ភ្នំពេញៈ បើទោះបី​ក្នុង​ឆ្នាំ​ ២០២១ កន្លងមក​វិបត្តិ​ជំងឺ​កូវីដ ​១៩ បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ជួបនឹង​បញ្ហា​ប្រឈម​ជាច្រើន​ក៏ដោយ ក៏​បុព្វលាភ​ធានា​រ៉ាប់រង ​(​ប្រាក់ចំណូល​សរុប​ពី​ការលក់​ធានា​រ៉ាប់រង​) នៅ​កម្ពុជា​នៅតែ​បង្ហាញ​សញ្ញា​វិជ្ជមាន​ដដែល ដោយមាន​ទំហំ​ទឹកប្រាក់​ជិត ៣០០ ​លាន​ដុល្លារ កើនឡើង​ជាង ៩ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ខណៈ​ការទូទាត់​សង​ជូន​អតិថិជន​មាន​ជាង ៤១ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​សមាគម​ធានារ៉ាប់រង​កម្ពុជា​ (IAC)​។

ទិន្នន័យ IAC បង្ហាញថា ក្នុង​ឆ្នាំ ​២០២១ វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​នៅតែ​បោះជំហាន​ទៅមុខ​ល្អប្រសើរ ដោយ​បុព្វលាភ​ធានារ៉ាប់រង​សរុប​មាន​ចំនួន ២៩៧,៦ ​លាន​ដុល្លារ កើនឡើង ៩,៦ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ ទោះយ៉ាងណា អត្រាកំណើន​នេះ​បាន​ធ្លាក់ចុះ​បន្តិច​បើ​ធៀប​បណ្តា​ឆ្នាំមុនៗ​ពោលគឺ​មុនពេល​មាន​វត្តមាន​នៃ​កូវីដ​-១៩ ដោយ​ជា​មធ្យម​ក្នុង​រយៈពេល ៥ ​ឆ្នាំ​ចុងក្រោយ គឺ​កំណើន​មាន​ប្រមាណ ២០ ​ភាគរយ​។

សម្រាប់​ឆ្នាំ​ ២០២១ ចំនួន​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ការពារ​ដោយ​ធានារ៉ាប់រង​ពាក់ព័ន្ធ​នឹង​អាយុជីវិត​សុខភាព និង​គ្រោះថ្នាក់​បុគ្គល​មាន​ចំនួន​សរុប ២,២​ លាន​នាក់ កើនឡើង​ប្រមាណ ៣២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ ដោយ​ក្នុងនោះ​ធានារ៉ាប់រង​អាយុជីវិត មាន​ចំនួន ១,៣ ​លាន​នាក់ ធានារ៉ាប់រង​មិនមែន​អាយុជីវិត ៥៥ ​ម៉ឺន​នាក់ និង​ធានារ៉ាប់រង​ខ្នាតតូច ចំនួន ៣៨ ​ម៉ឺន​នាក់​។

បើ​យោងតាម IAC ទឹកប្រាក់​ទាំង ២៩៧,៦ ​លាន​ដុល្លារ​នេះ គឺ​ទទួល​បាន​ពី​ការទិញ​ធានារ៉ាប់រង​អាយុជីវិត​ចំនួន ៧២,៨ លាន​ដុល្លារ​កើន ៩,៧ ភាគរយ​, បុព្វលាភ​ធានារ៉ាប់រង​ទូទៅ​ចំនួន ៥៧,៩ ​លាន​ដុល្លារ​កើន ១៧,៥ ​ភាគរយ និង​បុព្វលាភ​ធានារ៉ាប់រង​ខ្នាតតូច មាន​ចំនួន ២,៨ ​លាន​ដុល្លារ ថយចុះ ១៧,៧ ​ភាគរយ​។

ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា លោក ហ៊ុយ វ៉ាថារ៉ូ បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ ៧ ខែមិថុនា​ថា កំណើន​បុព្វលាភ​ក្នុង​វិស័យ​ធានារ៉ាប់រង គឺ​ឆ្លុះបញ្ចាំង​ថា ប្រជាជន​ខ្មែរ​យល់ដឹង​កាន់តែ​ច្រើន​ពី​ភាពចាំបាច់​នៃ​ការប្រើប្រាស់​ធានារ៉ាប់រង ដើម្បី​ធ្វើជា​ឧបករណ៍​ការពារ​ហានិភ័យ​ទៅលើ​ហេតុការណ៍​ចៃដន្យ​ដែល​អាច​កើតឡើង​ភ្លាមៗ​។

លោក​អះអាង​ថា​៖ «​នៅពេល​មានការ​ប្រើប្រាស់​សេវា​ធានារ៉ាប់រង​កាន់តែ​ច្រើន មានន័យថា សំណាញ់​សុវត្ថិភាព​ហិរញ្ញវត្ថុ​របស់​យើង​ក៏​កាន់តែ​​រឹងមាំ​ដែរ ដោយ​វា​មាន​ភាពធន់​ទៅ​នឹង​ហានិភ័យ​ផ្សេងៗ​»​។

លោក​បន្តថា ជាមួយ​នឹង​កំណើន​នៃ​បុព្វលាភ​ដែល​ទទួលបាន​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​ក៏បានផ្តល់​សំណង​ត្រឡប់​ទៅកាន់​អតិថិជន​ក្នុង​ទឹកប្រាក់​ប្រមាណ ៤១,២ ​លាន​ដុល្លារ​ផងដែរ ដោយ​ក្នុងនោះ​សំណង​ធានារ៉ាប់រង​អាយុជីវិត ចំនួន​១០,៦ ​លាន​ដុល្លារ​ (​សំណង​លើ​ការស្លាប់​ប្រមាណ ៨,៣​ លាន​ដុល្លារ​), សំណង​ធានារ៉ាប់រង​ទូទៅ ២៩,៧ ​លាន​ដុល្លារ និង​សំណង​ធានារ៉ាប់រង​ខ្នាតតូច ៧៦ ​ម៉ឺន​ដុល្លារ​។

ទាក់ទង​នឹង​ទំហំ​បុព្វលាភ ខាងលើ លោក វ៉ាថារ៉ូ បាន​បញ្ជាក់ថា បុព្វលាភ​ក្នុង​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​មាន​ប្រមាណ​ជាង ១ ​ភាគរយ​ប៉ុណ្ណោះ​បើ​ធៀប​នឹង​ទំហំ GDP របស់​ប្រទេស ដែល​ចំនួន​នេះ​នៅ​កម្រិត​ទាប​ខ្លាំង​បើ​ធៀប​នឹង​ប្រទេសជិតខាង​ដែលមាន​ក្នុង​រង្វង់ ៤-៥ ​ភាគរយ និង​នៅ​ប្រទេស​រីកចម្រើន​ស្ថិតក្នុង​រង្វង់ ៧-៨ ​ភាគរយ​ប្រចាំឆ្នាំ​។

លោក​បញ្ជាក់ថា​៖ «​តាម​ទិន្នន័យ​នេះ​យើង​អាច​និយាយថា ការប្រើប្រាស់​សេវាកម្ម​ធានារ៉ាប់រង​នៅ​កម្ពុជា​នៅមានកម្រិត​ទាប​នៅឡើយ​។ យើង​ពិតជា​ចង់​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ខ្មែរ​ប្រើប្រាស់​សេវា​ធានារ៉ាប់រង​ឱ្យបាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​»​។

យោងតាម លោក វ៉ាថារ៉ូ បច្ចុប្បន្ន​សមាគម​ធានារ៉ាប់រង​កម្ពុជា​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ចំនួន​ ៤០ ​ជា​សមាជិក គឺ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ចំនួន ១៨, ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ១៤, ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាតតូច ៧ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ដ​ចំនួន ១​។

ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង Forte Insurance លោក យក់ ចំរើនឫទ្ធិ បាន​ប្រាប់ថា ការទិញ​សេវាកម្ម​ធានារ៉ាប់រង​របស់​អតិថិជន​ពី​ក្រុមហ៊ុន Forte Insurance កាលពី​ឆ្នាំ​ ២០២១ មិនសូវមាន​ភាពល្អ​ប្រសើរ​ដូច​បណ្តា​ឆ្នាំមុន​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​កូវីដ​ ១៩ ​នោះទេ ដោយ​កំណើន​បុព្វលាភ​របស់​ក្រុមហ៊ុន​ក្នុង​ឆ្នាំ​ ២០២១ មាន​ប្រមាណ ១០ ​ភាគរយ​ប៉ុណ្ណោះ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ លោក​បន្តថា វិបត្តិ​កូវីដ ​១៩ បានធ្វើឱ្យ​ចំណូល​របស់​ប្រជាជន​មួយចំនួន​ធ្លាក់ចុះ ហើយ​ការធ្វើ​ដំណើរ​ក៏ត្រូវ​កាត់បន្ថយ​ផងដែរ​។ នេះ​ក៏​ជា​ផ្នែក​ ១ ​ដែល​ធ្វើឱ្យ​ការស្វែងរក​ទិញ​សេវា​ធានារ៉ាប់រង​ត្រូវ​ធ្លាក់ចុះ​។

ទោះយ៉ាងណា លោក​បាន​អះអាង​ថា​៖ «​ក្នុង​ឆ្នាំ ​២០២២ នេះ​កំណើន​បុព្វលាភ​របស់​ក្រុមហ៊ុន Forte Insurance ត្រូវបាន​រំពឹងថា នឹង​កើន​លើស​ឆ្នាំ ​២០២១»៕ LA