ភ្នំពេញៈ កម្ពុជា ទទួលបាន​ចំណូល​ជាង ១៧០ លាន​ដុល្លារ នៅក្នុង​រយៈពេល​៥​ខែ ឆ្នាំ​២០២២​នេះ ពី​ការនាំចេញ​កៅស៊ូ និង​ឈើ​កៅស៊ូ​។

​យោងតាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន​កៅស៊ូ បាន​បង្ហាញថា ចំណូល​សរុប​គិត​ត្រឹម​ខែឧសភា ក្នុង​ឆ្នាំ​២០២២ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ មាន​ចំនួន​១៧០ ២៨២ ០៣១​ដុល្លារ ដោយ​ក្នុងនោះ ចំណូល​ពី​ការនាំចេញ​ជ័រកៅស៊ូ មាន​ចំនួន ១៦៨ ៤៦៨ ៦៤០​ដុល្លារ និង​ចំណូល​ពី​ការនាំចេញ​ឈើ​កៅស៊ូ ចំនួន ១ ៨១៣ ៣៩១​ដុល្លារ​។​ដោយឡែក​ចំពោះ​បរិមាណ​នៃ​ការនាំចេញ​គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០២២ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ ចំនួន​១០៥ ០៤៨​តោន កើនឡើង ៣​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១ ខណៈដែល​ការនាំចេញ​ឈើ​កៅស៊ូ​វិញ សម្រេចបាន​ចំនួន​១៣ ០២៦​ម៉ែត្រគុប​។

​ចំពោះ​តម្លៃ​លក់​ជ័រកៅស៊ូ​មធ្យម​វិញ លោក ហ៊ឹម អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ បានឱ្យដឹងថា គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០២២ ថ្លៃ​១ ៦០៤​ដុល្លារ ក្នុង​មួយ​តោន បាន​ថយចុះ​ចំនួន​៧១​ដុល្លារ ក្នុង​មួយ​តោន ស្មើនឹង​៤% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។

​លោក​បាន​គូសបញ្ជាក់ថា​៖«​ក្នុង​ខែឧសភា​តម្លៃ​មធ្យម​នៃ​ប្រភេទ​កៅស៊ូ​ធម្មជាតិ​បានបង្ហាញ​ការធ្លាក់ចុះ​របស់​ទីផ្សារ​អន្តរជាតិ បើ​ធៀប​ខែមេសា​ចំពោះ​កម្ពុជា​ទីផ្សារ​កៅស៊ូ​អាស្រ័យ​ទីផ្សារ​អន្តរជាតិ ព្រោះ​ផលិតផល​នាំចេញ​ស្ទើរតែ​១០០% ការធ្លាក់​នេះ​បណ្តាលមកពី (១) ការភ័យខ្លាច​នៃ​អតិផរណា (២) ការដំឡើង​អត្រា​ការប្រាក់​នៅក្នុង​សហរដ្ឋអាមេរិក​(៣) តម្លៃ​រូបិយប័ណ្ណ​ធ្លាក់ចុះ​ក្នុង​បណ្តា​ប្រទេស​នាំចេញ​កៅស៊ូ​សំខាន់ៗ​និង​ការបន្ត​បិទ​ខ្ទប់​ក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ចិន​។ វា​ជា​ផ្នែក​នៃ​សេដ្ឋកិច្ចពិភពលោក​និង​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​»​។​

​បច្ចុប្បន្ន កម្ពុជា មាន​ផ្ទៃដី​កៅស៊ូ​សរុប​មាន​ចំនួន ៤០៤ ០៤៤​ហិកតា ក្នុងនោះ ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន ៣១០ ១៩៣​ហិកតា ស្មើនឹង​៧៧% និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន ៩៣ ៨៥១​ហិកតា ស្មើនឹង​២៣%៕