
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ហេង ជីវ័ន
ភ្នំពេញៈ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ជំរុញ និងលើកទឹកចិត្តចំពោះវិនិយោគិនចិនទាំងឡាយចូលរួមបំពេញកាតព្វកិច្ចសារពើពន្ធ និងចុះបញ្ជីពន្ធដារឱ្យបានត្រឹមត្រូវ និងស្របតាមបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។
នៅក្នុងកិច្ចប្រជុំក្រុមការងារភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-សភាពាណិជ្ជកម្មចិន (កម្ពុជា) ជាមួយទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលជំនាញនៃអគ្គនាយកដ្ឋានពន្ធដារបានថ្លែងថា វេទិកាពិភាក្សានេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការវិនិយោគ និងអនុលោមភាពសារពើពន្ធស្របពេលដែលការិនិយោគផ្ទាល់ពីប្រទេសចិន តាំងពីឆ្នាំ ១៩៩៤ មករហូតដល់បច្ចុប្បន្ននេះ បានឈរនៅលំដាប់លើគេ ក្នុងចំណោមការវិនិយោគផ្ទាល់ពីបរទេស ក្នុងនោះបានវិនិយោគលើវិស័យសំខាន់ៗមានដូចជា វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, វិស័យឧស្សាហកម្ម និងកម្មន្តសាល, សំណង់, ទេសចរណ៍, សេវាកម្ម និងហេដ្ឋរចនាសម្ព័ន្ធ។
ទន្ទឹមនឹងនេះដែរ លោកអគ្គនាយកបានបញ្ជាក់ថា៖ «ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់វិនិយោគិនចិនទាំងឡាយ ទាំងសហគ្រាសជាអ្នកជាប់ពន្ធធំ ពន្ធមធ្យម និងពន្ធតូចក្នុងការចូលរួមបំពេញកាតព្វកិច្ចសារពើរពន្ធ។ ដោយឡែកអ្នកដែលមិនទាន់បានមកចុះបញ្ជីពន្ធដារ សូមមកចូលរួមចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចសារពើពន្ធស្របតាមច្បាប់ស្តីពីពន្ធដារជាធរមាន»។
គួរបញ្ជាក់ផងដែរថា ក្រុមការងារភាពជាដៃគូ អគ្គនាយកដ្ឋានពន្ធដារ-សភាពាណិជ្ជកម្មចិន (កម្ពុជា) បានបង្កើតឡើងតាមរយៈប្រកាសលេខ ៧៧៥ សហវ.ប្រក ចុះថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៩ ក្នុងគោលបំណងដោះស្រាយពីកង្វល់ និងបញ្ហាផ្សេងៗ ដែលក្រុមហ៊ុនចិនបានជួបប្រទះ នៅពេលដែលប្រតិបត្តិការអាជីវកម្មនៅកម្ពុជា៕
វីដេអូ៖