
កសិករប្រមូលផលដំឡូងមីនៅក្នុងចម្ការ ១ នៅខេត្តប៉ៃលិន។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជាបាននាំចេញកសិផលក្រៅពីស្រូវ-អង្ករ ក្នុងបរិមាណជាង ៣,២ លានតោន នារយៈពេល ៥ ខែ ឆ្នាំ ២០២២ ដោយកើនឡើង ៤,៣៤ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ចាប់ពីខែមករា ដល់ឧសភា ឆ្នាំ ២០២២ មានចំនួន ៣ ២៣៣ ៩៩៨,៨៣ តោន កើន ១៣៤ ៤៧៥,៩៥ តោន ស្មើនឹង ៤,៣៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដោយគិតជាទឹកប្រាក់មានចំនួន ១ ៤០០ លានដុល្លារ។ គេសង្កេតឃើញថា មានតែផលិតផលដំឡូងមី ថ្នាំជក់ សណ្តែកសៀង និងបន្លែចម្រុះប៉ុណ្ណោះ ដែលកើនឡើងក្រៅពីនេះ គឺសុទ្ធតែថយចុះ ជាពិសេសការនាំចេញទៅកាន់ប្រទេសចិន។
ចំពោះមូលហេតុបណ្តាលឱ្យការនាំចេញកសិផលភាគច្រើន ជាពិសេសទៅចិន ធ្លាក់ចុះនេះ ត្រូវបានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនិយាយប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដោយសារកត្តាមួយចំនួនដូចជា កង្វះទូត្រជាក់សម្រាប់ផ្ទុកកសិផល ការរឹតបន្តឹងការត្រួតពិនិត្យទំនិញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ស្របតាមយុទ្ធសាស្ត្រគ្មានការរាលដាលឆ្លងជំងឺកូវីដ ១៩ ពីប្រទេសខាងក្រៅនៅតាមបណ្តាច្រកទ្វារនាំចូលប្រទេសចិន-វៀតណាម និងការរឹតបន្តឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ ដែលមកពីការរកឃើញវត្តមានកូវីដ ១៩ នៅលើសម្បកកេសវេចខ្ចប់ផ្លែចេកពីសំណាក់អាជ្ញាធរគយប្រទេសចិន។
លោកបានបញ្ជាក់ថា៖ «ការខ្វះខាតទូត្រជាក់សម្រាប់ផ្ទុកកសិផល បណ្តាលឱ្យទូត្រជាក់ឡើងថ្លៃជាខ្លាំង បើធៀបទៅនឹងមុនវិបតិ្តកូវីដ ១៩ ដែលបច្ចុប្បន្ននេះតម្លៃបានកើនរហូតដល់ជាង ៣ដង។ ជាមួយគ្នានេះការនាំចេញទៅប្រទេសវៀតណាម ក៏មានការថយចុះ ដោយសារការនាំចេញពីប្រទេសវៀតណាម ទៅប្រទេសចិន អាចដំណើរការទៅបានតិចតួចដោយសារវិបត្តិកូវីដ ១៩ ជាហេតុធ្វើឱ្យក្រុមហ៊ុនមួយចំនួនត្រូវអាក់ខាននាំចេញមួយរយៈ និងក្រុមហ៊ុនខ្លះទុកចោលមិនប្រមូលផល»។
អ្នកជំនួញផ្នែកកសិកម្មដ៏ល្បីនៅកម្ពុជា និងជាអ្នកនាំចេញផ្លែស្វាយកែវរមៀត និងចេកអំបូងលឿងពីកម្ពុជាទៅប្រទេសចិន លោក ហ៊ុន ឡាក់ បាននិយាយថា សម្រាប់កសិផលដែលនាំចេញទៅប្រទេសថៃ មិនមានការធ្លាក់ចុះទេ ដោយសារការដឹកជញ្ជូនមិនសូវមានបញ្ហាដូចការនាំចេញទៅចិន ឬវៀតណាម។
លោកបន្ថែមថា បញ្ហាធំជាងគេដែលធ្វើឱ្យការនាំចេញកសិផលរបស់កម្ពុជាមានការធ្លាក់ចុះច្រើន គឺដោយសារការបិទខ្ទប់របស់ប្រទេសចិន ពិសេសផលិតផលផ្លែស្វាយ និងចេកស្រស់។ ចំណែកស្វាយចន្ទីវិញ ក៏ធ្លាក់ចុះច្រើនដែរក្នុងឆ្នាំនេះ ដែលជាការធ្លាក់ចុះខ្លាំងក្នុងរយៈពេល ១០ ឆ្នាំងក្រោយ។
លោកបញ្ជាក់ថា៖ «អ្វីដែលជាដំណោះស្រាយក្នុងរយៈពេលមធ្យម និងវែង មានតែការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្នែកដឹកជញ្ជូន (ផ្លូវដែក ផ្លូវទឹក និងផ្លូវគោក និងសេវាដឹកជញ្ជូននៅតាមកំពង់ផែ) ដើម្បីធ្វើយ៉ាងណាឱ្យថ្លៃដើមចុះទាបអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសដទៃទៀត ដែលនាំចេញផលិតផលកសិកម្មដូចគ្នា។ គួរលើកទឹកចិត្តឱ្យមានការវិនិយោគលើការសាងសង់រោងចក្រកែច្នៃ វេចខ្ចប់ និងសម្អាតសមាសភាពចង្រៃ និងសាងសង់ឃ្លាំងត្រជាក់ ដើម្បីឱ្យផលិតផលកសិកម្មកម្ពុជាចូលក្នុងស្តង់ដាអនាម័យដែលគេចង់បាន ងាយស្រួលក្នុងការនាំចេញ»។
របាយការណ៍ក្រសួងកសិកម្មដដែល បានបញ្ជាក់ថា ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២២ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ១ ៩៥០,៦៩ លានដុល្លារ ក្នុងនោះការនាំចេញអង្ករមានទឹកប្រាក់ ២៤២,៥៤ លានដុល្លារ, ការនាំចេញស្រូវមានចំនួន ៣០៩,២០ លានដុល្លារ និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួនជាង ១៣៩៨ លានដុល្លារ៕ LA