
អគ្គនាយកដ្ឋានពន្ធដារ (GDT)។ ហុង មិនា
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានប្រាប់មន្ត្រីពាក់ព័ន្ធឱ្យពង្រឹងអភិបាលកិច្ច និងរដ្ឋបាលកិច្ចល្អរបស់ស្ថាប័នរដ្ឋ ដើម្បីធានាបានការគ្រប់គ្រងប្រមូលពន្ធគ្រប់ប្រភេទប្រកបដោយតម្លាភាព ជាពិសេសទប់ស្កាត់ការគេចវេះ និងក្លែងបន្លំពន្ធនានាដែលនាំឱ្យបាត់បង់ចំណូលថវិកាជាតិ។
តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងថ្ងៃទី ៩ ខែមិថុនា បញ្ជាក់ថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញនូវវិធានការងារប្រកបដោយស្មារតីបុរេសកម្ម និងពង្រឹងជានិច្ចនូវរដ្ឋបាលកិច្ចល្អ តាមរយៈការពង្រឹងការផ្តល់សេវាល្អជូនប្រជាពលរដ្ឋ និងការដាក់ចេញឱ្យប្រើប្រាស់នូវប្រព័ន្ធ និងកម្មវិធីបច្ចេកវិទ្យាព័ត៌មានជាបន្តបន្ទាប់ ដើម្បីពង្រឹងការប្រមូលចំណូលពន្ធ។ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ GDT បានរកឃើញករណីជនទុច្ចរិតមួយចំនួនតូចបានប្រើប្រាស់ឯកសារ ឬត្រាក្លែងបន្លំដែលធ្វើឱ្យខាតបង់ចំណូលពន្ធប្រថាប់ត្រា និងពន្ធពាក់ព័ន្ធផ្សេងៗទៀត។
សេចក្តីប្រកាសព័ត៌មានសរសេរថា៖ «ក្នុងន័យនេះ ការចូលរួមរបស់គ្រប់ស្ថាប័នពាក់ព័ន្ធក្នុងការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ (GDT Check & Track) គឺមានន័យថា ចូលរួមទប់ស្កាត់ការក្លែងបន្លំឯកសារ ការគេចវេះ និងក្លែងបន្លំពន្ធ»។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធីនៃការប្រកាសបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ (GDT Check & Track)» កាលពីថ្ងៃទី ៨ ខែមិថុនាថា កម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់អ្នកជាប់ពន្ធ និងអ្នកប្រើប្រាស់ទាំងអស់ក្នុងការតាមដានស្ថានភាពឯកសារដែលបានដាក់ចូលមករដ្ឋបាលសារពើពន្ធ ត្រួតពិនិត្យភាពត្រឹមត្រូវនៃឯកសារដែលបានចេញដោយរដ្ឋបាលសារពើពន្ធ ពិនិត្យឯកសារប្រថាប់ត្រាអចលនទ្រព្យ ពិនិត្យលតាបត្រពន្ធមធ្យោបាយ ត្រួតពិនិត្យឯកសារនានា ពិនិត្យបណ្ណសម្គាល់ខ្លួនមន្ត្រីរាជការពន្ធដារ ត្រួតពិនិត្យបង្កាន់ដៃបង់ប្រាក់ពន្ធ និងកម្មវិធីផ្សេងៗ។
លោកបន្ថែមថា កម្មវិធីនេះត្រូវបានដាក់ឱ្យប្រើលើទូរស័ព្ទដៃឆ្លាតវៃ ដែលដំណើរការទាំងនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android។ ដូច្នេះការចូលរួមប្រើកម្មវិធីនេះ គឺមានន័យថាចូលរួមទប់ស្កាត់ការក្លែងបន្លំឯកសារ ការគេចវេះ និងក្លែងបន្លំពន្ធ ដែលអាចជាហានិភ័យ និងបង្កបញ្ហាស្មុគស្មាញដល់អ្នកទទួលកម្មសិទ្ធិអចលនទ្រព្យ និងការខាតបង់ចំណូលពន្ធប្រថាប់ត្រា និងពន្ធពាក់ព័ន្ធដល់ថវិកាជាតិ។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៩ ខែមិថុនាថា ការប្រមូលពន្ធមានការធ្លុះធ្លាយ និងកេងបន្លំនេះមិនមែនទើបកើតឡើងនៅពេលនេះទេ គឺកើតមានជាច្រើនឆ្នាំមកហើយ។ ដូច្នេះការដាក់ចេញរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងការលុបបំបាត់ការគេចវេះ និងក្លែងបន្លំពន្ធនៅពេលនេះពិតជាល្អ។ លោកបន្តថា ការពិន័យចំពោះអ្នកធ្វើអំពើទុច្ចរិតកេងបន្លំពន្ធដារនេះឱ្យបានធ្ងន់ធ្ងរ គឺជាកត្តាមួយដែលអាចរួមចំណែកដល់ការទប់ស្កាត់អំពើនេះបាន។
លោកថ្លែងថា៖ «ចំពោះការលេចធ្លាយពន្ធ និងការកេងបន្លំពន្ធនេះ អ្នកដែលរងគ្រោះ គឺប្រជាពលរដ្ឋដែលជាអ្នកបង់ពន្ធ ជាពិសេសពន្ធប្រថាប់ត្រាដែលពាក់ព័ន្ធជាមួយនឹងការទិញលក់ដីធ្លី និងអចលនទ្រព្យផ្សេងទៀត។ អ៊ីចឹង! ពន្ធប្រថាប់ត្រានេះ អ្នកដែលខាតបង់គឺប្រជាពលរដ្ឋដែលគាត់បង់ទៅឱ្យរដ្ឋហើយរដ្ឋាភិបាលក៏បាត់បង់ចំណូលហើយលេចធ្លាយទៅក្នុងហៅប៉ៅរបស់ជនទុច្ចរិតទៅវិញ»៕ LA