ភ្នំពេញៈ រដ្ឋបាល​គយ​អាស៊ាន​ជំរុញ​ឱ្យ​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត បញ្ចប់​ការកសាង​តារាង​ពន្ធគយ​អាស៊ាន​ឆ្នាំ ​២០២២ (AHTN 2022 ត្រឹម​ដំណាច់ឆ្នាំ​ ២០២២ ​នេះ និង​បន្ត​សិក្សា​លើ​លទ្ធភាព​សម្រួល​បែបបទ​គយ​លើ​ការនាំចេញ នាំចូល​ទំនិញ​មានតម្លៃ​ទាប​។

នៅក្នុង​កិច្ចប្រជុំ​រយៈពេល​ ២ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី ​០៧ ដល់​ថ្ងៃទី ​៩ ខែមិថុនា ឆ្នាំ​ ២០២២ ស្តីពី​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​ ៣១ របស់​គណៈប្រតិភូ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ជាមួយ​អគ្គនាយក​នៃ​រដ្ឋបាល​គយ​សិង្ហបុរី និង​គណៈប្រតិភូ​គយ​នៃ​ប្រទេស​សមាជិក​អាស៊ាន និង​មន្ត្រី​លេខាធិការដ្ឋាន​អាស៊ាន ដោយ​បាន​ប្រារព្ធ​បើក​ក្រោម​អធិបតីភាព​របស់​ឯកឧត្តម Lawrence Wong ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​សិង្ហបុរី​។

កិច្ចប្រជុំ​នេះ​បាន​កត់សម្គាល់​លើ​វឌ្ឍនភាព​ការងារ​សំខាន់ៗ​មួយចំនួន ដោយ​សមាជិក​បាន​ស្វាគមន៍​ប្រតិបត្តិការ​ផ្ទាល់​នៃ​ការផ្លាស់ប្តូរ​ប្រតិវេទន៍​គយ​អាស៊ាន (ACDD) ក្នុង​ចំណោម​សមាជិក​រួមមាន​៖ ព្រុយណេ​, កម្ពុជា​, ឥណ្ឌូនេស៊ី​, ម៉ាឡេស៊ី​, មីយ៉ាន់ម៉ា​, ហ្វីលីពីន​, សិង្ហបុរី និង​ថៃ ហើយ​ប្រទេស​សមាជិក​សេសសល់​នឹង​ចូលរួម​ប្រតិបត្តិការ​ផ្ទាល់​នេះ​ត្រឹម​ឆ្នាំ​ ២០២២​។

ចំពោះ​ការបញ្ចប់​ការកសាង​តារាង​ពន្ធគយ​អាស៊ាន​ឆ្នាំ​ ២០២២ (AHTN 2022) វិញ សម្រាប់​ប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី និង​ថៃ បាន​ដាក់ឱ្យអនុវត្ត​តាំងពី​ដើមឆ្នាំ​ ២០២២ ដោយឡែក​ប្រទេស​សមាជិក​ដទៃទៀត អង្គប្រជុំ​បាន​ជំរុញ​ឱ្យ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​អាច​អនុវត្តបាន​ត្រឹម​ដំណាច់ឆ្នាំ​ ២០២២ ​នេះ​។

ដោយឡែក នៅក្នុង​ប្រតិបត្តិការ​ដឹកជញ្ជូន​ឆ្លងកាត់​តាម​ប្រព័ន្ធ​ឆ្លងកាត់​គយ​អាស៊ាន (ACTS) ​វិញ ក្នុងចំណោម​ប្រទេស​សមាជិក​ចូលរួម​បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ ACTS ក៏ដូចជា​គម្រោង​សាកល្បង​ប្រើប្រាស់​ប្រព័ន្ធ ACTS សម្រាប់​ប្រតិបត្តិការ​ឆ្លងកាត់​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​។ ម្យ៉ាងវិញទៀត កិច្ចប្រជុំ​នេះ​ក៏មាន​ការអនុម័ត​ផែនការ​សកម្មភាព​រួម​ ដើម្បី​រៀបចំ​ការទទួលស្គាល់​ទៅវិញ​ទៅមក​លើ​កម្មវិធី​ប្រតិបត្តិករ​សេដ្ឋកិច្ច​ទទួលបាន​ការ​អនុញ្ញាត (AAMRA) និង​វឌ្ឍនភាព​លើ​កិច្ចពិភាក្សា​ស្តីពី​ការដឹកជញ្ជូន​ទំនិញ​មានតម្លៃ​ទាប​របស់​អាស៊ាន (ALVSP) និង​ការសិក្សា​លើ​លទ្ធភាព​សម្រួល​បែបបទ​គយ​លើ​ការនាំចេញ នាំចូល​ទំនិញ​មានតម្លៃ​ទាប​ផងដែរ​។

អគ្គនាយក​គយ​អាស៊ាន​ក៏បាន​ប្រជុំ​ពិគ្រោះ​យោបល់​ដោយឡែក​ពីគ្នា​ជាមួយ​គណៈប្រតិភូ​នៃ​អង្គការ​គយ​ពិភពលោក​, រដ្ឋបាល​គយ​អូស្ត្រាលី​, ចិន​, ជប៉ុន​, និង​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​ការងារ​គយ និង​ពិគ្រោះ​យោបល់​ជាមួយ​សមាគម​ធុរកិច្ច​នៃ​វិស័យ​ឯកជន​សំខាន់ៗ រួមមាន​៖ ១) ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន ២)​ ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អឺរ៉ុប និង ៣) ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អាមេរិក ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​ និង​កិច្ចសហការ​រវាង​រដ្ឋបាល​គយ​អាស៊ាន​ និង​វិស័យ​ឯកជន ព្រមទាំង​ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​បញ្ហា​មួយចំនួន ដើម្បី​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​បរិយាកាស​ធុរកិច្ច​ក្នុង​តំបន់​។

សូម​ជម្រាប​ផងដែរ​ថា​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​ ៣២ នឹងត្រូវ​រៀបចំ​ និង​ដឹកនាំ​ដោយ​រដ្ឋបាល​គយ​នៃ​ប្រទេស​ថៃ​ក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​ ២០២៣៕