ភ្នំពេញៈ កម្ពុជា​រំពឹង​អាច​ទាក់ទាញ​វិនិយោគិន​បរទេស​ពី​ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​មកពី​អាមេរិក​ឱ្យ​ចូលមក​បណ្តាក់ទុន​លើ​ការផលិត​បន្ទះ​សូឡា​ ដើម្បី​នាំទៅ​ទីផ្សារ​អាមេរិក ក្រោយពេល​ប្រធានាធិបតី​នៃ​ប្រទេស​នេះ​ប្រកាស​លើកលែង​ពន្ធគយ​អនុវត្ត​ចំពោះ​បន្ទះ​សូឡា​ដែល​នាំចូល​ពី​ប្រទេស​ចំនួន ៤ រួមទាំង​កម្ពុជា ក្នុង​រយៈពេល ២ ​ឆ្នាំ ដើម្បី​ជួយ​ជំរុញ​ផលិតកម្ម​នៅ​អាមេរិក​។

សារព័ត៌មាន Neike បាន​រាយការណ៍​ថា ការលើកលែង​បង់ពន្ធ​គយ​នេះ​អនុវត្ត​ចំពោះ​បន្ទះ​សូឡា​ដែល​នាំចូល​ពី​ប្រទេស​កម្ពុជា ម៉ាឡេស៊ី វៀតណាម និង​ថៃ ដោយ​ត្រូវធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ធានាថា សហរដ្ឋអាមេរិក​មាន​លទ្ធភាព​ទទួល​បាន​ការផ្គត់ផ្គង់​ម៉ូឌុល​ថាមពល​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ ដើម្បី​បំពេញតម្រូវការ​ផលិត​អគ្គិសនី ខណៈពេល​ដែល​ការផលិត​ក្នុងស្រុក​កើនឡើង​។ ​នេះ​បើតាម​ការចេញផ្សាយ​របស់​សេត​វិមាន​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​។

លោក ហេង គុណលាង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពលបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៨ ខែមិថុនា ថា រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោលនយោបាយ​លើកទឹកចិត្ត​ចំពោះ​ការផលិត​ផ្ទាំង​សូឡា ក៏ដូចជា​ឧបករណ៍​គ្រឿងបន្លាស់​អគ្គិសនី ដើម្បី​ប្រើប្រាស់​នៅក្នុង​ស្រុក​ផង និង​អាច​នាំចេញ​ផង​។

លោក​បន្ថែមថា កម្ពុជា​ក៏​ដូចជា​បណ្តា​ប្រទេស​ដទៃទៀត​ដែរ​គឺ​កំពុង​រួមគ្នា​ឆ្ពោះទៅ​កាន់ការ​កាត់បន្ថយ​ផលប៉ះពាល់​ផ្សេងៗ​ដូចជា ការប្រែប្រួល​អាកាសធាតុ និង​ជំរុញឱ្យមាន​ការប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​ឱ្យ​ជា​អតិបរមា​។

លោក​បញ្ជាក់ថា​៖ «​មិនថាតែ​អាមេរិក​ទេ​ដែល​ជំរុញ​ការប្រើប្រាស់​ថាមពល​បៃតង ឬថាមពល​កកើត​ឡើងវិញ និង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ កម្ពុជា​ក៏​ដូចគ្នា​ដែរ គឺ​នឹង​បន្ត​ជំរុញ​ និង​លើកទឹកចិត្ត​ដល់​អ្នក​ផលិត និង​អ្នក​ប្រើ​ឱ្យ​ងាក​មក​ប្រើ​ថាមពល​ប្រភេទ​នេះ​ឱ្យបាន ៥០ ​ភាគរយ​នៅ​ឆ្នាំ​ ២០៤០ នៃ​ចំនួន​ប្រើប្រាស់​សរុប ខណៈ​នៅ​ឆ្នាំ​ ២០២១ ការប្រើប្រាស់​ថាមពល​សូឡា​មាន​ត្រឹម ១២ ​ភាគរយ​»​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់ថា ក្រសួង​ទទួលបាន​ព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃទី​ ៦ ខែមិថុនា​ថា លោក​ប្រធានាធិបតី Joe Biden បានចេញ​សេចក្តី​ប្រកាស និង​អនុញ្ញាត​ពន្យារពេល​បណ្តោះអាសន្ន​លើកលែង​ពន្ធ​នាំចូល​លើ Solar Cells និង Modules ពី​ប្រទេស​មួយចំនួន​នៅ​អាស៊ីអាគ្នេយ៍​។ លោក​បន្ថែមថា អនុលោម​តាម​សេចក្តី​ប្រកាស​របស់​ប្រធានាធិបតី​អាមេរិក​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​នឹង​ចេញ​បទប្បញ្ញត្តិ​សម្រាប់​លើកលែង​ពន្ធ​លើ​ការ​នាំចូល Solar Cells និង Modules ពី​កម្ពុជា ថៃ ម៉ាឡេស៊ី និង​វៀតណាម​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ក៏​អបអរ​ចំពោះ​ដំណឹង​ការលើកលែង​ពន្ធ​នាំចូល​លើ Solar Cells និង Modules ពី​ប្រទេស​មួយចំនួន​នៅ​អាស៊ីអាគ្នេយ៍ រួមទាំង​កម្ពុជា ដោយ​លោក​យល់ថា ការលើកលែង​ពន្ធ​នឹង​ជំរុញ​ការវិនិយោគ​បន្ទះ​សូឡា​នៅ​កម្ពុជា​កាន់តែច្រើន​ថែមទៀត​។

លោក​និយាយថា​៖ «​នេះ​ជា​សញ្ញា​ល្អ​មួយទៀត ដោយសារ​តែ​យើង​មាន GSP ពី​អាមេរិក​ហើយ ឥឡូវ​ថែមទាំង​ទទួលបាន​ការលើកលែង​ពន្ធចំពោះ​ផលិតផល​សូឡា​ទៀត ពិតជា​រឿង​ដ៏ល្អ​សម្រាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​អាមេរិក​ និង​កម្ពុជា​។ កន្លងមក​ការផលិត​បរិក្ខារ​អគ្គិសនី ក៏ដូចជា ផ្ទាំង​សូឡា​នេះ គឺ​បាន​ដំឡើង​នៅ​កម្ពុជា និង​បាន​នាំចេញ​ច្រើន ស្របពេល​អាមេរិក​មានការ​ដំឡើង​ពន្ធចំពោះ​ការនាំចូល​ពី​ចិន បន្ទាប់ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​គ្នា​។ បញ្ហា​នេះ​ធ្វើឱ្យ​ក្រុមហ៊ុន​មួយចំនួន​ងាក​មក​បើក​រោងចក្រ​ផ្សេងៗ ពិសេស​បរិក្ខារ​អគ្គិសនី និង​ផលិតផល​សូឡា​នេះ នៅ​កម្ពុជា​»៕ LA

វីដេអូ៖