
បុគ្គលិកក្នុងរោងចក្រផលិតអង្ករ ១ កន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ ពិនិត្យគុណភាពអង្ករនាពេលកន្លងទៅ។ ហេង ជីវ័ន
ភ្នំពេញៈ អ្នកនាំអង្ករចេញបានអះអាងថា ក្រុមហ៊ុនបញ្ជាទិញអង្ករធំៗពីសហគមន៍អឺរ៉ុបបានបង្កើនការបញ្ជាទិញអង្ករពីប្រទេសកម្ពុជា និងថៃវិញនៅក្នុងឆ្នាំ ២០២២ នេះ ក្រោយពីមានការរកឃើញថា អង្ករវៀតណាមមានផ្ទុកសារធាតុថ្នាំគីមីកសិកម្មច្រើនលើសការកំណត់របស់ផ្នែកសុវត្ថិភាពចំណីអាហាររបស់សហគមន៍អឺរ៉ុប។
លោក ចាន់ ពេជ្រ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វ អេស៊ា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រុមហ៊ុនបញ្ជាទិញអង្ករធំៗនៅសហគមន៍អឺរ៉ុបបានបង្កើនការបញ្ជាទិញអង្ករពីកម្ពុជា និងថៃវិញនៅក្នុងឆ្នាំ ២០២២ នេះ ទោះបីក្រុមហ៊ុនទាំងនោះបានបង្កើនការបញ្ជាទិញអង្ករវៀតណាម បន្ទាប់ពីការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម FTA ក៏ពិតមែន ប៉ុន្តែអង្ករវៀតណាមបានធ្វើឱ្យខូចទីផ្សារទៅវិញក្រោយពីមានការរកឃើញមានសារធាតុថ្នាំគីមីកសិកម្មច្រើនលើសការកំណត់របស់ផ្នែកសុវត្ថិភាពចំណីអាហារសហគមន៍អឺរ៉ុប ដែលសារធាតុទាំងនោះរួមមាន Tricyclazole, Acetamiprid and Buprofezin។
លោកបានបន្ថែមថា បច្ចុប្បន្នអង្កររបស់កម្ពុជា ភាគច្រើននៅដាំដុះ និងផលិតឡើងតាមបែបប្រពៃណីដែលធ្វើឱ្យអង្ករកម្ពុជារក្សាបានគុណភាពល្អ និងសុវត្ថិភាព។ ប៉ុន្តែខាងក្រុមហ៊ុននាំចេញមានការព្រួយបារម្ភថា នាពេលអនាគត បើកសិករកម្ពុជាប្រើថ្នាំគីមីកសិកម្មច្រើនដែរនោះនឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញ។
លោកនិយាយថា៖ «យើងសំណូមពរដល់កសិករកម្ពុជា ធ្វើការដាំដុះឱ្យបានត្រូវតាមបច្ចេកទេស និងការណែនាំរបស់ក្រសួងកសិកម្មចំពោះការប្រើប្រាស់ជីធម្មជាតិ ជីសរីរាង្គ ឬថ្នាំពុលធម្មជាតិ ដើម្បីពង្រីកទីផ្សារអង្ករកម្ពុជា ដោយផ្តល់ឱ្យទាំងគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគ»។
លោក សុង សារ៉ន ស្ថាបនិកក្រុមហ៊ុន អេមរុរ៉ាយ បានប្រាប់ថា ថ្វីដ្បិតការប្រើប្រាស់សារធាតុពុលកសិកម្មរបស់កម្ពុជានៅមានកម្រិតទាបជាងប្រទេសវៀតណាម ប៉ុន្តែកម្ពុជាក៏កំពុងទទួលការហូរចូលប្រភេទថ្នាំពុលកសិកម្ម និងជីគីមីពីប្រទេសជិតខាង ជាពិសេសខេត្តដែលនៅជាប់ព្រំដែន។
លោកបន្ថែមថា ក្រុមហ៊ុននាំចេញមានការព្រួយបារម្ភប្រសិនបើពុំមានការអនុវត្តគោលនយោបាយឱ្យបានត្រឹមត្រូវទេ នៅរយៈពេល ៥-១០ ឆ្នាំខាងមុខ កម្ពុជាអាចនឹងរងគ្រោះពីការប្រើប្រាស់សារធាតុពុលទាំងនោះ។
លោកបញ្ជាក់ថា៖ «ដើម្បីជំរុញឱ្យកម្ពុជាក្លាយជាប្រទេសមានកសិកម្មបៃតង គឺត្រូវមានគោលនយោបាយការប្រើប្រាស់ថ្នាំពុល និងជី ដែលតាមរយៈគោលនយោបាយនេះវិស័យឯកជនត្រូវរួមចំណែកអនុវត្តឱ្យមានប្រសិទ្ធភាព ជាពិសេសការជំរុញឱ្យមានការវិនិយោគលើការកែច្នៃជីសរីរាង្គសម្រាប់ប្រើប្រាស់នៅក្នុងស្រុក។ ការជំរុញឱ្យប្រើប្រាស់ជីសរីរាង្គ មិនត្រឹមតែកាត់បន្ថយជាតិពុលលើដីកសិកម្មទេ ថែមចំណេញថវិកា និងសន្សំសំចៃបានផងដែរ»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា យន្តការរបស់ក្រសួង គឺជំរុញឱ្យពលរដ្ឋដាំដុះតាមការអនុវត្តកសិកម្មល្អ (GAP) ដើម្បីចៀសវាងមានការរាំងស្ទះដល់ការនាំចេញផលិតផលកសិកម្មជាពិសេសស្រូវអង្ករទៅកាន់សហគមន៍អឺរ៉ុប។
លោកបញ្ជាក់ថា៖ «យើងកំពុងតែជំរុញឱ្យកសិករដាំដុះតាមការអនុវត្តកសិកម្មល្អ (GAP) ឬប្រើប្រាស់ផ្ទះសំណាញ់ជាដើម ក៏ដូចជាជំរុញឱ្យប្រើជីធម្មជាតិផ្សេងៗ ដើម្បីកាត់បន្ថយចំណាយលើថ្លៃដើម និងរក្សាដីឱ្យមានជីជាតិបានយូរចៀសវាងប្រើថ្នាំពុលដែលនាំឱ្យដីខូចគុណភាព»។
អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា អង្ករ រួមទាំងផលិតផលកសិកម្មដទៃទៀតរបស់កម្ពុជា សុទ្ធតែត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ មុននឹងអាចនាំចេញទៅក្រៅប្រទេសបាន។
លោកអះអាងថា៖ «ចំពោះការនាំចេញអង្ករទៅអឺរ៉ុប និងចិន យើងតែងប្រយ័ត្នខ្លាំងណាស់ ព្រោះគោលដៅទាំង ២ នេះជាទីផ្សារដ៏ធំរបស់យើង។ ដូច្នេះដាច់ខាតគឺយើងនឹងមិនឱ្យមានបញ្ហានេះកើតឡើងទេ ព្រោះអាចនាំឱ្យខូចឈ្មោះយើងក្នុងនាមជាប្រទេសដែលផលិតស្បៀង។ អង្ករយើងជាប្រភេទល្អជាងគេនៅក្នុងពិភពលោក ដោយជាប់លេខ ១ ជាច្រើនដង ហើយអង្ករយើងក៏មិនដែលមានបញ្ហានៅសហគមន៍អឺរ៉ុប សូម្បីគេកំណត់តឹងរ៉ឹងបំផុត គឺយើងនៅតែធ្វើបានដែរ»។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា នៅរយៈពេល ៥ ខែឆ្នាំ ២០២២ កម្ពុជា បាននាំចេញអង្ករទៅប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន ២៣ ប្រទេស បានចំនួន ៨៨ ១៦៧ តោន ឬស្មើនឹង ៣១ ភាគរយ កើន ៤៩,២៦ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១៕ LA
វីដេអូ៖