ភ្នំពេញៈ កម្ពុជា និង​អេមីរ៉ាតអារ៉ាប់រួម បាន​ចាប់ផ្តើម​ពិភាក្សាគ្នា​ពី​លទ្ធភាព​នៃ​ការបង្កើត​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ [Comprehensive Economic Partnership Agreement (CEPA)] និង​ការបង្កើន​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី ព្រមទាំង​កំណត់​យន្តការ​អាទិភាព​នានា ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរ​។

ជំនួប​នេះ​បានធ្វើ​ឡើង​រវាង​លោក រដ្ឋ សារ៉ាវុធ អគ្គនាយក​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​លោក Kayaan K. Unwalla ទីប្រឹក្សា​អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម តាម​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី ​៣ ខែមិថុនា ឆ្នាំ​ ២០២២​។

ជំនួប​នេះ​ធ្វើឡើង​ស្របតាម​ស្មារតី​នៃ​ជំនួប​ទ្វេភាគី​រវាង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោក Thani Bin Ahmed Al Zeyoudi អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ​ (​អេមីរ៉ាតអារ៉ាប់រួម​) ដែល​បានធ្វើ​កាលពី​ថ្ងៃទី​ ២៤ ខែមករា ឆ្នាំ​ ២០២២ ក្នុងឱកាស​ចូលរួម​ទិវា​ជាតិ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក នៅ​ទីក្រុង​ឌូបៃ​។

ជា​កិច្ច​ចាប់ផ្តើម លោក រដ្ឋ សារ៉ាវុធ បាន​សម្តែង​ការស្វាគមន៍ និង​អបអរសាទរ​ដល់​រដ្ឋាភិបាល​អេមីរ៉ាត​អារ៉ាប់រួម ចំពោះ​ជោគជ័យ​នៃ​ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​ទីក្រុង​ឌូបៃ នាពេល​កន្លងមក​។

បន្ថែម​លើ​នេះ​លោក​ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម ដែល​បាន​គាំទ្រ​លើ​គំនិត​ផ្តួចផ្តើម​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​វិនិយោគ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​តាមរយៈ​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង និង​បាន​ស្នើ​ក្រុមការងារ​អេមីរ៉ាត​អារ៉ាប់រួម រៀបចំ​សេចក្តី​ព្រាង​លក្ខន្តិកៈ​យោង (Terms of Reference) ក៏ដូចជា​រួមគ្នា​សិក្សា​ស្រាវជ្រាវ​ពី​ភាព​ដែល​អាច​ធ្វើបាន (Feasibility study)​។

ជា​កិច្ច​ឆ្លើយតប លោក Kayaan បានបង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង CEPA ជាមួយ​កម្ពុជា ព្រមទាំង​បាន​លើកឡើង​ពី​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​នីតិវិធី និង​សក្តានុពល​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ដែល​អាច​កើតមាន​។

លោក​លើកឡើង​ទៀតថា កិច្ចព្រមព្រៀង CEPA មាន​វិសាលភាព​គ្របដណ្តប់​វិស័យ​អាទិភាព​ជា​សារវន្ត​ដូចជា ពាណិជ្ជកម្ម​ទំនិញ សេវាកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច មីក្រូ​សហគ្រាស សហគ្រាស​ធុន​-​តូច និង​មធ្យម និង​ពាណិជ្ជកម្ម​ឌីជីថល​។

គិត​មកដល់​ពេលនេះ ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​បាន​បង្កើត CEPA ចំនួន​ ២ រួចមកហើយ​រួមមាន​ជាមួយ​ប្រទេស​អ៊ីស្រាអែល និង​ឥណ្ឌា ហើយ​ត្រៀម​បង្កើត​បន្ថែម​ជាមួយ​ឥណ្ឌូនេស៊ី និង​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​។

ជា​កិច្ចបញ្ចប់​ភាគី​ទាំង​ ២ ​បាន​ឯកភាព​គ្នា​នឹង​ពិនិត្យ​លទ្ធភាព​ស្វែងយល់​បន្ថែម​អំពី​នីតិវិធី និង​លក្ខន្តិកៈ​នានា ព្រមទាំង​សិក្សា​ស្រាវជ្រាវ​លម្អិត​ពី​អត្ថប្រយោជន៍​ការបង្កើត CEPA នៅវេលា​សមស្រប​ខាងមុខ​។

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​អេមីរ៉ាតអារ៉ាប់រួម ឆ្នាំ​ ២០២១ មានតម្លៃ​ប្រមាណ ១៥០​ លាន​ដុល្លារ​កើនឡើង​ពី ១០០​ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២០​។ ទីផ្សារ​ទំនិញ​ភាគច្រើន រួមមាន ផលិតផល​វាយនភណ្ឌ ផលិតផល​ធ្វើដំណើរ កង់ ប្រេង ចំណី​សត្វ ជី រ៉ែ ថ្នាំជក់ និង​ផលិតផល​ធ្វើ​ពី​សេរ៉ាមិក​។ នេះ​បើតាម​ក្រសួង​ពាណិជ្ជកម្ម​៕ LA