និយតករ​មូលបត្រ​កម្ពុជា (SERC) និង​និយតករ​ទូរគមនាគមន៍​កម្ពុជា (TRC) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​លើក​កម្ពស់​ការ​យល់ដឹង និង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​មូលបត្រ និង​ទូរគមនាគមន៍​នៅ​កម្ពុជា ជាពិសេសដើម្បី​ទាក់ទាញ​វិនិយោគិន​ពី​ឧស្សាហកម្ម​មួយ​នេះ។

MOU ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាល​ពី​ថ្ងៃ​ទី ១០​ខែមិថុនា ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​សន្តិសុខ និង​ទូរគមនាគមន៍​នៅ​កម្ពុជា។

លោក ស៊ូ សុជាតិ អគ្គនាយក SERC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃទី​១២ ខែ​មិថុនា​ថា MOU ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី ១០​ ខែមិថុនា គឺជា​វិធានការ​មួយ​ទៀត​ដែល​ស្ថាប័ន​របស់ លោក​សហការ​ជាមួយ TRC ដើម្បី​ចាប់ដៃ​គ្នា​ទាក់​ទាញ​វិនិយោគិន​កាន់តែ​ច្រើន​ពីឧស្សាហកម្ម​ទូរគមនាគមន៍​ឱ្យ​ចុះ​បញ្ជី​នៅ​លើ​ផ្សារហ៊ុន។

លោក​ថ្លែង​ថា៖ «MoU នេះ មាន​គោលបំណង​ចែក​រំលែក​ព័ត៌មាន និង​ផ្សព្វផ្សាយ​ដល់​ក្រុមហ៊ុន​នានា ដែល​ស្ថិត​នៅ​ក្រោម​និយតករទូរគមនាគមន៍ ដើម្បី​ចុះ​បញ្ជី។ យើង​នឹង​ធ្វើ​វគ្គ​បណ្តុះ​បណ្តាល និង​សិក្ខា​សាលា​ដល់​ក្រុមហ៊ុន​គោលដៅ»

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ជាតិ​ស្តីពី​ទីផ្សារ​មូលបត្រ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៦ ខែឧសភា ថា កម្ពុជា​កំពុង​លើក​ទឹក​ចិត្ត​ក្រុមហ៊ុន​ឯកជន​ចុះ​បញ្ជី​លើ​ផ្សារភាគ​ហ៊ុន ខណៈ​ដែល​រដ្ឋាភិបាល​កំពុង​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធ​មួយចំនួន​ផងដែរ។

លោក​បាន​បន្តថា៖ «រដ្ឋាភិបាល​កម្ពុជា​លើក​ទឹក​ចិត្ត​និង​ផ្តល់​ការ​អនុគ្រោះពន្ធ​លើ​ប្រាក់​ចំណូល​សម្រាប់​សហគ្រាស​ដែល​ចុះ​បញ្ជី​ក្រុមហ៊ុន​របស់ខ្លួន​នៅ​ផ្សារ​មូលបត្រ​កម្ពុជា»។

ទិន្នន័យបានពី TRC បាន​បង្ហាញ​ថា គិតត្រឹម​ខែ​មេសា ឆ្នាំ ២០២២ ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ចំនួន ៤៤​ប្រតិបត្តិករទូរស័ព្ទ​ចល័ត​ចំនួន ៥ ប្រតិបត្តិករ​ទូរស័ព្ទ​អចល័ត​ចំនួន ៦ ក្រុមហ៊ុន​នាំ​ចូល​អ៊ីនធឺណិត​ច្រកទ្វារ​អន្តរជាតិ​ចំនួន ២ ក្រុមហ៊ុន​សេវា​សាជាសំឡេង (VoIP) ចំនួន ១០ ក្រុមហ៊ុន​ផ្កាយរណប​ចំនួន ១ ក្រុមហ៊ុន​ផ្តល់​សេវា​បង្គោល​អង់តែន​ទូរគមនាគមន៍​ចំនួន ២ ក្រុមហ៊ុន​ខ្សែ​កាបក្រោម​បាត​សមុទ្រ​ចំនួន ២​ខ្សែ ក្រុមហ៊ុន​បណ្តាញ​ខ្សែ​កាបអុបទិក​ចំនួន ៣ ក្រុមហ៊ុន​បណ្តាញ​បន្ថែម​តម្លៃ​ចំនួន ១ និង ក្រុមហ៊ុន Toll Free ចំនួន ១។

យោងតាម SERC ក្នុង​ត្រី​មាសទី ១ឆ្នាំ ២០២២ មាន​ក្រុមហ៊ុន​ចំនួន ១៦ បាន​ចុះ​បញ្ជី​នៅ​ទីផ្សារ​មូលបត្រ​កម្ពុជា ដែល​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចំនួន ៩ បាន​ចុះ​បញ្ជី​នៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន និង​ក្រុមហ៊ុន​ចំនួន ៧ ផ្សេង​ទៀត​បាន​ចុះ​បញ្ជី​សញ្ញា​ប័ណ្ណ៕LA