ភ្នំពេញៈ កម្ពុជា​រំពឹងថា នឹង​ទទួលបាន​កំណើន​លំហូរ​ភ្ញៀវ​​ទេសចរ​អន្តរជាតិ​ពី​ប្រទេស​ជិត​​ខាង ក្រោយពី​ប្រទេស​ថៃ ​បានប្រកាស​ដកចេញ​នូវ​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​សម្រេច​បើក​ព្រំដែន​​គោក​ទាំងអស់​ឡើងវិញ​។​

​ចាប់ពី​ថ្ងៃទី​ ១ មិថុនា ប្រទេស​ថៃ បានសម្រេច​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​សម្រាប់​អ្នកធ្វើដំណើរ​គ្រប់​ប្រភេទ ដោយបាន​សម្រេច​លុបចោល​លក្ខខណ្ឌ​តម្រូវ​ឱ្យនៅ​ដាច់ដោយឡែក​ពី​គេ​ក្រោយ​ការមកដល់ ការបើក​ព្រំដែន​គោក​ទាំងអស់ និង​អនុញ្ញាតឱ្យ​ក្លិប​រាត្រី និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ទៀត​បើក​ដំណើរការ​ផងដែរ​កាលពី​ចុងខែ​ឧសភា​។ វិស័យ​ទេសចរណ៍​កម្ពុជា ក៏ត្រូវ​រំពឹងថា នឹងមាន​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ តាមរយៈ​ការបើក​ទូ​​លាយ​របស់​ប្រទេស​ថៃ​ដែរ​។​

​អ្នកនាំពាក្យ​ក្រសួង​ទេសចរ​ណ៍ លោក តុ​ប សុភ័ក បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​៦ ខែមិថុនាថា នៅពេលនេះ​វិស័យ​ទេស​ចរណ៍​នៅ​កម្ពុជា បានចាប់ផ្តើម​ងើបឡើង​វិញ​បណ្តើរៗ​ហើយ ពិសេស​ទេសចរ​ក្នុងស្រុក​មាន​សម្ទុះ​គួរឱ្យកត់សម្គាល់ ខណៈដែល​ទេសចរ​អន្តរជាតិ​ក៏​ចាប់​​ផ្តើម​មាន​ឡើងវិញ​ដែរ ក្រោយពី​ប្រទេសជិតខាង​កម្ពុជា​បើក​ពេញលេញ​ឡើងវិញ​។​

​លោក​បាន​បន្ថែមថា ការបើក​​ដំណើរការ​វិស័យ​ទេសចរណ៍​ឡើង វិញ​ពី​សំណាក់​ប្រទេស​ថៃ ក៏​ដូច​​ជា​វៀតណាម​​ដែរនោះ គឺ​ចំណុច​ដ៏​ល្អប្រសើរ​បំផុត​សម្រាប់​កម្ពុជា ដែល​នឹង​អាច​ជំរុញ​ចលនា​ទេសចរណ៍​អន្តរ​​ជាតិ​ឱ្យមាន​ភាពងាយស្រួល ពិសេស​ទេសចរ​ទៅវិញទៅមក​រវាង​ប្រទេស និង​ប្រទេស ក៏ដូចជា​ទេសចរ​មកពី​ប្រទេស​ផ្សេងៗ​ទៀត​។​

​លោក​បញ្ជាក់ថា​៖ «​ការបើក​ពេញ​​លេញ​របស់​ថៃ ជា​ចំណុច​មួយ​ល្អ​ក្នុងការ​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​ងើបឡើង​វិញ​។ ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា ប្រទេស​ថៃ​ មាន​ក្រុមហ៊ុន​អាកាស​​ចរណ៍​ច្រើន មាន​អាកាសយានដ្ឋាន​ធំ​និង​មាន​ជើងហោះហើរ​ច្រើន ដូចនេះ នៅពេល​ថៃ​បើក​ជា​ប្រក្រតី​ឡើងវិញ កម្ពុជា​ក៏​អាចនឹងទទួល​ផលចំណេញ​ពី​លំហូរ​ទេសចរ​ពី​ខាង​ថៃ​មក​ដែរ​»​។​

​លោក ធួន ស៊ីណាន ប្រធាន​ក្រុម​​ប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន IMCT ខូ​អិ​ល​ធី​ឌី និង​ជា​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា ​(PATACC) បានឱ្យដឹងថា នៅពេល​ប្រទេស​ជិត​​ខាង​គ្នា​មានការ​បើកចំហ​ឡើងវិញ​ដូចគ្នា នឹង​ទទួលបាន​អត្ថប្រយោជន៍​ដូចគ្នា​ចំពោះ​ការជំរុញ​ចលនា​ទេសចរ​ទៅវិញទៅមក​។​

​លោក​បញ្ជាក់ថា​៖ «​ប្រទេស​ថៃ​ បាន​បើកទូលាយ​មួយ​រយៈពេល​មកហើយ គ្រាន់តែ​ការចូលទៅ​ប្រទេស​នៅតែ​ត្រូវ​​ការប្រាក់​ធានារ៉ាប់រង​។ នៅពេល​គេ​បើក​ទូលំទូលាយ​បែបនេះ យើង​អាច​បាន​ផល​ពី​គេ​ច្រើន​ដែរ ជាពិសេស​នៅថ្ងៃនេះ​មាន​ទេសចរ​អន្តរជាតិ​ស្នាក់នៅ​ច្រើន ខណៈដែល​ទេសចរ​ជនជាតិ​ថៃ​ក៏​មកលេង​កម្ពុ​ជាច្រើន​ដែរ ហើយ​ខ្មែរ​ទៅលេង​ថៃ និង​ទិញ​អីវ៉ាន់​នៅ​ថៃ​ក៏​ច្រើន​ដែរ​។ ដូចនេះ​យើង​ឃើញថា ការ​​ទទួល​នេះ ​គឺមាន​ទៅវិញទៅមក​»​។​

​លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជាបាន​និ​យាយ​ថា ការចេញចូល​របស់​ទេស​ចរ​មកកាន់​កម្ពុជា តាម​ច្រកព្រំដែន​កម្ពុជា​ថៃ នឹង​កាន់តែ​មមាញឹក ក្រោយពី​ថៃ​បានសម្រេច​បើក​ព្រំដែន​គោក​ទាំង​អស់​ឡើងវិញ​។​

​លោក​បញ្ជាក់ថា​៖ «​ទេសចរ​អន្តរជាតិ​ដែល​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ​ រយៈពេល​យូរថ្ងៃ ភាគច្រើន​តែង​ជ្រើស​រើសយក​កម្ពុជា​ធ្វើជា​គោលដៅ​បន្ទាប់​សម្រាប់​ដំណើរ​កម្សាន្ត​ពួកគេ ដោយ​ការធ្វើដំណើរ​ពី​ថៃ​មក​កម្ពុ​ជាមាន​ទាំង​តាមផ្លូវ​អាកាស និង​ផ្លូវគោក​។ នៅមុន​ពេល​កូ​វីដ ​១៩ ទេសចរ​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា តាម​ច្រកព្រំដែន​គោក​រវាង​ថៃ ​និង​កម្ពុជា មាន​ចន្លោះ​ពី ​១០ ​ទៅ​២០ ​ភាគរយ​នៃ​ភ្ញៀវទេសចរ​សរុប​»​។​

​របាយការណ៍​ពី​ក្រសួងទេសចរណ៍បង្ហាញថា ក្នុង​ឆ្នាំ ​២០២១ ចំនួន​អ្នក​ដំណើរ​ពី​ប្រទេស​ថៃ​ មក​ប្រទេស​កម្ពុ​ជា មាន​ចំនួន​សរុប ៨១ ៨៤៤ ​នាក់ ជាប់​លេខ ១ ក្នុងចំណោម ១០ ​ប្រទេស​។ ដោយឡែក​ទី​២ មកពី​ចិន មាន ៤៥ ៧៧៥ ​នាក់​, និង​ទី​៣ គឺ​វៀតណាម មាន ២២ ១២០ ​នាក់​៕ LA