ភ្នំពេញៈ កម្ពុជា​រំពឹង​ទទួល​បាន​កំណើន​ការវិនិយោគ​កាន់តែច្រើន​ពី​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ និង​មាន​បច្ចេកវិទ្យា​ខ្ពស់​ពី​បណ្តា​ប្រទេស​នៅ​តំបន់​អាមេរិក​ខាងជើង និង​តំបន់​អឺរ៉ុប បន្ទាប់ពី​ក្រុមការងារ​របស់​សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC) បាន​ជួបពិភាក្សា​ជា​បន្តបន្ទាប់​ជាមួយ​សមាគម និង​សភាពាណិជ្ជកម្ម​របស់​ប្រទេសមួយ​ចំនួន​នៅ​ទីនោះ​។ នេះ​បើ​យោង​តាម​ថ្នាក់ដឹកនាំ​របស់​សភាពាណិជ្ជកម្ម​កម្ពុជា​។

ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ប្រទេស​កាណាដា តាម​ប្រព័ន្ធ​តេឡេក្រាម​កាលពី​ថ្ងៃទី​ ៩ ខែមិថុនា លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​និយាយថា ជាមួយ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ក្នុង​រយៈពេល​ប្រមាណ ១ ​ខែ​មកនេះ លោក និង​ក្រុម​ការងារ​បាន​ជួបពិភាក្សា​ជាមួយ​ក្រុម​អ្នក​វិនិយោគ និង​សភាពាណិជ្ជកម្ម​ប្រទេស​ជាច្រើន ជាពិសេស​ជាមួយ​តំណាង​សភា​ពាណិជ្ជកម្ម​អាមេរិក កាណាដា និង​អឺរ៉ុប​។

លោក​បន្តថា ក្រៅពីនោះ​ក្រុមការងារ​ពី​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ការិយាល័យ​តំណាង​សភា​ពាណិជ្ជកម្ម​កម្ពុជា​នៅក្នុង​ប្រទេស​កាណាដា​ផងដែរ​។

លោក​ថ្លែងថា​៖ «​វិនិយោគិន​នៅតាម​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ក្នុង​តំបន់​អាមេរិក​ខាងជើង និង​អឺរ៉ុប បាន​សន្យា​នឹង​រក​ឱកាស​សមស្រប​ណាមួយ​មក​ពិនិត្យ​លទ្ធភាព​​វិនិយោគ​នៅ​កម្ពុជា​»​។

យោងតាម​លោក លឹម ហេង ក្នុង​ជំនួប​ជាមួយ​ក្រុម​និ​យោគិន​ជាច្រើន​នោះ ក៏មាន​ក្រុមហ៊ុន​ផលិត​ថាមពល​អគ្គិសនី​ពី​នុយក្លេអ៊ែរ​មួយ​បង្ហាញ​ការចាប់​អារម្មណ៍​ចំពោះ​ការវិនិយោគ​លើ​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ពី​នុយក្លែរអ៊ែរ​ផងដែរ ដោយ​រង់ចាំ​ឱ្យ​កម្ពុជា​មានច្បាប់​ស្តីពី​ថាមពល​ពី​នុយក្លែអ៊ែរ ជាមុនសិន​។

លោក លឹម ហេង បញ្ជាក់ថា​៖ «​កម្ពុជា​ជា​ប្រទេស​ដែលមាន​លក្ខណៈ​គ្រប់បែប​យ៉ាង​សម្រាប់​ការ​ចូលមក​បណ្តាក់ទុន​»​។

បើតាម​លោក លឹម ហេង ក្រៅពីនេះ​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​សភា​ពាណិជ្ជកម្ម​អាមេរិក​ក៏បាន​សន្យា​នឹង​បង្កើត​ឱ្យ​មាន​ជំនួប​គ្នា​ជា​រៀងរាល់​ឆ្នាំ​តាម​ដែល​អាច​ធ្វើបាន ព្រមទាំង​ជំរុញ​ការចុះ​កិច្ចព្រមព្រៀង​យោគយល់​ជាមួយ​គ្នា​ផងដែរ​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លេក ហុង វណ្ណៈ បាន​ប្រាប់ថា ប្រទេស​នៅ​អាមេរិក​ខាងជើង ​(​អាមេរិក និង​កាណាដា​) ព្រមទាំង​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន និង​មានប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបៗ​។ ប្រសិន​បើ​ក្រុមហ៊ុន​មកពី​ប្រទេស​ក្នុង​តំបន់​ទាំង ២ ចូលមក​វិនិយោគ​នៅ​កម្ពុជា​ច្រើន វា​នឹង​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​កម្ពុជា​លើ​គ្រប់​វិស័យ ពិសេស​នឹង​ជួយ​ឱ្យ​សមត្ថភាព​នៃ​ការផលិត គុណភាព និង​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​កាន់តែច្រើន និង​មាន​និរន្តរភាព​។

លោក​បន្តថា បន្ថែម​ពីលើ​នេះ​ប្រទេស​កម្ពុជា​ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​នឹង​ប្រទេស​ចិន និង​កូរ៉េ ព្រមទាំង​កិច្ចព្រមព្រៀង​តំបន់ RCEP ផងដែរ ដែល​កិច្ចព្រមព្រៀង​ទាំងនេះ​បានផ្តល់​លទ្ធភាព​ច្រើន​សម្រាប់​ការចូល​បណ្តាក់ទុន និង​ការនាំចេញ​ទំនិញ​ទៅកាន់​ប្រទេស​ជា​សមាជិក​ដែល​បាន​ចុះហត្ថលេខា​។

លោក​និយាយថា​៖ «​ខ្ញុំ​គិតថា ជំនួប​របស់​សភាពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​នឹង​សភា​ពាណិជ្ជកម្ម​អាមេរិក កាណាដា និង​អឺរ៉ុប នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​ការ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ដែល​នឹង​ក្លាយជា​កម្លាំង​ចលករ​ក្នុងការ​រុញឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​មួយ​មាន​ភាពរឹងមាំ និង​ជួយ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អាច​សម្រេច​បាន​ផែនការ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៣០»​។

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញថា នៅក្នុង​រយៈពេល ៤ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០២២ ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មាន​ទឹកប្រាក់​ប្រមាណ ១៧,៦៥ ​ពាន់​លាន​ដុល្លារ កើនឡើង ១៥,៥ ​ភាគរយ ក្នុងនោះ​ការនាំចូល​មាន​ចំនួន ១០,០៤ ​ពាន់​លាន​ដុល្លារ កើនឡើង ៥,៤ ​ភាគរយ និង​ការនាំចេញ​មាន​ចំនួន ៧,៦​ ពាន់​លាន​ដុល្លារ​កើនឡើង ៣២,១​ ភាគរយ​៕ LA