ភ្នំពេញៈ បន្លែ​ចម្រុះ​ជិត​ ៤០​ តោន​ត្រូវបាន​នាំ​ចេញពី​កម្ពុជា​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ ៥ ​ខែ​ដើមឆ្នាំ​ ២០២២ នេះ​កើនឡើង ៩,២២​ ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ទិន្នន័យ​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​ ២០២២ ការនាំចេញ​បន្លែ​ចម្រុះ​សម្រេច​បាន​ប្រមាណ​ ៣៩,៨២ ​តោន ដោយ​បន្លែ​ទាំងនោះ​ត្រូវបាន​នាំ​ចេញទៅ​ប្រទេស​បារាំង ៣៩,៧៨ ​តោន និង​ប្រទេស​នូវែលសេឡង់ ០,០៤ ​តោន​។

អនុប្រធាន​សមាគម​សុវត្ថិភាព​បន្លែ ត្រី សាច់ លោក សុខ យ៉ន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ​៥ ខែមិថុនា​ថា ទោះបី​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ចុងក្រោយនេះ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​កសិកម្ម​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ​ជា​បន្តបន្ទាប់​ ដើម្បី​លើកកម្ពស់ និង​ជំរុញ​ការផលិត​បន្លែ​ក្នុងស្រុក​ឱ្យបាន​ច្រើន ក៏​បរិមាណ​ទិន្នផល​ហាក់​មិន​កើនឡើង​ខ្ពស់​ដូច​ការចង់​បានឡើយ​។ លោក​បន្តទៀតថា កំណើន​នៃ​ការដាំដុះ​បន្លែ​ធម្មជាតិ​សម្រាប់​នាំចេញ​អាចមាន​ខ្លះ ប៉ុន្តែ​សម្រាប់​បន្លែ​ធម្មតា គឺ​មិនមាន​អ្វី​កើនឡើង​គួរឱ្យ​កត់សម្គាល់​ទេ ខណៈ​ការនាំចូល​ពី​ប្រទេស​ជិតខាង​នៅតែមាន​ជាប្រចាំ​ទាំង​បន្លែ ត្រី សាច់​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​កំណើន​នាំចេញ​ខាងលើ​យើង​ពិតជា​រីករាយ ប៉ុន្តែ​ទន្ទឹមនឹងនេះ ការ​នាំចូល​បន្លែ​ពី​ប្រទេស​ជិតខាង​ក៏មាន​ច្រើន​ដែរ​»​។

បើតាម​លោក សុខ យ៉ន វិស័យ​កសិកម្ម​កម្ពុជា​នៅ​មិនទាន់​រីកចម្រើន​ទៅមុខ​លឿន ដោយសារ​កត្តា​មួយចំនួន​ដូចជា កង្វះ​រោងចក្រ​ផលិត​ជី​កសិកម្ម​ក្នុងស្រុក មិនមាន​កន្លែង​ស្តុក​ទុក​ត្រឹមត្រូវ មិនមាន​បច្ចេកទេស​ដាំដុះ​មិនមាន​ទីផ្សារ និង​មានការ​លួច​នាំចូល​ខុសច្បាប់​ជាច្រើន​។

លោក​បញ្ជាក់ថា​៖ «​ដើម្បីឱ្យ​វិស័យ​កសិកម្ម​កម្ពុជា​អាច​វិវត្ត​ទៅមុខ​រហ័ស គឺ​ត្រូវ​ការឱ្យ​អាជ្ញាធរ​ជួយ​បន្ថែមទៀត​ទៅលើ​បច្ចេកទេស​ដាំ​ដុះ ពូជ ប្រព័ន្ធ​ស្រោចស្រព ការ​បន្ទាប​ថ្លៃដើម​ផលិត​ (​ជី​កសិកម្ម​) និង​ការជួយ​ផ្តល់​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផងដែរ​»​។

លោក​បន្ថែមថា ការដាំដុះ​បន្លែ​ដែលមាន​គុណភាព​ស្តង់ដា និង​មាន​ភូតគាម​អនាម័យ ក៏​ជា​រឿង​សំខាន់​ដែល​ប្រជាកសិករ​ត្រូវ​គិតគូរ​ផងដែរ​។

លោក ចាន់ ពេជ្រ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Signature of Asia ដែលជា​ក្រុមហ៊ុន​នាំចេញ​អង្ករ និង​បន្លែ​បាន​ប្រាប់ថា បើទោះបី​កម្ពុជា​ប្រកាស​បើក​ប្រទេស​ឡើងវិញ​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ក៏ដោយ ប៉ុន្តែ​ក្រុមហ៊ុន​របស់​លោក​នៅ​មិនទាន់​ចាប់ផ្តើម​នាំចេញ​បន្លែ​ឡើងវិញ​នោះទេ​។

លោក​ថ្លែងថា​៖ «​តាំងពី​ផ្ទុះ​ជំងឺ​កូវីដ-១៩ ក្រុមហ៊ុន​បាន​ឈប់​នាំចេញ​បន្លែ​ដោយសារ​កង្វះ​ជើងយន្តហោះ ហើយ​បើទោះជា​យើង​ចាប់ផ្តើម​បើក​ប្រទេស​ឡើងវិញ ក៏ត្រូវ​ចំណាយពេល​ដឹកជញ្ជូន​បន្លែ​យូរ​ដែរ អ៊ីចឹង​វា​ធ្វើឱ្យ​បន្លែ​ខូច​។ យើង​មិនទាន់​ចាប់ផ្តើម​ទំនាក់ទំនង​​ជាមួយ​ភ្ញៀវ​ឡើងវិញ​ក្នុង​ការរៀបចំ​​នាំចេញ​នៅឡើយ​ទេ​»​។

ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​បន្លែ​សុវត្ថិភាព​គំរូ និង​ការបង្កើត​ភាពជា​ដៃគូ​ ដើម្បី​ជំរុញ​ខ្សែចង្វាក់​បន្លែ​សុវត្ថិភាព​តាម​ស្តង់ដា​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា (CamGAP) នៅ​ខេត្ត​កណ្តាល​កាលពី​ចុងឆ្នាំ ​២០២១ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន បាន​និយាយថា សកម្មភាព​ការដាំដុះ ប្រមូលផល និង​ការនាំចេញ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​កំពុង​កើនឡើង ជាពិសេស​ចាប់តាំងពី​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩​។ លោក​បាន​បន្តថា ក្រសួង​ក៏បាន​ដាក់ចេញ​គោលនយោបាយ​ជាច្រើន ដើម្បី​គាំទ្រ និង​ជំរុញ​បរិមាណ​ផលិត និង​គុណភាព​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុក និង​ឈានទៅ​ការនាំចេញ​។

ក្នុង​ឆ្នាំ​ ២០២១ ​កម្ពុជា​បាន​នាំចេញ​កសិផល​ទៅ​ក្រៅ​ប្រទេស​ជិត ៨ លាន​តោន កើនឡើង ៦៣ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ និង​ទទួលបាន​ចំណូល​ជិត ៥ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​៕ LA