ភ្នំពេញៈ កម្ពុជា​បាន​នាំ​ចេញ​ជ័រកៅស៊ូ ក្នុង​បរិមាណ​ជាង ១០ ម៉ឺន​តោន ក្នុង​រយៈពេល ៥​ខែ ឆ្នាំ ២០២២​នេះ មាន​ការ​កើន​ឡើង ៣ភាគរយ ខណៈ​ដែល​តម្លៃ​បាន​ថយចុះ​ជាង ៧០​ដុល្លារ ក្នុង​មួយ​តោន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២១។

យោង​តាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន​កៅស៊ូ បាន​បង្ហាញ​ថា ការ​នាំ​ចេញ​ជ័រ​កៅស៊ូ ចាប់​ពី​ខែ​មករា ដល់​ឧសភា ឆ្នាំ ២០២២​នេះ សម្រេច​បាន​ចំនួន ១០៥ ០៤៨តោន កើនឡើង ៣​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២១ ខណៈ​ដែល​ការ​នាំ​ចេញ​ឈើ​កៅស៊ូវិញ សម្រេច​បាន​ចំនួន ១៣ ០២៦​ម៉ែត្រ​គុប។

ចំណែក​ចំណូល​សរុប​គិត​ត្រឹម​ខែ​ឧសភា ក្នុង​ឆ្នាំ ២០២២ ពី​ការ​នាំ​ចេញ​ជ័រ​កៅស៊ូ និង​ឈើកៅស៊ូ មាន​ចំនួន ១៧០ ២៨២ ០៣១​ដុល្លារ ដោយ​ក្នុង​នោះ ចំណូល​ពី​ការ​នាំ​ចេញ​ជ័រ​កៅស៊ូ មាន​ចំនួន ១៦៨ ៤៦៨ ៦៤០ដុល្លារ និងចំណូល​ពី​ការ​នាំ​ចេញ​ឈើ​កៅស៊ូ ចំនួន ១ ៨១៣ ៣៩១ ដុល្លារ។

ចំពោះ​តម្លៃ​លក់​ជ័រ​កៅស៊ូ​មធ្យម​វិញ លោក ហ៊ឹម អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ ២០២២ ថ្លៃ ១ ៦០៤​ដុល្លារ ក្នុង​មួយ​តោន បាន​ថយ​ចុះ​ចំនួន ៧១ ដុល្លារ ក្នុង​មួយ​តោន ស្មើ​នឹង ៤​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​មុន។

លោក​បាន​គូស​បញ្ជាក់​ថា៖ «ក្នុង​ខែ​ឧសភា តម្លៃ​មធ្យម​នៃ​ប្រភេទ​កៅស៊ូ​ធម្មជាតិ​បាន​បង្ហាញ​ការ​ធ្លាក់​ចុះ​របស់​ទីផ្សារ​អរន្តជាតិ បើ​ធៀប​ខែ​មេសា។ ចំពោះ​កម្ពុជា​ទីផ្សារ​កៅស៊ូ គឺ​អាស្រ័យ​ទីផ្សារ​អន្តរជាតិ ព្រោះ​ជា​ផលិតផល​នាំ​ចេញ​ស្ទើរតែ ១០០ ភាគរយ ការ​ធ្លាក់​នេះ​បណ្តាល​មក​ពី ទី​១ ការ​ភ័យខ្លាច​នៃ​អតិផរណា, ទី២ ការ​ដំឡើង​អត្រាការ​ប្រាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក, ទី៣ តម្លៃ​រូបិយប័ណ្ណ​ធ្លាក់​ចុះ​ក្នុង​បណ្តា​ប្រទេស​នាំចេញ​កៅស៊ូ​សំខាន់ៗ​និង​ការ​បន្ត​បិទ​ខ្ទប់​ក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ចិន។ ហើយ​វា​ជា​ផ្នែក​នៃ​សេដ្ឋកិច្ច​ពិភពលោក​និង​សង្គ្រាម​រុស្ស៊ី និង អ៊ុយក្រែនផងដែរ»។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អនុម័ត​គម្រោង​វិនិយោគ​មួយ​ចំនួន ដែល​ជា​ប្រភេ​ទរោងចក្រ​ផលិតសម្បក​កង់​យានយន្ត ជា​ផលិតកម្ម​មួយ មាន​តម្រូវ​ការ​កៅស៊ូ​ខ្ពស់។ ដោយ​លោក​រំពឹង​ថា រោងចក្រ​ទាំងនេះ នឹង​អាច​ជួយ​ដល់​កៅស៊ូ​ក្នុងស្រុក ទាំង​តម្លៃ​និង​ស្ថិរភាព​ទីផ្សារ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​បាន​អះអាង​ថា៖ «កន្លងមក មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​របស់​យើង បាន​ចុះ​ទៅ​សិក្សា​ជាមួយរោងចក្រ​នៅ​ខាង​ខេត្ត​ស្វាយរៀង ដើម្បី​សិក្សា​ពី​តម្រូវ​ការ​កៅស៊ូ​ធម្មជាតិ សម្រាប់​ការ​កែច្នៃ​នៅ​រោងចក្រ​នេះ ដោយ​យើង​ឃើញ​ថា រោងចក្រនេះ​មាន​តម្រូវការ​កៅស៊ូ​ខ្ពស់។ ប៉ុន្តែ​ក្រុមហ៊ុន​មិន​ទាន់​បាន​ប្រមែប្រមូល​ផលិតផល​កៅស៊ូ​ធម្មជាតិ​របស់​កម្ពុជា​ទៅ​កែច្នៃ​នៅ​ឡើយ​ទេ។ ម្យ៉ាងវិញទៀត ការ​ផលិត​សម្បក​កង់​យានយន្ត មិនមែន​ត្រូវ​ការ​កៅស៊ូ​ធម្មជាតិ​សុទ្ធ​យក​កែច្នៃ​នោះ​ទេ ត្រូវ​លាយផ្សំ​ជាមួយ​នឹង​សមាសធាតុ​គីមី​ដទៃទៀត»។

ប៉ុន្តែ​លោក​អះអាងថា អគ្គនាយកដ្ឋាន​កៅស៊ូ​នឹង​បន្ត​ប្រឹង​ប្រែង ស្នើសុំ​កិច្ច​សហការ​ពី​ក្រុមហ៊ុន​នេះ និង​ក្រុមហ៊ុន​ដទៃ​ទៀត ដែល​វិនិយោគ​លើផលិតផល​សម្បក​កង់​យានយន្ត​នេះ ដោយ​អគ្គនាយកដ្ឋាន​កៅស៊ូ​នឹង​សម្រប​សម្រួល ក្នុង​ការ​ទិញ​ផលិតផល​កៅស៊ូ​ធម្មជាតិ​ពី​ក្រុមហ៊ុន និងកសិករ​នៅ​ក្នុង​ស្រុក។

លោក ជា សាឃិន ប្រធាន​សហគម​កសិកម្ម​កៅស៊ូ​គ្រួសារ​ស្រុក​មេមត់ បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ការ​ប្រមូល​ផល​កៅស៊ូ​បាន​ច្រើន​ជាង​មុន ដោយសារ​តែ​មាន​ភាព​អំណោយផល​ពី​អាកាសធាតុ ប៉ុន្តែ​នៅ​ក្នុង​ខែ​ឧសភា​កន្លង​ទៅ​តម្លៃ​កៅស៊ូ​បាន​ធ្លាក់ថ្លៃ​ជាង​ខែ​មេសា បន្តិច​មក​វិញ ដោយសារ​កសិករ​ប្រមូល​ផល​លក់​ច្រើន។

លោក​បាន​បន្ថែម​ថា ជាទូទៅ កៅស៊ូ​ប្រមូល​ដើមឆ្នាំ​តែងតែ​មាន​តម្លៃ​ល្អ ដោយសារ​តែ​តម្រូវ​ការ​មាន​ច្រើន ហើយ​ការ​ប្រមូល​នៅ​មាន​តិចតួចនៅ​ឡើយ ប៉ុន្តែ​នៅ​ពេល​ការ​ប្រមូល​ស្រុះ​គ្នា កៅស៊ូ​តែងតែ​ធ្លាក់​ថ្លៃ​បន្តិច​មក​វិញ ជា​ធម្មតា។ នៅ​ក្នុង​ខែ​ឧសភា​នេះ តម្លៃ​ជ័រកៅស៊ូ​ជា​មធ្យម តម្លៃ ១៦០០​ដុល្លារ ក្នុង​មួយ​តោន ថយ​ចុះ ៤៣​ដុល្លារ បើ​ធៀប​នឹង​ខែ​មេសា (ឆ្នាំ ២០២២) និង​ថយ​ចុះ ១០០​ដុល្លារ បើ​ធៀប​នឹង​ខែ​ឧសភា ឆ្នាំ​២០២១។

លោក​បាន​បញ្ជាក់​ថា៖ «ដើម​ឆ្នាំ​នេះ មិន​សូវ​មាន​ខ្យល់​កន្ត្រាក់​ដូច​ឆ្នាំ​មុន ដូច​កៅស៊ូ​មិន​សូវ​មាន​ការ​ខូចខាត។ សហគមន៍​យើង ចង់​ឱ្យ​មានរោងចក្រ​កែច្នៃ​ផលិតផល​កៅស៊ូ ដំណើរការ​ឱ្យ​បាន​ច្រើន ដើម្បី​ជួយ​ទិញ​កៅ​ស៊ូ​ពី​កសិករ និង​អាច​ផ្តល់​ស្ថិរភាព​តម្លៃ និង​ទីផ្សារ បាន​យូរ​អង្វែងសមាជិក​របស់​សហគមន៍ មិនមាន​ការ​ពង្រីក​ផ្ទៃ​ដីដាំ​ដុះ​បន្ថែម​នោះ​ទេ ដោយសារ​តែ​ទីផ្សារ​មិន​ទាន់​ស្ថិរភាព​ល្អ ហើយ​ស្ថិត​នៅ​ក្នុង​វិបត្តិ​កូវីដ១៩នៅ​ឡើយ ស្រប​ពេល​ដែល​តម្លៃ​ដីធ្លី​ក៏​ឡើង​ថ្លៃ​ផងដែរ»។

យោង​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ គិត​ត្រឹម​ឆ្នាំ ២០២១ ផ្ទៃដី​កៅស៊ូ​សរុប​មាន​ចំនួន ៤០៤ ០៤៤ហិកតា ក្នុង​នោះ ផ្ទៃដី​ចៀរជ័រ​មានចំនួន ៣១០ ១៩៣ហិកតា កើន​ឡើង​ជាង ៦​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២០។ តាម​រយៈកំណើន​នេះ អគ្គនាយកដ្ឋានកៅស៊ូ​បាន​ព្យាក​រថា ចាប់​ពី​ឆ្នាំ ២០២២ តទៅ កម្ពុជា​នឹង​អាច​នាំ​ចេញ​កៅស៊ូ​បាន​ជាមធ្យម ៤០​ម៉ឺន​តោន ក្នុង​មួយ​ឆ្នាំៗ ដោយ​នឹង​អាច​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី ក៏​ដូចជា​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​បាន​ផងដែរ៕