ភ្នំពេញៈ ធនាគារ​ពិភពលោក ​(WB) ​បាន​ព្រមាន​ថា វិបត្តិ​ ២ ដែល​កើតឡើង​ផ្ទួន គឺ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ និង​ការឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​លើ​អ៊ុយក្រែន​បាន​កំពុង​រារាំង​ដល់​ការរំពឹងទុក​នៃ​ចក្ខុវិស័យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក និង​តំបន់​ពិសេស​ប្រទេស​កំពុងមាន​សេដ្ឋកិច្ច​រីកដុះដាល​ដូចជា​កម្ពុជា ដែល​ទាមទារ​ឱ្យ​អ្នកបង្កើត​គោលនយោបាយ​ធ្វើឱ្យ​មាន​តុល្យភាព​តម្រូវការ​ ដើម្បី​ធានា​និរន្តរភាព​សារពើពន្ធ​ជាមួយ​តម្រូវការ​កាត់បន្ថយ​ផលប៉ះពាល់ និង​ហានិភ័យ​ដែល​អាច​កើតមាន​ជាយថាហេតុ​។

យោងតាម​របាយការណ៍​ចក្ខុវិស័យ​សេដ្ឋកិច្ច​សកល​ចុងក្រោយ​របស់​ធនាគារ​ពិភពលោក​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ៨ ខែមិថុនា ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​រំពឹងថា​នឹង​ស្រុតចុះ​ពី ៥ ​ទៅ​​ ៧​ ភាគរយ​នៅក្នុង​ឆ្នាំ ២០២១ មក​ត្រឹម ២,៩ ​ភាគរយ​នៅក្នុង​ឆ្នាំ​ ២០២២ ដែល​ទាប​ជាង​ច្រើន​ធៀប​នឹង ៤,១ ​ភាគរយ​ដែល​ត្រូវបាន​ប្រមើល​ទុក​កាលពី​ខែមករា​ដើមឆ្នាំ​នេះ​។ ចំណែក​កំណើន​សេដ្ឋកិច្ច​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក​ត្រូវបាន​ព្យាករ​ថា​នឹង​ធ្លាក់​ចុះមក​នៅត្រឹម​ ៤,៤ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២២ មុនពេល​កើន​ដល់ ៥,២ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២៣ ដែល​ឆ្លុះបញ្ចាំង​ពី​ការធ្លាក់ចុះ​គួរឱ្យ​កត់សម្គាល់​នៅក្នុង​ប្រទេស​ចិន​។ ទន្ទឹមនឹងនេះ​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ត្រូវបាន​ព្យាករ​ថា​នឹងមាន​ចំនួន ៤,៥ ​ភាគរយ​នៅ​ឆ្នាំ​ ២០២២ និង ៥,៨ ភាគរយ​សម្រាប់​ឆ្នាំ​ ២០២៣​។

ជាមួយ​គ្នានេះដែរ​លោក Ayhan Kose ប្រធាន​ក្រុម Prospects Group នៃ​ធនគារ​ពិភពលោក​បាន​ថ្លែងថា បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចាំបាច់​ត្រូវតែ​ថ្លឹងថ្លែង​រវាង​តម្រូវការ​នៃ​ភាពចាំបាច់​ ដើម្បី​រក្សា​ស្ថិរភាព​សារពើពន្ធ​ជាមួយ​នឹង​តម្រូវការ​ក្នុងការ​សម្រាល​ផល​ប៉ះទង្គិច​របស់​វិបត្តិ​ដែល​កំពុង​កើតមាន​ផ្ទួនៗ​គ្នា​ទៅលើ​ពលរដ្ឋ​ក្រីក្រ​បំផុត​របស់ខ្លួន​នាពេល​បច្ចុប្បន្ន​»​។

លោក​បាន​ថ្លែងថា​៖ «​ការផ្សព្វផ្សាយ​ឱ្យបាន​ច្បាស់លាស់​អំពី​ការសម្រេច​ចិត្ត​ផ្នែក​គោលនយោបាយ​រូបិយវត្ថុ​, ការបង្កើន​អានុភាព​នៃ​ក្របខ័ណ្ឌ​គោលនយោបាយ​រូបិយវត្ថុ​គួរឱ្យ​ទុកចិត្ត​បាន និង​ការការពារ​ឱ្យបាន​នូវ​ឯករាជភាព​របស់​ធនាគារ​កណ្តាល​ទាំងអស់​នេះ​អាចមាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​គ្រប់គ្រង​ឱ្យបាន​នូវ​ក្តី​រំពឹងទុក​ចំពោះ​កម្រិត​អតិផរណា និង​ក៏​ជួយ​កាត់បន្ថយ​បានដែរ​នូវ​បរិមាណ​វិធានការ​ការ​រឹតបន្តឹង​ផ្នែក​គោលនយោបាយ ដែល​ចាំបាច់​សម្រាប់​ធ្វើឱ្យមាន​ឥទ្ធិពល​សមតាម​បំណង​ដែល​ចង់បាន​ទៅលើ​អតិផរណា និង​សកម្មភាព​នានា​»​។

លោក Kenji Okamura នាយករង​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅពេល​ថ្មីៗ​នេះ​ថា សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​កំពុង​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​អាស៊ី​តាមរយៈ​បណ្តាញ​សំខាន់​ចំនួន​ ២ គឺ​តាមរយៈ​ការកើនឡើង​តម្លៃ​ទំនិញ​ប្រើប្រាស់ និង​មួយទៀត​តាមរយៈ​ពាណិជ្ជកម្ម​។ តំបន់​នេះ​បាន​រង​ផលប៉ះពាល់​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​រុស្ស៊ី​មាន​កម្រិត​តិច ប៉ុន្តែ​ទំនាក់ទំនង​គួរឱ្យ​កត់សម្គាល់​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុប​ និង​ផលប៉ះពាល់​ពី​អឺរ៉ុប​ត្រូវតែ​កត់សម្គាល់​។

លោក​បាន​ព្យាករ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹងមាន​កំណើន​ប្រហែល ៥ ​ភាគរយ​នៅ​ឆ្នាំនេះ ហើយនឹង​ត្រឡប់​មកជា​បណ្តើរៗ​វិញ​ក្នុង​រង្វង់​ពី ៦-៦,៥ ​ភាគរយ​ក្នុង​រយៈពេល​មធ្យម​។ អត្រា​កំណើន​នេះ​គឺ​ខ្ពស់​គួរសម ទោះបី​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក៏ដោយ​។

លោក​បន្តថា​៖ «​រហូត​មកដល់​ពេលនេះ ការ​ស្ទុះ​ងើបឡើង​វិញ​របស់​កម្ពុជា គឺ​ត្រូវបាន​ជំរុញ​ជា​ចម្បង​ដោយ​តម្រូវរ​ខាងក្រៅ​សម្រាប់​ទំនិញ​ផលិតកម្ម ជាពិសេស​សម្លៀកបំពាក់ និង​ស្បែកជើង​។ ចក្ខុវិស័យ​ជារួម​មាន​ភាពវិជ្ជមាន ប៉ុន្តែ​យើង​ក៏​ឃើញ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែរ​»​។

លោក​ផ្ដល់យោបល់​ដល់​កម្ពុជា​ថា បញ្ហា​អាទិភាព​កម្ពុជា​ត្រូវ​រក្សា​ការពារ​ផ្នែក​ដែល​ងាយ​រងគ្រោះ​បំផុត​របស់​ប្រជាជន​។ ការគាំទ្រ​សង្គម​ចំ​គោលដៅ ដូចជា​តាមរយៈ​កម្មវិធី​ផ្ទេរ​សាច់ប្រាក់ ដែល​ត្រូវបាន​បន្ត​រហូត​ខែមីនា​អាច​ការពារ​ជនក្រីក្រ​បំផុត​ប្រឆាំង​ការកើនឡើង​តម្លៃ​ទំនិញ​ប្រើប្រាស់​សំខាន់ៗ​។

លោក Okamura បន្ថែមថា វិធានការ​គាំទ្រ​ផ្សេងៗ​ទៀត ដូចជា​វិធាន​ការគាំទ្រ​ឥណទាន និង​ការលើកលែង​ពន្ធ នឹងត្រូវ​ធ្វើការ​វិនិច្ឆ័យ​ដោយ​ប្រុង​ប្រយ័ត្ន ដោយ​ធ្វើឱ្យ​ប្រាកដថា​សេដ្ឋកិច្ច​ត្រូវបាន​គាំទ្រ​នៅ​កន្លែង​ដែលមាន​តម្រូវការ ប៉ុន្តែ​ត្រូវ​ប្រើប្រាស់​ធនធាន​ប្រកប​ដោយ​ភាព​វៃឆ្លាត​៕ LA