
«ទស្សនាវដ្តីនៅក្នុងដៃនាង» ត្រូវដាក់ឱ្យប្រើប្រាស់ ដែលផ្តល់ឱ្យសហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជា នូវឧបករណ៍សម្រាប់កសាងអាជីវកម្មមួយមានភាពរឹងមាំ។ USAID Cambodia
ភ្នំពេញៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងអង្គការផេច-កម្ពុជា កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវ «ទស្សនាវដ្តីនៅក្នុងដៃនាង» ដែលផ្តល់ឱ្យសហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជា នូវឧបករណ៍សម្រាប់កសាងអាជីវកម្មមួយមានភាពរឹងមាំ។
តាមសេចក្តីប្រកាសព័ត៌មានភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី ៨ ខែមិថុនា ឱ្យដឹងថា តាមរយៈការផ្តល់ជូននូវធនធានសំខាន់ៗ និងករណីសិក្សា ទស្សនាវដ្តីនេះដើរតួជាការណែនាំពីរបៀបដែលអាចឱ្យសហគ្រិនធ្វើការដោះស្រាយបញ្ហាប្រឈមដែលពួកគេជួបប្រទះក្នុងអាជីវកម្មក៏ដូចជារបៀបចុះឈ្មោះជាដើម។
សេចក្តីប្រកាសព័ត៌មាននេះបន្តថា ទស្សនាវដ្តីនេះមានជាភាសាខ្មែរ និងភាសាអង់គ្លេស ហើយរៀបរាប់លម្អិតពីជំហានសំខាន់ៗដែលត្រូវការ ដើម្បីប្រែក្លាយអាជីវកម្មក្រៅផ្លូវការតូចមួយឱ្យទៅជាសហគ្រាសស្របច្បាប់មានសក្ដានុពល កំណើនខ្ពស់ និងការការពារផ្លូវច្បាប់។
លោកស្រី Hanh Nguyen នាយិកាបេសកកម្មស្តីទីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំនៅកម្ពុជាបាននិយាយថា ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិគាំទ្រយ៉ាងខ្លាំងដល់ការចូលរួមរបស់ប្រជាពលរដ្ឋ និងផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី គឺពិតជាសំខាន់។
លោកស្រីថ្លែងថា៖ «ទស្សនាវដ្តីនេះនឹងផ្តល់ឱ្យសហគ្រិនស្ត្រីកម្ពុជានូវព័ត៌មានដែលពួកគេត្រូវការ ដើម្បីចាប់ផ្តើម និងពង្រីក អាជីវកម្មរបស់ពួកគេ»។
លោកស្រី Sabine Joukes នាយិកាប្រចាំប្រទេសរបស់អង្គការផេចកម្ពុជាបាននិយាយថា ទស្សនាវដ្តីនេះគាំទ្រសហគ្រិនស្ត្រីក្នុងការធ្វើឱ្យអាជីវកម្មក្នុងក្តីសុបិនរបស់ពួកគេក្លាយជាការពិត។ ទស្សនាវដ្ដីនេះក៏បង្ហាញរឿងរ៉ាវជីវិតពិតរបស់សហគ្រិន-ស្ត្រីអំពីបញ្ហាប្រឈមរបស់ពួកគេ និងផ្តល់នូវជំហានជាក់ស្តែងក្នុងការដោះស្រាយបញ្ហានានា ដើម្បីឱ្យសហគ្រិនស្ត្រីអាចដោះស្រាយបញ្ហាទាំងនោះបាន។
កញ្ញា លាភ សុមាលី អគ្គនាយិកានៃមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាជីព KPI នៅកម្ពុជា (CAMKPI) ដែលបានចូលរួមក្នុងពិធីនោះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងទស្សនាវដ្តីនេះមាននិយាយពីសិទ្ធិប្រកបអាជីវកម្ម សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានគាំពារពីសង្គម និងទ្រព្យសម្បត្តិ។
កញ្ញាបន្តថា ទស្សនាវដ្តីនេះមិនមែនផ្តល់ផលប្រយោជន៍តែសម្រាប់សហគ្រិនស្ត្រីនោះទេ គឺវានឹងផ្តល់ផលប្រយោជន៍ដល់សហគ្រិនទាំងអស់ គ្រាន់តែចង់លើកទឹកចិត្តស្ត្រីឱ្យបើកធ្វើអាជីវកម្មកាន់តែច្រើន។
កញ្ញាបញ្ជាក់ថា៖ «ឱ្យតែបើកអាជីវកម្មមិនថាស្រី ឬប្រុសទេ។ ភាសាផ្លូវច្បាប់ គឺត្រូវអនុវត្តជាទូទៅ ប៉ុន្តែជាធម្មតាស្ត្រីមិនសូវទទួលបានព័ត៌មាន។ អ៊ីចឹងវាជាការលើកទឹកចិត្តសម្រាប់សហគ្រិនស្ត្រី។ តាមពិតគោលការណ៍ផ្តល់ គឺដូចគ្នា»៕ LA