
ភ្នំពេញៈ គម្រោងវិនិយោគក្នុងវិស័យវាយនភណ្ឌចំនួន ០៤ ដែលមានទុនវិនិយោគសរុបជិត ១៦ លានដុល្លារ បង្កើតការងារបានជាង ៥ ៧០០ កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុញ្ញាតឱ្យវិនិយោគនៅក្នុងសប្តាហ៍ដំបូង នៃខែមិថុនានេះ។
យោងតាម CDC គម្រោងវិនិយោគទាំង ០៣ នេះរួមមាន គម្រោងបង្កើតរោងចក្រផលិតស្បែកជើងរបស់ក្រុម OCEAN FAST (CAMBODIA) FOOTWEAR FACTORY CO., LTD. នៅស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ៩១៤ កន្លែង, គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទរបស់ CASE SI TRAVEL PRODUCTS CO., LTD នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគប្រមាណ ៤,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៤ កន្លែង, គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ SYHJ GARMENT (CAMBODIA) CO., LTD. នៅស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៤ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ៩៥៨ កន្លែង និងគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទរបស់ក្រុមហ៊ុន SUNRISE OUTDOORS (CAMBODIA) CO., LTD នៅខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៧ កន្លែង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា ការចុះបញ្ជីក្រុមហ៊ុនថ្មីៗមានការកើនឡើង ហើយក្រុមហ៊ុនដែលឈរលំដាប់ជួរមុខនៅតែជាក្រុមហ៊ុនមកពីប្រទេសចិន ដោយភាគច្រើនវិនិយោគទៅលើវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ កាបូប និងស្បែកជើង។
លោកបានបញ្ជាក់ថា៖ «សភាពាណិជ្ជកម្មនឹងបន្តប្រឹងប្រែងសហការជាមួយរាជរដ្ឋាភិបាល ក្នុងការកៀរគរអ្នកវិនិយោគបន្ថែមទៀតមកកម្ពុជា ជាពិសេសជំរុញឱ្យមានការវិនិយោគលើវិស័យសំខាន់ បន្ទាប់ពីកម្ពុជាមានលក្ខខណ្ឌអំណោយផលជាច្រើនសម្រាប់ទាក់ទាញការវិនិយោគមកពីបណ្តាប្រទេសទាំងនោះ»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា (GMAC) បានឱ្យដឹងថា កំណើននៃរោងចក្រកាត់ដេរសម្លៀកបំពាក់នឹងបន្តជំរុញកំណើននៃការនាំចេញវិស័យនេះ។
លោកបានបញ្ជាក់ថា៖ «តាមធម្មតារោងចក្រកាន់តែច្រើនមានន័យថា ការនាំចេញក៏កាន់តែច្រើនដែរ។ បើសិនជាមិនមានព្រឹត្តិការណ៍រំខានធ្ងន់ធ្ងរណាមួយ ដែលរំខានដល់សេដ្ឋកិច្ចពិភពលោកនោះទេ កម្ពុជានៅតែអាចរក្សានូវកំណើនការនាំចេញរបស់ខ្លួន ឬជំរុញឱ្យមានប្រសើរឡើងលើការប្រកួតប្រជែងក្នុងវិស័យនេះ»៕