ភ្នំពេញៈ វិបត្តិ​ជំងឺ​សកល​កូវីដ​ ១៩​ បាននិងកំពុង​បង្ហាញ​សញ្ញា​ធូរស្រាល ប៉ុន្តែ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​បានបង្ហាញ​ការឈឺ​ក្បាល​ថ្មី​មួយទៀត​ទៅដល់​មេដឹកនាំ​រួមទាំង​របៀប​នៃ​ការរក្សា​កំណើន​នៅពេល​ប្រឈមមុខ​នឹង​ការកើនឡើង​តម្លៃ​ទំនិញ​សកល ពិសេស​តម្លៃ​ប្រេងឥន្ធនៈ​។ ការណ៍​នេះ​បង្កើត​បញ្ហា​ប្រឈម​មួយទៀត​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ជាពិសេស​ជាមួយ​នឹង​គោលដៅ​នៃ​ការរៀបចំ​ខ្លួន​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​នៅ​ឆ្នាំ​ ២០៣០​។

លោក Kenji Okamura អគ្គនាយករង​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បានផ្តល់​បទ​សម្ភាស​ជាមួយ​លោក ម៉ៃ គុណមករា ការី​និពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែឧសភា ដើម្បី​ជជែក​ពី​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន​ចំពោះ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក ក៏ដូចជា​អ្វីដែល​អាច​ធ្វើ​បាន ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅរក​ការអភិវឌ្ឍ​នា​ដំណាក់កាល​បន្ទាប់​។

តើ IMF មាន​អនុសាសន៍​អ្វីខ្លះៗ​សម្រាប់​អ្នកបង្កើត​គោលនយោបាយ​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ពេល​បច្ចុប្បន្ន​?

អ្នកបង្កើត​គោលនយោបាយ​កំពុង​ប្រឈមមុខ​ទៅនឹង​ការផ្លាស់ប្តូរ​គោលនយោបាយ​ដ៏លំបាក គឺ​រវាង​ការ​ដោះស្រាយ​បញ្ហា​អតិផរណា និង​ការការពារ​ការ​ងើបឡើង​វិញ និង​រវាង​ការគាំទ្រ​សារពើពន្ធ​សម្រាប់​វិស័យ​ងាយ​រងគ្រោះ និង​ការកសាង​ទ្រនាប់​សារពើពន្ធ​ឡើងវិញ​។

ទោះបី​កត្តា​ជំរុញ​ជាច្រើន​នៃ​អតិផរណា គឺ​ហួស​ពី​ការគ្រប់គ្រង​របស់​ធនាគារ​កណ្តាល (​បញ្ហា​សង្គ្រាម ការដាក់​ទណ្ឌកម្ម ជំងឺ​រាតត្បាត និង​ការរំខាន​ទៅដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់​) អ្នកបង្កើត​គោលនយោបាយ​គួរតែ​ត្រូវ​បាន​រៀបចំ ដើម្បី​ធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស​ និង​យ៉ាង​ម៉ឺងម៉ាត់ ប្រសិនបើ​ការស្ទុះងើប​ឡើង​វិញ​លឿន​ជាង​ការរំពឹងទុក ឬ​ហានិភ័យ​នៃ​ការកើនឡើង​អតិផរណា​ដែល​រំពឹងទុក​ជាក់ស្តែង​។

គោលនយោបាយ​សារពើពន្ធ​គួរតែ​ពឹង​ផ្អែកលើ​ការប៉ះពាល់​នឹង​សង្គ្រាម ស្ថានភាព​នៃ​ជំងឺ​រាតត្បាត និង​កម្លាំង​នៃ​ការ​ស្តារឡើងវិញ​។ ដោយសារ​ទំហំ​សារពើពន្ធ​មាន​កម្រិត​នៅក្នុង​ប្រទេស​មួយចំនួន និង​ស្ថានភាព​សុខភាព​ប្រសើរ​ឡើង ការគាំទ្រ​សារពើពន្ធ​ដែលមាន​មូលដ្ឋាន​ទូលំទូលាយ​ត្រូវ​បាន​ណែនាំ​ក្នុង​អំឡុងពេល​ជំងឺ​រាតត្បាត​គួរតែ​ត្រូវបាន​ដកចេញ​ជា​បណ្តើរៗ ហើយ​ការគាំទ្រ​ជា​គោលដៅ​ដល់​ជន​ងាយ​រងគ្រោះ​គួរ​ត្រូវបាន​ដាក់ពង្រាយ ជាពិសេស​ដើម្បី​ការពារ​ពី​ផលប៉ះពាល់​នៃ​ការកើនឡើង​តម្លៃ​អាហារ និង​ថាមពល​។ នៅពេល​ដែល​ទំហំ​សារពើពន្ធ​មាន​កម្រិត​កាន់តែច្រើន​រដ្ឋាភិបាល​នឹងត្រូវ​ដើរ​នៅលើ​ផ្លូវ​លំបាក​មួយ​រវាង​ការបង្រួបបង្រួម​សារពើពន្ធ និង​ការផ្តល់​អាទិភាព​លើ​ការចំណាយ​សំខាន់ៗ​។

អ្នកបង្កើត​គោលនយោបាយ​ក៏​គួរតែ​បន្ត​គាំទ្រ​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ជា​វិជ្ជមាន ដោយ​ការទទួល​យក​ការផ្លាស់ប្តូរ​ឌីជីថល​ដែល​ជំងឺ​រាតត្បាត​បាន​ពន្លឿន ការរៀបចំ​ឡើងវិញ និង​ផ្លាស់ប្តូរ​បុគ្គលិក​ ដើម្បី​បំពេញ​បញ្ហា​ប្រឈម​របស់ខ្លួន និង​គាំទ្រ​ការវិនិយោគ​បៃតង​ ដើម្បី​ជួយ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។

តើ IMF មាន​ទស្សនៈ​យ៉ាងណា​ចំពោះ​លទ្ធផល​សេដ្ឋកិច្ច និង​ទស្សន​វិស័យ​របស់​កម្ពុជា​? តើ​ហានិភ័យ​សំខាន់ៗ​អ្វីខ្លះ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ហើយ​តើ​មាន​គោលនយោបាយ​ឆ្លើយតប​នឹង​អ្វីខ្លះ​?

យើង​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹងមាន​កំណើន​ក្នុង​រង្វង់ ៥ ​ភាគរយ​នៅក្នុង​ឆ្នាំនេះ ហើយ​នឹង​ត្រឡប់​មកជា​បណ្តើរៗ​វិញ​ក្នុង​រង្វង់ ៦-៦,៥ ភាគរយ​ក្នុង​រយៈពេល​មធ្យម​ដែល​អត្រាកំណើន​នេះ​គឺ​ខ្ពស់​គួរសម​។ ការ​ងើបឡើង​វិញ​របស់​កម្ពុជា​មកដល់​ពេលនេះ​គឺ​ត្រូវបាន​ជំរុញ​ជា​ចម្បង​ដោយ​តម្រូវការ​ខាងក្រៅ​សម្រាប់​ទំនិញ ជាពិសេស​សម្លៀកបំពាក់ និង​ស្បែកជើង​។ ទស្សន​វិស័យ​ទាំងមូល​មាន​ភាព​វិជ្ជមាន ប៉ុន្តែ យើង​ឃើញ​មាន​បញ្ហា​មួយចំនួន​។

បញ្ហា​ប្រឈម​ដ៏តានតឹង​បំផុត​កើតចេញពី​ការផ្ទុះ​ឡើង​ជា​សកល មានដូចជា​តម្លៃ​អាហារ និង​ថាមពល​បាន​កើនឡើង​រួចហើយ​។ បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​បន្ថែម​សម្ពាធ​ទាំងនោះ និង​បង្កើត​ភាពមិន​ច្បាស់លាស់​ថ្មី​អំពី​តម្រូវការ​អ្នកប្រើប្រាស់​នៅ​អឺរ៉ុប ដែលជា​ទីផ្សារ​នាំចេញ​ដ៏ធំ​បំផុត​មួយ​របស់​កម្ពុជា​។ ការបិទ​ខ្ទប់​នាពេល​ថ្មីៗ​នេះ​នៅ​មជ្ឈមណ្ឌល​ផលិតកម្ម និង​ពាណិជ្ជកម្ម​សំខាន់ៗ​នៅ​ប្រទេស​ចិន​ទំនង​ជា​នឹងមាន​ការរំខាន​ដល់​ការផ្គត់ផ្គង់​នៅ​កន្លែង​ផ្សេងទៀត​។ ធនាគារកណ្តាល ជាពិសេស​នៅក្នុង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ជឿនលឿន ប្រហែលជា​ត្រូវ​រឹតបន្តឹង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​លឿន​ជាង​ការរំពឹងទុក​ពីមុន ដែល​នឹង​រីករាលដាល​ដល់​ទីផ្សា​រដែ​លកំ​ពុង​រីកចម្រើន និង​សេដ្ឋកិច្ច​កំពុងអភិវឌ្ឍន៍​។

ខាង​ផ្នែក​ក្នុងស្រុក ខណៈពេល​ដែល​កំណើន​ឥណទាន​បាន​ធ្លាក់ចុះ​នាពេល​ថ្មីៗ​នេះ យើង​ឃើញ​ហានិភ័យ​មួយចំនួន​ទាក់ទង​ទៅនឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែលមាន​ប្រាក់កម្ចី​ច្រើនពេក​ប្រមូលផ្តុំ​នៅក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​។ ដូច្នេះ ប្រទេស​នេះ​ចាំបាច់​ត្រូវបង្កើត​ប្រព័ន្ធ​ការពារ​ទុកជាមុន និង​ដើម្បី​ទប់ស្កាត់​ហានិភ័យ​ទាំងនេះ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មុន​វា​នឹង​កើតឡើង​។

ជា​សំណាងល្អ ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​មាន​ផាសុកភាព និង​គួរ​ផ្តល់នូវ​ការការពារ​គ្រប់គ្រាន់​ប្រឆាំង​នឹង​ការប៉ះទង្គិច​ពី​ខាងក្រៅ​ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខនេះ​។ បញ្ហា​នេះ​ត្រូវបាន​គេ​លើកឡើងថា បញ្ហា​បក់បោក​ជា​សកល​ទាំងនេះ​ធ្វើឱ្យមាន​ភាព​ស្មុគស្មាញ​ដល់​ការបង្កើត​គោលនយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​វា​បង្ក​ផលវិបាក​នៅក្នុង​ការវិនិច្ឆ័យ​ថា តើ​ត្រូវការ​ជំនួយ​ប៉ុន្មាន​សម្រាប់​សេដ្ឋកិច្ច​? ការ​គាំពារ​សង្គម​ដែល​បានកំណត់​គោលដៅ​ដូចជា​តាមរយៈ​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​ដែល​ត្រូវបាន​ពង្រីក​ក្នុង​ខែមីនា អាច​ការពារ​ជនក្រីក្រ​បំផុត​ប្រឆាំងនឹង​ការកើនឡើង​តម្លៃ​ទំនិញ​។

កម្ពុជា​បានបញ្ចប់​ឋានៈ​ពី​ប្រទេស​ចំណូល​ទាប ដោយ​បាន​ទទួល​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ក្នុង​ឆ្នាំ​ ២០១៦ និង​មានបំណង​ឈាន​ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ​២០៣០​។ តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​អាចឈាន​ទៅដល់​ដំណាក់កាល​បន្ទាប់​នៃ​ការអភិវឌ្ឍ​?

កំណើន​របស់​ប្រទេស​កម្ពុជា​មាន​ភាព​គួរឱ្យ​ចាប់អារម្មណ៍ ប៉ុន្តែ​បាន​ពឹង​ផ្អែកលើ​មូលដ្ឋាន​តូចចង្អៀត​មួយ​គឺ​ឧស្សាហកម្ម​កាត់ដេរ​។ វិស័យ​ទេសចរណ៍ និង​សេវាកម្ម​ពាក់ព័ន្ធ​គឺជា​ធាតុផ្សំ​ដ៏សំខាន់​មួយទៀត​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។ ក្នុងអំឡុងពេល​ ១ ​ទសវត្សរ៍​មុន​ជំងឺ​រាតត្បាត​វិស័យ​អចលនទ្រព្យ និង​សំណង់​ក៏ត្រូវ​បាន​មើលឃើញ​ពី​ការរីកចម្រើន​ដ៏ខ្លាំង​ជាមួយនឹង​ការកើនឡើង​ ២​ ខ្ទង់ អមដោយ​ការពង្រីក​ឥណទាន​ក្នុងស្រុក​ដ៏ធំ​។ ទៅ​ថ្ងៃមុខ​កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ពិពិធកម្ម​ទាំង​ផ្នែក​ផលិតផល​ដែល​ខ្លួន​ផលិត និង​ប្រទេស​ដែល​ខ្លួន​នាំ​ទំនិញ​ចេញ​។ ការធ្វើ​ពិពិធកម្ម​នឹង​ធ្វើឱ្យ​កម្ពុជា​កាន់តែ​រងគ្រោះ​តិចតួច​ទាក់ទង​ការប្រែប្រួល​នៃ​វិស័យ​ណាមួយ​ ឬ​ទីផ្សារ​នាំចេញ​។

ដើម្បី​សម្រេចបាន​កម្ពុជា​ត្រូវការ​ការវិនិយោគ​បន្ថែម​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ និង​ធនធានមនុស្ស និង​ការ​កែលម្អ​បរិយាកាស​ធុរកិច្ច​។ ការណ៍​នេះ​តម្រូវឱ្យមាន​ការបណ្តុះបណ្តាល​បន្ថែម ដើម្បី​ដោះស្រាយ​តម្រូវ​ការជំនាញ​ជាក់លាក់​នៅក្នុង​ផ្នែក​ឧស្សាហកម្ម​។ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​ឃើញ​រដ្ឋាភិបាល​បាននិង​កំពុង​ចាប់​ផ្តើមគំនិត​ផ្តួចផ្តើម​ ដើម្បី​ដោះស្រាយ​បញ្ហា​រាំងស្ទះ​ទាំងនោះ ឧទាហរណ៍​តាមរយៈ​ច្បាប់​វិនិយោគ​ថ្មី​ដែល​បានអនុម័ត​កាលពី​ឆ្នាំមុន បន្ថែម​លើ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ផងដែរ​៕ LA