
កសិករផលិតស្ករត្នោត នាពេលកន្លងទៅ។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) កំពុងប្រឈមនឹងបញ្ហាអាកាសធាតុ ដែលនាំឱ្យការប្រមូលផលធ្លាក់ចុះប្រមាណ ៥០ ភាគរយក្នុងឆ្នាំនេះ ខណៈតម្រូវការទីផ្សារកំពុងកើនឡើងជាបន្តបន្ទាប់។
ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ លោក សំ សារឿន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ឆ្នាំនេះ ដោយសារអាកាសធាតុមានការប្រែប្រួលធ្លាក់ភ្លៀងតាំងពីដើមខែមេសាបានធ្វើឱ្យការប្រមូលផលស្ករត្នោតកំពង់ស្ពឺមានការថយចុះច្រើន ដោយបរិមាណមិនគ្រប់ទៅតាមតម្រូវការទីផ្សារឡើយ។
លោកបន្ថែមថា ក្រុមហ៊ុននាំចេញបានបញ្ជាទិញប្រមាណ ១៥០ តោននៅឆ្នាំនេះ ប៉ុន្តែខាងសមាគមផលិតបានត្រឹមពី ៧០ ទៅ ៨០ តោនប៉ុណ្ណោះ ព្រោះអាកាសធាតុមិនអំណោយផល ដែលធ្វើឱ្យទិន្នផលធ្លាក់ចុះជិតពាក់កណ្តាល។
លោក សំ សារឿន បានលើកឡើងថា «ការផលិតស្ករត្នោតពិតជាថយចុះ ហើយបញ្ហានេះបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ដែលធ្វើឱ្យភ្លៀងធ្លាក់ច្រើននៅក្នុងរដូវប្រមូលផលពិសេសគឺចាប់ពីខែមេសា ដែលជារដូវប្រមូលផលស្ករត្នោតកំពង់ស្ពឺ។ ស្ករត្នោតកំពង់ស្ពឺអាចផលិត និងប្រមូលផលបានក្នុងតំបន់ស្រុកឧដុង្គ និងសំរោងទងនៃខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមិនអាចពង្រីកការប្រមូលផលទៅតំបន់ផ្សេងបាននោះទេ ព្រោះជាផលិតផល GI។ ម្យ៉ាងវិញទៀត ស្រុកទាំង ៣ នេះជាតំបន់ដែលមានប្រភេទដីខ្សាច់ជម្រៅយ៉ាងតិច ០,៨ ម៉ែត្រ នៅបាតក្រោមមានគ្រួស និងជាប្រភេទដីចម្រោះទឹកបានល្អ ដែលធ្វើឱ្យគុណភាពស្ករត្នោតកំពង់ស្ពឺល្អ និងមានរសជាតិឈ្ងុយ និងពណ៌ដូចសាច់ល្ពៅ»។
ចំពោះតម្លៃវិញត្រូវប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺអះអាងថា មិនអាចប្រាប់បានទេ ព្រោះថាអាចនឹងប៉ះពាល់ដល់ក្រុមហ៊ុននាំចេញ ប៉ុន្តែលោកនិយាយថា កសិករ ១ គ្រួសារអាចរកចំណូលបានពី ៤ ០០០ ទៅ ៥ ០០០ ដុល្លារក្នុង ១ រដូវ ពីមុខរបរនេះ។
បើតាមលោក សារឿន នៅឆ្នាំនេះ មានក្រុមហ៊ុនចំនួន ៣ និងអាជីវករក្នុងស្រុកចំនួន ១ ដែលប្រមូលទិញយកទៅលក់បន្តឱ្យក្រុមហ៊ុនមួយចំនួនដែលនាំចេញទៅប្រទេសកូរ៉េ និងចិន ជាដើម។ កាលពីឆ្នាំ ២០២១ ការនាំចេញស្ករត្នោតកំពង់ស្ពឺ GI មានចំនួន ១៥៧ តោន។
លោកបន្តថា៖ «ទិន្នផលនៅឆ្នាំក្រោយ យើងមិនទាន់ដឹងថាគ្រប់តាមតម្រូវការ ឬអត់ ដោយត្រូវរង់ចាំមើលអាកាសធាតុសិន ប៉ុន្តែក្រុមហ៊ុននឹងប្រមូលទិញទាំងអស់ឱ្យតែសមាគមផលិតបាន»។
លោក ហៃ លីអ៊ាង អគ្គនាយកក្រុមហ៊ុន ខនហ្វីរ៉ែល ដែលជាក្រុមហ៊ុននាំចេញផលិតផលស្ករត្នោតកំពង់ស្ពឺដ៏ធំមួយបានប្រាប់ថា ដោយសារកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ស្ករត្នោតកំពង់ស្ពឺចំពោះរសជាតិ និងគុណភាពនៅទីផ្សារអន្តរជាតិបានជំរុញឱ្យតម្រូវការស្ករត្នោតកំពង់ស្ពឺមានការកើនឡើង។
លោកឱ្យដឹងទៀតថា ជាទូទៅមុននឹងនាំចេញ ក្រុមហ៊ុនតែងតែធ្វើការវិភាគពីតម្រូវការទីផ្សារ មុននឹងប្រមូលទិញពីកសិករ ប៉ុន្តែដោយសារតម្រូវការលើស និងការផលិតមានបញ្ហាធ្វើឱ្យការនាំចេញមិនអាចគ្រប់គ្រាន់តាមតម្រូវការឡើយ។
លោកបញ្ជាក់ថា៖ «ស្ករត្នោតរបស់យើងទទួលបានការចាប់អារម្មណ៍ច្រើនពីទីផ្សារអឺរ៉ុប ថាជាផលិតផលមានគុណភាពខ្ពស់ខុសពីស្ករត្នោតដែលលក់នៅទីផ្សារក្នុងស្រុក»។
ស្ករត្នោតខេត្តកំពង់ស្ពឺត្រូវបានទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ដ្រ (GI) កាលពីឆ្នាំ ២០១០ និងបានចុះបញ្ជីនៅក្នុងសហភាពអឺរ៉ុប ជាការចង្អុលបង្ហាញពីប្រភពដើម និងការចង្អុលបង្ហាញភូមិសាស្ត្រការពារ (PGI) នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៩។ ការចុះបញ្ជីនេះនាំឱ្យស្ករត្នោតកំពង់ស្ពឺក្លាយជាផលិតផលកម្ពុជាទី ២ ដែល អឺរ៉ុបទទួលស្គាល់កម្រិតគុណភាពស្តង់ដាខ្ពស់ បន្ទាប់ពីម្រេចកំពតដែលបានទទួលស្គាល់កាលពីឆ្នាំ ២០១៦៕ LA