ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃទី​ ៣១​ ឧសភា ឆ្នាំ​ ២០២២ មាន​សហគ្រាស​ធុន​តូច និង​មធ្យម ​(SMEs) ចំនួន ១ ៨៣៤ បាន​ទទួល​ឥណទាន​ពី​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ជំហាន​ទី​ ២ (SCFS II) ជាមួយនឹង​ទំហំ​ឥណទាន​ចំនួន ២២១ ​លាន​ដុល្លារ ស្មើនឹង ៩២ ​ភាគរយ​នៃ​គម្រោង​ថវិកា​សរុប ២៤០​ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ធនាគារសហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (SME Bank)​។

SME Bank បញ្ជាក់​ថា ក្នុងនោះ​ឥណទាន​សម្រាប់​វិស័យ​អាទិភាព​មាន ៤៣ ​ភាគរយ ខណៈ​វិស័យ​ទូទៅ​មាន ៥៧​ ភាគរយ និង​សហគ្រិន​ជា​ស្ត្រី ៣០ ​ភាគរយ​។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក តែ តាំងប៉ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ថា ធនាគារ SME Bank បាន​សហការ​ជាមួយ​នឹង​វិស័យ​ឯកជន​ជាង ៣០ ​ធនាគារ ដោយបាន​ដាក់ទុន​ប្រមាណ ៥០ ​ភាគរយ​រៀងខ្លួន​សម្រាប់​ផ្តល់​កម្ចី​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ក្នុង​ន័យ​ជួយសង្គ្រោះ និង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​នៅក្នុង​ដំណាក់កាល​នៃ​វិបត្តិ​ដែល​បណ្តាល​មកពី​ជំងឺ​កូវីដ​ ១៩​។

លោក​បន្តថា មួយវិញទៀត​ធនាគារ SME Bank បានផ្តល់​កម្ចី​ទៅ​សហគ្រាស​ធុន​តូច និង​មធ្យម​ណា​ដែល​ធ្វើការ​ទៅលើ​វិស័យ​អាទិភាព​ដូចជា ការ​កែច្នៃ​ចំណីអាហារ និង​វិស័យ​កសិកម្ម ជាដើម​ឱ្យតែ​ស្របតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​។ ជាមួយ​គ្នានេះ​លោក​ក៏បាន​ជំរុញ​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​ទទួល​បាន​ឥណទាន​ពី​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​ជំហាន​ទី ​២ (SCFS II) ​នេះ​ត្រូវ​ប្រើប្រាស់​កម្ចី​ឱ្យចំ​គោលដៅ​ ដើម្បី​សម្រេចបាន​ជោគជ័យ​។

បើតាម លោក តាំងប៉ សហគ្រាស​ធុន​តូច និង​មធ្យម​មួយចំនួន​ក៏​មិនបាន​ទទួល​ឥណទាន​ពី​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​ជំហាន​ទី​ ២ (SCFS II)​ នេះ​ទេ ដោយសារ​សហគ្រាស​ធុន​តូច និង​មធ្យម ទាំងនោះ​មាន​ជាប់បំណុល​ជាមួយ​ធនាគារ​ក្នុង​កម្ពុជា​ក្នុង​អត្រា​ការប្រាក់​ខ្ពស់​រួចហើយ​កាលពី​ពេលមុន និង​មួយចំនួន​ទៀត​មិន​ចំ​គោលដៅ​របស់ SME Bank​។

លោក​ថ្លែងថា​៖ «​បញ្ហា​មួយ​ដែល​ខ្ចី​គេ​ឱ្យ​ហើយ បែរជា​ខ្លួនឯង​នៅជាប់​បំណុល​ធនាគារ​ផ្សេងទៀត​។ ការជាប់​បំណុល​ធនាគារ​ផ្សេង​ហ្នឹង គឺ​ធនាគារ​នៅក្នុង​ចង្កោម និង​សហការ​ជាមួយ​នឹង SME Bank ទៀត​។ អ៊ីចឹង​យើង​កំពុង​តែ​ធ្វើការ​អំពាវនាវ​ឱ្យ​មាន​ការយល់យោគ​គ្នា​លើ​បញ្ហា​នេះ​»​។

លោក​បញ្ជាក់ថា សម្ព័ន្ធ​សមាគម​-​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​មាន​តួនាទី​ក្នុង​ការបណ្តុះបណ្តាល​សហគ្រាស​ធុន​តូច និង​មធ្យម​ឱ្យ​មាន​ការយល់ដឹង​អំពី​នីតិវិធី​នៃ​ការរៀបចំ​ផែនការមេ​ទៅ​ខ្ចីលុយ​ពី​ធនាគារ SME នេះ និង​រក​ចំណូល​ដើម្បី​សង​ត្រឡប់​មកវិញ ដែល​បច្ចុប្បន្ន​សម្ព័ន្ធ​សមាគម​-​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បាន​បណ្តុះបណ្តាល​ចំណេះដឹង​ទៅដល់​សមាជិក​បាន​ជិត​គ្រប់ ២៥ ​រាជធានី​-​ខេត្តហើយ​។

លោក លឹម អូន អគ្គនាយក​ធនាគារ​-​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា បានលើក​ឡើង​កាលពី​ខែកុម្ភៈ​កន្លងមក​ថា ដោយ​មើលឃើញ​ពី​ការទទួល​បាន​នូវ​លទ្ធផល​ជា​វិជ្ជមាន​ចេញពី​ការអនុវត្ត SCFS II និង​តម្រូវ​ការចាំបាច់​ក្នុង​ការបន្ត​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ទើប​រដ្ឋាភិបាល តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​សម្រេច​ផ្តល់​ថវិកា​បន្ថែម ៥០ ​លាន​ដុល្លារ​ដល់​ធនាគារ SME ដើម្បី​បន្ត​អនុវត្ត SCFS II រួម​នឹង​ថវិកាបដិភាគ ៥០ លាន​ដុល្លារ​ទៀត​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ (PFIs)​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​ថវិកា​សរុប​នៃ​គម្រោង​នេះ​នឹង​កើនឡើង​ទៅដល់ ២៤០ ​លាន​ដុល្លារ (​ធនាគារ SME ១២០ ​លាន​ដុល្លារ និង​បដិភាគ​ពី PFIs ១២០ ​លាន​ដុល្លារ​)»៕