
រូបភាព ហេង ជីវ័ន
ភ្នំពេញៈ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនឹងសហការជាមួយនិយ័តករធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជារៀបចំសិក្ខាសាលាស្តីពីតួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា នាថ្ងៃទី ១៥ មិថុនាខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចម្បងសំខាន់ៗចំនួន ០៤ រួមមាន ទី ១ បន្តប្រមូលធាតុចូលល្អៗបន្ថែម និងជាក់លាក់លើវិស័យធានារ៉ាប់រង,ទី ២ ផ្សព្វផ្សាយគោលនយោបាយ និងក្របខ័ណ្ឌបទប្បញ្ញត្តិកម្ពុជាទាក់ទងនឹងឌីជីថលូបនីយកម្មនៅក្នុងវិស័យធានារ៉ាប់រង,ទី ៣ កំណត់និន្នាការបច្ចុប្បន្ន និងបញ្ហាប្រឈម និងកាលានុវត្តភាព ក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា និងទី ៤ កំណត់តួនាទីរបស់ថ្នាលឌីជីថលផ្លាស់ប្តូរទិន្នន័យផ្សេងៗនៅកម្ពុជា សម្រាប់វិស័យធានារ៉ាប់រង។
បន្ថែមលើសពីនេះ សិក្ខាសាលានឹងមានចែករំលែកចំណេះដឹង បទពិសោធ និងកិច្ចពិភាក្សាលើក្របខ័ណ្ឌគោលនយោបាយ,ការអភិវឌ្ឍ,ឧត្តមានុវត្តន៍ ,បញ្ហាប្រឈមក្នុងវិស័យធានារ៉ាប់រង និងការចាប់យកឌីជីថលក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា ដោយវាគ្មិនមកពីក្រសួង ស្ថាប័ន ក្រុមហ៊ុនពាក់ព័ន្ធ និងតំណាងមកពីប្រទេសថៃ និងម៉ាឡេស៊ី។
កាលពីពេលថ្មីៗនេះ និយតករ ធានារ៉ាប់រងនៃកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍ វិស័យធានារ៉ាប់រងនៅកម្ពុជា ឆ្នាំ ២០២១-២០៣០ ដើម្បីដាក់ចេញជាផែនទី ចង្អុលផ្លូវជាមួយនឹងផែនការសកម្មភាពការងាររបស់និយតករធានារ៉ាប់រងកម្ពុជា សម្រាប់រយៈពេលខ្លីរយៈពេល មធ្យម និងរយៈពេលវែង ។
តាមទិន្នន័យពី ឆ្នាំ ២០២១ និយ័តករធានារ៉ាប់រងនៃកម្ពុជាទំហំទឹកប្រាក់បុព្វលាភដុលក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា កើនដល់ ២៩៧ លានដុល្លារអាមេរិក កើនឡើង ៩ ភាគរយ បើធៀបនឹងឆ្នាំ ២០២០។ ក្រុមហ៊ុនធានារ៉ាប់រង បានកើនដល់ ៤០ នាពេល បច្ចុប្បន្នជាមួយនឹងភ្នាក់ងារធានារ៉ាប់រងជាធនាគារចំនួន ២៧ ដែលចាប់ដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រងក្នុងការលក់ផលិតផល ធានារ៉ាប់រងដែលយើងហៅថា ប៊ែងកាស៊ួរិន៕