ភ្នំពេញៈ កម្ពុជា​រំពឹងថា​អាច​នឹង​នាំចេញ​មៀន​ប៉ៃលិន​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន នៅក្នុង​ខែកញ្ញា​ខាងមុខ​នេះ ដែលជា​រដូវ​ប្រមូលផល​ ក្រោយពេល​ពិធីសារ ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សម្រាប់​ការនាំចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ទៅ​ចិន​បាន​ចុះហត្ថលេខា​រួចរាល់​នៅ​ខែមីនា ឆ្នាំ​ ២០២២​។

លោក កែ មុន្ធីវុធ ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ​អនាម័យ និង​ភូតគាម​អនាម័យ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ឱ្យដឹងថា សម្រាប់​ការចាប់ផ្តើម​នាំចេញ​ផ្លែ​មៀន​ស្រស់​ជា​លើកដំបូង​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នា​រដូវ​ប្រមូល​ផល​ខាងមុខ​នេះ​នឹង​មាន​ក្រុមហ៊ុន​ចំនួន​ ០៧ និង​កសិដ្ឋាន​ចំនួន​ ៦៤ ដែល​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​សម្រាប់​ធ្វើការ​នាំ​ចេញ​ផ្លែ​មៀន​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន បន្ទាប់ពី​ទទួល​បាន​ការអនុម័ត​ពី​នាយកដ្ឋាន​អនាម័យ​និង​ភូតគាម​អនាម័យ​នៃ​អគ្គ​រដ្ឋបាល​គយ​ចិន​។ ក្រោយពី​នោះ បងប្អូន​ម្ចាស់​ចម្ការ​មៀន និង​រោងចក្រ​វេចខ្ចប់​ដទៃទៀត​ក៏​អាច​ទំនាក់ទំនង​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម​ជា​បន្តបន្ទាប់ ប្រសិន​មាន​ចំណាប់អារម្មណ៍​ចូលរួម​នៅក្នុង​ដំណើរការ​ជំរុញ​ការនាំចេញ​ផ្លែ​មៀន​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។

លោក​បាន​គូសបញ្ជាក់​ថា​៖ «​មកទល់​ពេលនេះ អគ្គនាយកដ្ឋាន​កសិកម្ម​បានទទួល​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ចម្ការ​មៀន​ចំនួន ៦៤ និង​រោងចក្រ​វេចខ្ចប់​ចំនួន​ ៧ ហើយ​អគ្គនាយកដ្ឋាន​ក៏បាន​ពិនិត្យ​វាយតម្លៃ​ចម្ការ​ និង​រោងចក្រ​វេច​ខ្ចប់​ទាំងនេះ និង​ផ្ញើជូន​បញ្ជី​ចម្ការ​មៀន​ និង​រោងចក្រ​វេចខ្ចប់​ទៅ​អគ្គ​រដ្ឋបាល​គយ​ចិន​ ដើម្បី​ទទួលបាន​ការអនុញ្ញាត​នាំចេញ​»​។

បើតាម​លោក មុន្នីវុធ រោងចក្រ​វេចខ្ចប់​ចំនួន​ ៧ និង​កសិដ្ឋាន​ចំនួន​ ៦៤ បាន​ត្រៀមលក្ខណៈ​រួចជាស្រេច សម្រាប់​ធ្វើការ​នាំចេញ​ផ្លែ​មៀន​ស្រស់​ពី​កម្ពុជា​ទៅ​ចិន បន្ទាប់ពី​ទទួល​បាន​ការអនុម័ត​ពី​នាយកដ្ឋាន​អនាម័យ និង​ភូតគាម​អនាម័យ​នៃ​អគ្គរដ្ឋបាល​គយ​ចិន​។ ដោយឡែក​ចំពោះ​បរិមាណ​នាំចេញ​អាស្រ័យ​តាម​សមត្ថភាព​កែច្នៃ​របស់​រោងចក្រ​វេចខ្ចប់ និង​ផែន​ការបញ្ជាទិញ​ជាក់ស្តែង​ពី​ទីផ្សារ​ចិន​។

លោក សួស ស៊ីយ៉ាត ប្រធាន​សហគមន៍​កសិកម្ម​ផលិតផល​មៀន​ប៉ៃលិន​បាន​ប្រាប់​ឱ្យដឹងថា កសិករ​បាន​ត្រៀមខ្លួន​រួចជាស្រេច រង់ចាំ​តែ​ការសម្រេច​របស់​ក្រសួង​កសិកម្ម​ថាឱ្យ​នាំចេញ​ពេលណា នោះ​កសិករ​នឹង​អាច​ប្រមូលបាន​តាម​ការកំណត់​របស់​អ្នកបញ្ជា​ទិញ​។

បើតាម​លោក​ប្រធាន​សមាគម បច្ចុប្បន្ន​ការដាំដុះ​មៀន​ប៉ៃលិន​កំពុងតែ​ជួប​បញ្ហា​ប្រឈម​ខ្លះ​ទាក់ទង​នឹង​កង្វះខាត​ប្រព័ន្ធ​ធារាសាស្ត្រ ស្រោចស្រព និង​មាន​កសិករ​មួយចំនួនធំ មិនទាន់​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងកសិកម្ម ឱ្យ​អនុវត្ត​ការដាំដុះ​តាម​ GAP នៅឡើយ​។

លោក​បាន​គូសបញ្ជាក់​ថា​៖ «​យើង​មាន​ការ​ព្រួយបារម្ភ​ខ្លះ​ដែរ ព្រោះ​មកទល់នឹង​បច្ចុប្បន្ននេះ កសិករ​ដាំដុះ​មៀន​ប៉ៃលិន​មិនទាន់​បាន​ទៅ​ចុះបញ្ជី ដើម្បី​រៀនសូត្រ​ពី​ការអនុវត្ត​កសិកម្ម​ល្អ​បាន​ច្រើន​នៅឡើយ​ទេ​។ ​ដូចនេះ យើង​បារម្ភ​ថា ផ្លែ​មៀន​យើង​លូតលាស់​មិនបាន​ល្អ ឬក៏​កសិករ​យើង​ដាំដុះ​មៀន​មិនត្រូវ​តាម​ស្តង់ដា​ដែល​អ្នកបញ្ជា​ទិញ​ចង់បាន​»៕