ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កំពុង​សហការ​ជាមួយ​ធនាគារ​ពិភពលោក (WB) ​ដើម្បី​បន្ត​សិក្សា​ស៊ីជម្រៅ​លើ​យុទ្ធសាស្ត្រ​កាត់បន្ថយ​ថ្លៃ​ឡូជីស្ទិក​នៅ​កម្ពុជា ក្នុង​បរិបទ​ដែល​ខ្សែចង្វាក់​ផ្គត់ផ្គង់​សកល​ត្រូវ​រាំងស្ទះ​ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ ​១៩ និង​ដើម្បី​ធ្វើឱ្យ​ឯកសារ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​នេះ​ក្លាយ​ទៅជា​របៀបវារៈ​នៃ​ការកែទម្រង់​ដ៏មុតស្រួច​របស់​រាជរដ្ឋាភិបាល ដើម្បី​ទាក់ទាញ​ការវិនិយោគ និង​ធុរកិច្ច​ពី​ខាងក្រៅ​។

លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ក្នុងជំនួប​ជាមួយ​លោកស្រី Cordula Rastogi សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក កាលពី​ថ្ងៃទី​ ៦ ខែឧសភា​ថា ឡូជីស្ទិក គឺជា​វិស័យ​អាទិភាព និង​ជា​គន្លឹះ​សម្រាប់​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ ក៏ដូចជា​ការអភិវឌ្ឍ​ជាទូទៅ​សម្រាប់​កម្ពុជា​។ សេដ្ឋកិច្ច​កម្ពុជា​ពិតជា​មិនអាច​រីក​លូតលាស់​ជឿនលឿន​ទៅមុខ​បាន​វែងឆ្ងាយ​ឡើយ បើសិន​កម្ពុជា​ពុំមាន​ប្រព័ន្ធ​ឡូជីស្ទិក ប្រកប​ដោយ​ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និង​រស់រវើក​នោះទេ​។

លោក​បន្តថា បច្ចុប្បន្ន សេដ្ឋកិច្ច​ពិភពលោក​កំពុង​ទទួលរង​ផលប៉ះពាល់​ដោយសារតែ​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​ប្រព័ន្ធ​ឡូជីស្ទិក​ត្រូវបាន​រាំងស្ទះ​បណ្តាល​ពី​ជំងឺ​កូវីដ​ ១៩ ហើយ​មួយផ្នែក​ទៀត​បណ្តាល​មកពី​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ពាណិជ្ជកម្ម​។ ការផ្លាស់ប្តូរ​ប្រព័ន្ធ​ពាណិជ្ជកម្ម​បាន​ធ្វើ​ឱ្យមាន​ការផ្លាស់ប្តូរ​ប្រព័ន្ធ​តភ្ជាប់ ពហុវិស័យ (interconnectivity) ដែលជា​បច្ច័យ​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​ឡូជីស្ទិក​ផងដែរ​។

បើតាម​លោក វង្សី វិស្សុត ការចំណាយ​លើ​ឡូជីស្ទិក​កម្ពុជា គឺជា​បញ្ហា​ជា​រចនាសម្ព័ន្ធ​ដ៏រ៉ាំរ៉ៃ​ដែល​រដ្ឋាភិបាល​បាន​គិតគូរ និង​ចាប់ផ្តើម​ដោះស្រាយ​តាំងពី​មុនពេល​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។ បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​បន្តធ្វើ​កិច្ចការ​នះ​ទៀត ដើម្បី​កាត់​បន្ថយថ្លៃ​ឡូជីស្ទិក តាមរយៈ​ការដាក់ចេញ​ជា​វិធានការ​កែទម្រង់​ជា​ប្រព័ន្ធ និង​ជា​កញ្ចប់​ដូច​មាន​ក្នុង​កំណត់​ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការ​រស់នៅ​ជាមួយ​កូវីដ ​១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​ ២០២១-២០២៣​។

លោក​ថ្លែងថា​៖ «​រយៈពេល​មធ្យម​ទៅមុខ​កម្ពុជា​ត្រូវធ្វើ​កិច្ចការ​ច្រើន​ថែមទៀត​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់​ ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន និង​ឡូជីស្ទិក​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ប្រទាក់​ក្រឡា​គ្នា ថ្លៃ​ថោក និង ចំណាយពេល​តិច ព្រមទាំង​មាន​ស្ថិរភាព​ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​កាន់តែ​មាន​ការ​ប្រកួត​ប្រជែង និង​កាន់តែ​ពិពិធកម្ម ពិសេស​ដើម្បីឱ្យ​កាន់តែ​មាន​ភាពទាក់ទាញ​វិនិយោគ​ពី​ក្រៅ​ប្រទេស ក្នុង​បរិការណ៍​ដែល​ភូមិសាស្ត្រ សេដ្ឋកិច្ច​ពិភពលោក កំពុង​មាន​ការផ្លាស់ប្តូរ​»​។

លោក​បញ្ជាក់​ទៀតថា កម្ពុជា​ត្រូវតែ​ចេះ​ចាប់​យក​ឱកាស​នេះ តាមរយៈ​ការកែទម្រង់​រចនាសម្ព័ន្ធ​ ដើម្បី​កាត់បន្ថយ​ថ្លៃ​ឡូជីស្ទិក និង​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន និង​ឡូជីស្ទិក​ឱ្យ​កាន់តែ​រស់រវើក​ និង​មាន​ប្រសិទ្ធភាព ដើម្បី​ត្រង​យក​ការវិនិយោគ​ដែល​នឹង​ប្តូរ​ពី​ប្រទេស​ចិន សម្រាប់​ជំរុញ​ការធ្វើ​ពិពិធម្ម​មូលដ្ឋាន​សេដ្ឋកិច្ច នៅក្នុង​រយៈពេល​ខ្លី និង​មធ្យម និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​ក្នុង​រយៈពេល​វែង​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា (CLA) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៧ ខែមិថុនា ថា ចំពោះ​វិស័យ Logistic នៅ​កម្ពុជា​បាននិង​កំពុង​ប្រតិបត្តិការ​ដឹកជញ្ជូន​ទាំង​នៅក្នុង និង​ក្រៅប្រទេស​។ បច្ចុប្បន្ន​ការដឹកជញ្ជូន​ក្នុងស្រុក មិនមាន​ការឡើង​ថ្លៃ​ខ្ពស់​នោះទេ ប៉ុន្តែ​គ្រាន់តែ​មានការ​ប៉ះពាល់​ខ្លះ​ពី​ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ​នៅ​ទូទាំង​ពិភពលោក​។

លោក​បន្តថា ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា គឺ​ការដឹកជញ្ជូន​ទៅ​ក្រៅប្រទេស​មាន​ការ​ឡើងថ្លៃ​ខ្ពស់​របស់​កប៉ាល់​ដែល​ត្រូវបាន​ដឹកជញ្ជូន​ទៅ​កន្លែង​ឆ្ងាយៗ​។

លោក​ថ្លែងថា​៖ «​ការសិក្សា​របស់ World Bank ចំពោះ​តម្លៃ Logistic នៅ​កម្ពុជា នេះ ខ្ញុំ​មិនទាន់​ទទួល​របាយការណ៍​ពី​ការសិក្សា​ទេ ប៉ុន្តែ​គ្រាន់តែ​ដឹងថា ការដឹកជញ្ជូន​បច្ចុប្បន្ន​មាន​ផល​ប្រឈម​ច្រើន​»​។

បើតាម លោក ចន្ធី បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​យកចិត្ត​ទុកដាក់​តភ្ជាប់​ពី​តំបន់​ផលិត និង​ពង្រីក​កំពង់ផែ​ដើម្បី​ដោះស្រាយ​បញ្ហា​តម្លៃ​កប៉ាល់ និង​អនុញ្ញាត​ឱ្យ​កប៉ាល់​អន្តរជាតិ​ធំៗ​អាច​ចូល​ចត​ក្នុងប្រទេស​កម្ពុជា​។

តាម​ការសិក្សា​របស់​ធនាគារ​ពិភពលោក​ស្តីពី​ស្ថានភាព​នៃ​វិស័យ​ឡូជីស្ទិក​លើ​ពិភពលោក និង​តំបន់​ក៏ដូចជា​នៅ​ប្រទេស​កម្ពុជា​បង្ហាញថា ថ្លៃ​ឡូជីស្ទិក​នៅ​កម្ពុជា​នៅ​ខ្ពស់ និង​មិនសូវ​មាន​ស្ថិរភាព ដោយសារ​តែ​ថ្លៃ​ប្រតិបត្តិការ​ និង​ថ្លៃ​ដឹកជញ្ជូន​នៅ​ខ្ពស់ និង​នៅមាន​ការបង់​កម្រៃ​ក្រៅផ្លូវការ​នៅឡើយ ព្រមទាំង​បញ្ហា​ការតភ្ជាប់​រវាង​ប្រភេទ​ដឹកជញ្ជូន​មួយ​ទៅ​ប្រភេទ​នៃ​ការដឹកជញ្ជូន​មួយទៀត​៕ LA