
ពិធីកាត់ខ្សែបូបើកសម្ពោធក្រុមហ៊ុន MR Training & Jobs Center។ រូបថត សហការី
ភ្នំពេញៈ ក្រុមហ៊ុន អិមអ ត្រេនីង&យ៉ប សេនធ័រ (MR Tra-ining & Jobs Center ) នឹងផ្តល់សេវាកម្មប្រឹក្សាយោបល់ទៅដល់វិនិយោគិនក្នុង និងក្រៅប្រទេសអំពីការកំណត់ប្រភេទទិន្នន័យទីផ្សារ សម្រាប់សហគ្រាសក្នុង និងក្រៅស្រុក ដើម្បីបង្កលក្ខណៈងាយស្រួលនៅក្នុងការកំណត់ទីផ្សារផលិតផលរបស់ខ្លួន។
ក្នុងការសម្ពោធជាផ្លូវការក្រុមហ៊ុន MR Training & Jobs Center លោក សៀ ឫទ្ធី អភិបាលក្រុមហ៊ុន MR Training & Jobs Center និងត្រូវបានគេស្គាល់ថា វិនិយោគិនពហុវិស័យនៅកម្ពុជាបានប្រកាសថា ក្រុមហ៊ុននេះបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃស្ថានភាពទីផ្សារការងារបច្ចុប្បន្ន ដែលស្ថិតនៅក្នុងយុគសម័យឌីជីថលក៏ដូចជាក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ ដែលក្រុមហ៊ុនសហគ្រាស និងនិយោជកនានាកំពុងជួបប្រទះបញ្ហាប្រឈមក្នុងការស្វែងរកបុគ្គលិក ដែលមានចំណេះជំនាញសមស្របឱ្យមកបំពេញការងារនៅតាមស្ថាប័នសហគ្រាសរបស់ខ្លួន។
លោកបន្ថែមថា លើសពីនេះ ក្រុមហ៊ុននេះក៏នឹងជួយប្រឹក្សាយោបល់ដល់អ្នកធុរកិច្ច និងវិនិយោគិនទាំងក្នុង និងក្រៅស្រុកអំពីការកំណត់ទិន្នន័យសំខាន់ៗមួយចំនួន ដើម្បីប្រើប្រាស់ជាប្រយោជន៍ស្វែងរកទីផ្សារ។
លោកបញ្ជាក់ថា៖ «ដូចយើងដឹងស្រាប់ហើយបញ្ហាដែលវិនិយោគិនកំពុងប្រឈមសព្វថ្ងៃនេះ គឺកង្វះធនធានមនុស្ស។ មជ្ឈមណ្ឌលការងាររបស់យើងបានធ្វើការស្រាវជ្រាវយ៉ាងច្រើនលើតម្រូវការទីផ្សារ និងយុវជន ព្រោះថា ការផ្តោតលើការវិនិយោគមួយមុខមិនឆ្លុះបញ្ចាំងឃើញរូបភាពពេញលេញ និងគ្រប់ជ្រុងជ្រោយឡើយ។ មួយវិញទៀតសម្រាប់យើងជាអ្នកវិនិយោគអ្វីដែលសំខាន់ បន្ទាប់ពីបុគ្គលិកនោះគឺការកំណត់យកទីផ្សារ។ ការស្វែងរកទីផ្សារនេះ គឺអាស្រ័យលើទិន្នន័យ ដែលយើងចាំបាច់ត្រូវតែមាននៅក្នុងដៃ ដូចនេះ MR Training & Jobs Center អាចជួយបានលើបញ្ហានេះ»។
លោកស្រី ងួន សូនី នាយិកាគ្រប់គ្រងក្រុមហ៊ុនបាននិយាយថា ក្រៅពីការផ្តល់សេវាកម្មផ្នែកធនធានមនុស្ស MR Training & Jobs Center ក៏ជាវេទិកាមួយដែលផ្តល់ការអភិវឌ្ឍអាជីពការងារ និងបណ្តុះបណ្តាលតាមវិធីសាស្ត្រថ្មីដែលសមស្របនឹងបរិបទទីផ្សារការងារ។
លោកស្រីបញ្ជាក់ថា៖ «ដើម្បីសម្រេចគោលដៅដែលយើងបានកំណត់ទុក MR Training & Jobs Center ត្រូវការអ្នកគាំទ្រ និងដៃគូដែលមានគោលបំណងដូចគ្នា ដើម្បីផ្តល់ឱកាសដល់យុវជនរីកលូតលាស់ក្លាយជាអនាគតអ្នកដឹកនាំអាជីវកម្ម។ យើងរីករាយនឹងសហការជាមួយសហគ្រាស សាជីវកម្មតូចធំ ក៏ដូចជាក្រុមហ៊ុនទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីធ្វើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ក៏ដូចជំរុញឱ្យអ្នកអាជីវកម្មរបស់លោកអ្នកឱ្យកាន់តែជោគជ័យផងដែរ»។
ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃក្រុមហ៊ុន MR Training & Jobs Center លោកស្រី យឹម ឆៃលីន បានថ្លែងថា ក្រុមហ៊ុននេះបានដើរតួនាទីក្នុងការផ្សារភ្ជាប់យុវជនដែលមានចំណេះជំនាញ សមត្ថភាពវិជ្ជាជីវៈទៅនឹងទីផ្សារការងារដ៏សម្បូរបែបនាពេលបច្ចុប្បន្នតាមរយៈការផ្តល់ការបណ្តុះបណ្តាលតម្រង់ទិស និងការប្រឹក្សាការងារដល់យុវជន ជាពិសេសនិស្សិតដែលទើបតែបញ្ចប់ការសិក្សាពីគ្រឹះស្ថានសិក្សានានា ដើម្បីឱ្យពួកគេទទួលបានចំណេះដឹងមូលដ្ឋានក្នុងការឈានទៅប្រកបអាជីពនាពេលអនាគត។
លោកស្រីបញ្ជាក់ផងដែរថា៖ «តាមរយៈសេវាកម្មរបស់ MR Training & Jobs Center និយោជកក៏នឹងអាចទទួលបាននូវបុគ្គលិកដែលមានគុណវុឌ្ឍិសមស្រប និងមានការត្រៀមខ្លួនរួចរាល់ក្នុងការបំពេញការងារឱ្យចំគោលដៅក្នុងក្រុមហ៊ុនរបស់ពួកគេផងដែរ»៕