ត៌មាន​បន្ថែម​បានឡើយ​។

លោក​ថ្លែងថា ការលក់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ឱ្យ​ក្រុមហ៊ុន​ចិន​នឹង​ជួយ​ឱ្យ​អាជីវកម្ម​របស់ Cambodia Angkor Air កាន់តែ​មាន​ភាពរឹងមាំ និង​រស់រវើក ព្រោះ​ក្រុមហ៊ុន​ដែល​ទិញ​ភាគហ៊ុន​ពី​ក្រុមហ៊ុន​វៀតណាម​នេះ គឺជា​ក្រុមហ៊ុន​រដ្ឋ​របស់​ចិន​ដ៏ធំ​ទី​ ៣ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍ ហើយ​ក្រុមហ៊ុន​នេះ​ក៏មាន​ជំនាញ​ខាង​អាកាសចរណ៍​ស៊ីវិល​ផងដែរ​។

លោក​និយាយ​ថា​៖ «​ការចូល​មក​របស់​ក្រុមហ៊ុន​ចិន​នេះ​នឹង​ជួយ​ដល់​ប្រតិបត្តិការ​អាជីវកម្ម​របស់ Cambodia Angkor Air ជាពិសេស​ត្រៀម​ទទួល​ភ្ញៀវចិន​ក្នុងពេល​ដែល​ពួកគេ​បញ្ចប់​វិធាន​រឹតត្បិត​កូវីដ​ ១៩ និង​បើកទូលាយ​ឱ្យមាន​ការធ្វើ​ដំណើរ​ចេញចូល​ដូច​មុន​ឡើងវិញ​»​។

បើ​យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម VN Express ក្រុមហ៊ុន Vietnam Airlines បាន​លក់​ភាគហ៊ុន​របស់ខ្លួន​ចំនួន ៣៥ ​ភាគរយ​នៅក្នុង​ក្រុមហ៊ុន Cambodia Angkor Air ក្នុងតម្លៃ​ ៣៥ ​លាន​ដុល្លារ កាលពី​ថ្ងៃទី​ ៣១ ខែ ឧសភា ឆ្នាំ​ ២០២២ ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​នេះ​នៅសល់​ភាគហ៊ុន ១៤ ​ភាគរយ​ប៉ុណ្ណោះ​។

បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Angkor Air មាន​ម្ចាស់​ភាគហ៊ុន​ចំនួន​ ៣ គឺ​កម្ពុជា​ ៥១​ ភាគរយ​, ក្រុមហ៊ុន​ចិន ៣៥ ​ភាគរយ និង​ក្រុមហ៊ុន​វៀតណាម ១៤ ​ភាគរយ​។

បើតាម​លោក តឹករ៉េត សំរេច បច្ចុប្បន្ន​ប្រតិបត្តិការ​ហោះហើរ​របស់ Cambodia Angkor Air ត្រូវ​បាន​ធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ​សម្រាប់​ទិសដៅ​ក្នុងស្រុក និង​ពី​ភ្នំពេញ​-​ហូជីមិញ ចំនួន​ ១ ​ជើង​ក្នុង ១​ សប្តាហ៍ ហើយ​ក៏មាន​ទិសដៅ​ទៅកាន់​ប្រទេស​ចិន​ផងដែរ​។

ទិន្នន័យ​ផ្លូវការ​របស់​ក្រសួង​ទេសចរណ៍​ឱ្យដឹងថា ចាប់ពី​ខែ​មករា ដល់​ខែមេសា ឆ្នាំ​ ២០២២ ភ្ញៀវ​បរទេស​ដែល​បាន​មកដល់​កម្ពុជា​តាម​អាកាសយានដ្ឋាន​-​អន្តរជាតិ​ទាំង​ ៣ មាន​ចំនួន​សរុប ១៣១ ៨៦៤ ​នាក់ កើនឡើង ​២៤៣,៩ ​ភាគរយ ពី​ចំនួន ៣៨ ៣៤៦ ​នាក់ នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១៕ LA