The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ​ទីផ្សារ​អាស៊ាន​កំពុង​ស្រូប​ទាញ​អង្ករ​កម្ពុជា​

​ទីផ្សារ​អាស៊ាន​កំពុង​ស្រូប​ទាញ​អង្ករ​កម្ពុជា​

Content image - Phnom Penh Post
កម្មករទាញបាវអង្ករក្នុងហាង ១ កន្លែងក្នុងរាជធានីភ្នំពេញ។ ហុង មិនា

​ទីផ្សារ​អាស៊ាន​កំពុង​ស្រូប​ទាញ​អង្ករ​កម្ពុជា​

ភ្នំពេញៈ កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក្នុង​រង្វង់​ប្រមាណ ២៥ ​ពាន់​តោន ក្នុង​រយៈពេល​ ៥ ​ខែ​ ដើមឆ្នាំ​ ២០២២​ នេះ កើនឡើង​ជាង​ ១៧ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១​។​

​របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា ចាប់ពី​ខែមករា ដល់​ឧសភា ឆ្នាំ​២០២២​នេះ ការនាំចេញ​អង្ករ​ទៅកាន់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន មាន​ប្រមាណ ២៥ ៦៩១​ តោន កើនឡើង​ ១៧,៥៩​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១​។​ នៅក្នុង​នោះ​នាំ​ចេញទៅ​ប្រទេស​ម៉ាឡេស៊ី ១៥ ១២០​ តោន កើនឡើង ៥,៣៣ ​ភាគរយ​, ព្រុយ​ណេ ​៨ ០២២ តោន កើនឡើង ២,៨៣​ ភាគរយ​, សិង្ហ​បុរី ១ ៥៤៩​ តោន កើនឡើង ០,៥៥​ ភាគរយ និង​វៀតណាម ១ ០០០​ តោន​កើនឡើង ០,៣៥​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១​។​

​លោក លន់ យ៉េ​ង អគ្គលេខាធិការ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ប្រទេស​ម៉ាឡេស៊ី ជា​ប្រទេស​ធំជាងគេ​នៅក្នុង​សហគមន៍​អាស៊ាន​ដែល​ទិញ​អង្ករ​កម្ពុជា ហើយក៏​ជា​ប្រទេស​ធំជាងគេ​ទី​៣ ក្នុងចំណោម ៩០ គោលដៅ​ដែល​បាន​នាំចេញ​ក្នុង​រយៈពេល ៥​ ឆ្នាំ​ចុងក្រោយ (២០១៧-២០២១) ដែល​បាន​នាំចេញ​សរុប​ចំនួន ២០៤ ៥៦៥ តោន ឬ​ជិត​ ៧% នៃ​បរិមាណ​នាំចេញ​សរុប​៣ ១៤៨ ៦៩៧ តោន​។

​លោក​បាន​បន្ថែមថា ដោយឡែក​នៅក្នុង​ឆ្នាំ​ ២០២១ កម្ពុជា​បានធ្វើ​ការនាំចេញ​អង្ករ​ក្រអូប​ទៅកាន់​ទីផ្សារ​ប្រទេស​ម៉ាឡេស៊ី​បាន​ចំនួន ៤៦ ១៨១ តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ប្រមាណ​ជា ៣២,០៧ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ បរិមាណ​នៃ​ការនាំចេញ គឺ​ស្ថិតក្នុង​លំដាប់​លេខ​ ៣ បន្ទាប់ពី​ប្រទេស​ចិន​ដែល​ឈរ​ក្នុង​លំដាប់​លេខ​ ១ និង​ប្រទេស​បារាំង​ឈរ​លំដាប់​លេខ ២​។​

​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ប្រជាជន​ដែលមាន​វ័យ​ចំណាស់​ភាគច្រើន​បាន​ស្គាល់​កេរ្តិ៍ឈ្មោះ​អង្ករ​ក្រអូប​កម្ពុជា តាំងពី​សម័យមុន​សង្គ្រាម ដែល​កម្ពុជា​ធ្លាប់បាន​នាំ​ចេញទៅ​លក់​នៅ​ទីនោះ ហើយ​នៅ​សម័យ​កាលនោះ​អង្ករ​ក្រអូប​កម្ពុជា​ពូជស្រូវ​ឈ្មោះ “​សូ​ម៉ាលី​” ដែល​បច្ចុប្បន្ន អង្ករ​ដែល​វេច​ខ្ចប់​ដោយ​ដាក់ឈ្មោះ “​សូ​ម៉ាលី​” គឺ​នៅតែ​បន្ត​ពេញនិយម​នៅក្នុង​ទីផ្សារ​ប្រទេស​ម៉ាឡេស៊ី​»​។

​លោក​បាន​បន្តថា ប្រទេស​ម៉ាឡេស៊ី​ជាទី​ផ្សារ​ដែលមាន​សក្តានុពល និង​ស័ក្តិសម​បំផុត​សម្រាប់​ការនាំចេញ​អង្ករ​របស់​កម្ពុជា ដោយសារ​ការដឹកជញ្ជូន​មាន​រយៈ​ចម្ងាយ​ជិត ងាយស្រួល​ដឹកជញ្ជូន​៕

​​

អត្ថបទគួរចាប់អារម្មណ៍