បាត់ដំបងៈ ក្រុម​វិនិយោគិន​ចិន​កំពុង​ចរចា​ប្រមូល​ទិញ​ទុរេន​សំឡូត ខេត្ត​បាត់ដំបង សម្រាប់​នាំទៅ​ប្រទេស​ចិន​នាពេល​ខាងមុខ ខណៈ​រដូវ​ប្រមូល​ផល​ទុរេន​សំឡូត នឹង​ចាប់ផ្តើម​នៅ​​ពាក់កណ្តាល​ខែមិថុនា​នេះ​។

លោក ណៃ ចន ប្រធាន​បណ្តុំ​អាជីវកម្ម​ទុរេន​សំឡូត​នៅ​ខេត្តបាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៧ ខែមិថុនា​ថា កាលពី​ពេល​ថ្មីៗ​នេះ​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង​បាន​នាំ​ក្រុមឈ្មួញ​ជនជាតិ​ថៃ និង​ចិន ចុះ​មកដល់​ចម្ការ​ទុរេន​ក្នុង​បណ្តុំ​អាជីវកម្ម​ទុរេន​ក្នុង​ឃុំ​សំឡូត ក្នុង​គោលបំណង​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន តាមរយៈ​ទីផ្សារ​ប្រទេស​ថៃ​។

លោក​បន្ថែមថា ភាគី​ក្រុមហ៊ុន​បាន​ទទួល​ស្គាល់​រសជាតិ និង​គុណភាព​ទុរេន​សំឡូត ថា​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ទុរេន​របស់​ប្រទេស​ថៃ ប៉ុន្តែ​មិនទាន់​បានសម្រេច​ថា ចុះកិច្ចសន្យា​ទិញ​នៅឡើយ​ទេ ដោយសារ​តែ​មិនទាន់​យល់ព្រម​ចំពោះ​បញ្ហា​តម្លៃ​នៅឡើយ​។

លោក​ប្រាប់ថា​៖ «​ខាង​ក្រុមហ៊ុន​គេ​កំពុង​ពិចារណា​ពី​រឿង​តម្លៃ ដោយ​ខាងយើង​បានដាក់​តម្លៃ ៥ ​ដុល្លារ ក្នុង​ ១ គីឡូក្រាម​សម្រាប់​ទុរេន​លេខ​ ១​។ ទុរេន​សំឡូត​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការអនុវត្ត​កសិកម្ម​ល្អ (GAP) ពី​ក្រសួង​កសិកម្ម ដូចនេះ​យើង​មិនមាន​បញ្ហា​ទីផ្សារ​ទេ​។ បច្ចុប្បន្ន​ទោះបី​មិនទាន់​មាន​ការនាំចេញ​ទុរេន​សំឡូត​ទៅ​ក្រៅ​មែន ប៉ុន្តែ​យើង​ខិតខំ​ពង្រីក​ទីផ្សារ​នៅក្នុង​ស្រុក​សិន ព្រោះ​រសជាតិ​ទុរេន​សំឡូត មិន​ចាញ់​ទុរេន​កំពត​ឡើយ ដោយ​សាធារណជន​ក៏​ទទួលស្គាល់​រសជាតិ​ទុរេន​យើង​ដែរ​។ ខាង​ក្រុមហ៊ុន​មាន​គោលបំណង​នាំ​ទុរេន​ចេញ​តែ​សាច់ ពោលគឺ​ត្រូវ​មានការ​បកសម្បក​រួច​ហើយ ទើប​នាំចេញ តែ​ខាងយើង​មាន​ការ​បារម្ភ​ខ្លះ​ដែរ​ចំពោះ​ទីតាំង​ទុកដាក់​សម្បក​នេះ​»​។

លោក ឈឹម វជិរ៉ា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​ឱ្យដឹងថា វិនិយោគិន​ចិន​ចាប់​អារម្មណ៍​លើ​ផ្លែ​ទុរេន​ដែល​ដាំ​នៅ​សំឡូត ដោយសារ​រសជាតិ​វា​មាន​លក្ខណ​ពិសេស​ជាងគេ​។ វិនិយោគិន​ចិន​មានបំណង​នាំចេញ​ទៅ​ចិន ជា​ប្រភេទ​ទុរេន​បក​រួច និង​ដាក់​ក្នុង​ទូ​កុងតឺន័រ​ត្រជាក់​សម្រាប់​នាំ​ចេញទៅ​ចិន ដោយ​ឆ្លងកាត់​តាម​ថៃ​។

លោក​បន្ថែមថា ដោយសារ​កម្ពុជា​មិនទាន់​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​នាំចេញ​ទុរេន​ទៅ​ប្រទេស​ចិន​ដោយផ្ទាល់​ ហេតុនេះ​វា​នឹង​ទៅតាម​ច្រក​ប្រទេស​ថៃ និង​ក្រោម​ម៉ាក​យីហោ​ថៃ​។

លោក​បញ្ជាក់ថា​៖ «​យើង​មិនទាន់​មាន​កិច្ចព្រមព្រៀង​នាំចេញ​ជា​ផ្លូវការ​ជាមួយ​ប្រទេស​ចិន ប៉ុន្តែ​ខាង​ថៃ​គេ​មាន​។ ការចរចា​រវាង​វិនិយោគិន​ចិន និង​កសិករ​ដាំ​ទុរេន​កម្ពុជា គឺជា​សញ្ញា​ល្អ​សម្រាប់​អ្នក​ផលិត​ទុរេន​កម្ពុជា ដែល​សង្ឃឹមថានឹង​ឈាន​ទៅដល់​កិច្ចព្រមព្រៀង​នាំចេញ​ក្នុងពេល​ឆាប់ៗ​នេះ​។ យើង​បានដាក់​គោលដៅ​ពង្រីក​ផលិតកម្ម​ទុរេន​ឱ្យបាន ៧០០ ​ហិកតា​នៅត្រឹម​ឆ្នាំ​ ២០២៣ ខាងមុខ​»​។

ចំពោះ​ការនាំចេញ​ទុរេន​នេះ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មកទល់​ពេលនេះ​ផ្លែ​ទុរេន កម្ពុជា​ពុំទាន់​មាន​ទីផ្សារ​នៅក្រៅ​ប្រទេស​ឡើយ ពិសេស​ប្រទេស​ចិន ដែល​កម្ពុជា​នៅ​ពុំទាន់​បាន​ឈាន​ទៅដល់​ដំណាក់កាល​នៃ​ការចរចា​បើក​របាំង​ភូតគាម​អនាម័យ​នៅឡើយ​ទេ​។

លោក​បន្ថែមថា ផលិតផល​ទុរេន​កម្ពុជា នៅមាន​កម្រិត​នៅឡើយ ម្យ៉ាង​វិញទៀត​នៅមាន​ផលិតផល​កសិកម្ម​ជាច្រើន​មុខ​ទៀត​របស់​កម្ពុជា​នៅ​រង់ចាំ​បន្តកន្ទុយ​គ្នា​ដើម្បី​ទទួលបាន​ការអនុញ្ញាត​ពី​ប្រទេស​ចិន​។ ភាគី​ចិន​អនុញ្ញាត​ឱ្យ​កម្ពុជា​លើកយក​ផលិតផល​កសិកម្ម​ម្តង​ ១ ​មុខៗ​យកមក​ពិនិត្យ​។ ​ទន្ទឹមនឹងនោះ ក៏ត្រូវ​រង់ចាំ​មើល​បរិមាណ​នៃ​ការផលិត​នៅក្នុង​ស្រុក​មាន​ការកើនឡើង​ក្នុង​កម្រិតណា​ដែរ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​ពុំទាន់​មាន​យន្តការ​ណាមួយ​ទាក់ទង​ទៅនឹង​កិច្ចដំណើរការ​នៃ​ការប្រមូលផល ការដឹកជញ្ជូន​ក្នុងស្រុក ការលាង​សម្អាត និង​ការ​វេចខ្ចប់​របស់​ពាណិជ្ជករ​នៅក្នុង​ស្រុក​អនុលោម​តាម​ស្តង់ដា ឬ​លក្ខខណ្ឌ​តម្រូវ​នៃ​ការនាំ​ទៅកាន់​ប្រទេសមួយ​នៅឡើយ​ទេ ចំពោះ​ផលិតផល​ទុរេន​នេះ​។ បរិបទ​នៃ​ការរីក​រាលដាល​ជា​សកល​ជំងឺ​កូវីដ​ ១៩ និង​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន បាន​ធ្វើឱ្យ​ការដឹកជញ្ជូន​ក្នុង​ស្រុក ជាពិសេស​ការដឹកជញ្ជូន​ពី​កម្ពុជា​ទៅ​ទីផ្សារ​ក្រៅ​ស្រុក​ជួប​ការលំបាក​ខ្លាំង ដោយសារ​ការកើនឡើង​នៃ​តម្លៃ​ការដឹកជញ្ជូន និង​ជាពិសេស​តម្លៃ​ជួល​កុងតឺន័រ​មានការ​កើនឡើង​ ៣​ ដង ដែល​ពាណិជ្ជករ​មានការ​រារែក​»​។

បើតាម​លោក ចន បណ្តុំ អាជីវកម្ម​ទុរេន​សំឡូត មាន​សមាជិក​ជា​ម្ចាស់​ចម្ការ​ចំនួន​ជិត​ ២០ ​ចម្ការ ដោយ​ការប្រមូល​ផល​ក្នុង​ ១​ ឆ្នាំ ចន្លោះ​ពី ៣០០ ​ទៅ ​៤០០ ​តោន ខណៈ​ដែល​ស្រុក​សំឡូត​ទាំងមូល​ប្រមូលផល​បាន ៦ ០០០ ​តោន​លើ​ផ្ទៃ​ជាង​ ៥៤០ ​ហិកតា ក្នុងចំណោម​ផ្ទៃដី​ដាំដុះ​សរុប​ជិត​ ៦០០​ ហិកតា​ និង​អាច​ប្រមូល​បានជា​មធ្យម​ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​៕ LA