ភ្នំពេញៈ ប្រទេស​អាស៊ាន​ចំនួន ៤ បាន​​​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន​ជាង ២,៥ ​ម៉ឺន​តោន​ ក្នុង​រយៈពេល ៥​ ខែ​ ដើម​ឆ្នាំ​ ២០២២ ​កើន​ជាង ១៧ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដោយ​ក្នុង​នោះ​ប្រទេស​ម៉ាឡេស៊ី បាន​គ្រប់គ្រង​ចំណែក​ទីផ្សារ​​ប្រមាណ ៦០​ ភាគរយ។ នេះ​បើ​​តាម​របាយការណ៍​អំពី​ស្ថានភាព​​​នាំចេញ​អង្ករកម្ពុជា​ប្រចាំ​ខែ​​ឧសភា ឆ្នាំ​ ២០២២ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

ស្ថិតិ​នាំចេញ​អង្ករ​បាន​ឱ្យ​ដឹង​ថា ចាប់​​ពី​ខែ​​មករា ដល់​ខែ​ឧសភា ឆ្នាំ​ ២០២២ ការ​នាំចេញ​អង្ករ​ទៅ​​​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​មាន ​២៥ ៦៩១ ​តោន កើន​ឡើង ​១៧,៥៩ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០២១​ ដោយ​ក្នុង​នោះ​ប្រទេស​ម៉ាឡេស៊ី ចំនួន ១៥ ១២០ ​តោន, ប្រ៊ុយណេ ​៨ ០២២​ តោន​, សិង្ហបុរី ១ ៥៤៩​ តោន និង​វៀតណាម ១ ០០០ ​តោន។

លោក ចាន់ សុខឃាំង ប្រធាន​ក្រុមហ៊ុន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ Signature of Asia Co Ltd., បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ទី​ ១២ ខែ​មិថុនា​ថា អាស៊ាន​ គឺ​ជា​ទីផ្សារ​អាទិភាព​​ទី​៣ សម្រាប់​ទីផ្សារ​នាំចេញ​អង្ករ​កម្ពុជា​ បន្ទាប់​ពី​ប្រទេស​ចិន សហគមន៍​អឺរ៉ុប។ ​បច្ចុប្បន្ន​នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​ ១១ ​ក្នុង​តំបន់​អាស៊ាន (ប្រទេស​ទីម័រ) គឺ​មាន​ ៥-៦ ​ប្រទេស​ដែល​អាច​មាន​សមត្ថភាព​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក​ និង​នាំចេញ​បាន​ ចំណែក​ប្រទេស​នៅ​សល់ គឺ​សុទ្ធ​តែ​ជា​ទីផ្សារ​ដែល​កម្ពុជា​​កំណត់​ធ្វើ​​គោលដៅ​​នាំចេញ​អង្ករ។

លោក​​​បញ្ជាក់​ថា៖​ «​បើ​ទោះបី​ទីផ្សារ​នាំចេញ​អង្ករ​ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មិន​ធំ​ដូច​ទីផ្សារ​​ចិន និង​សហភាព​អឺរ៉ុប ប៉ុន្តែ​ប្រជាជន​នៅ​តំបន់​អាស៊ាន​សុទ្ធ​តែ​មាន​ទម្លាប់​​បរិភោគ​បាយ​ជា​អាហារ​ប្រចាំ​ថ្ងៃ ហេតុ​នេះ​ទំហំ​នៃ​តម្រូវ​ការ​ប្រើប្រាស់​ គឺ​មាន​ចំនួន​ច្រើន​ ហើយ​មាន​ប្រភេទ​អង្ករ និង​រសជាតិ​ប្រហាក់​ប្រហែល​គ្នា​​ផង​ដែរ។ ចំណុច​នេះ​ខ្ញុំ​អាច​និយាយ​ថា អង្ករ​ដែល​តំបន់​អាស៊ាន​និយម​បរិភោគ គឺ​មិន​ដូច​នឹង​ប្រភេទ​អង្ករ​ដែល​និយម​បរិភោគ​នៅ​ប្រទេស​កូរ៉េ និង​ជប៉ុន ជា​ដើម​»។​

ទោះយ៉ាង​ណា សម្រាប់​ការ​នាំចេញ​អង្ករ​នៅ​ពេល​នេះ លោក សុខឃាំង បាន​អះអាង​ថា នៅ​តែ​ជួប​​បញ្ហា​កង្វះ​ទូ​កុងតឺន័រ​ដដែល​ បើ​ទោះបី​ជា​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដូច​កាល​ពី​អំឡុង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ កាល​ពី​ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ឱ្យ​ដឹង​​ដែរ​ថា អាស៊ាន​ គឺ​​ជា​ទីផ្សារ​ដ៏​មាន​សក្ដានុពល​​របស់​កម្ពុជា ដោយ​បច្ចុប្បន្ន​​ទីផ្សារ​ប្រទេស​អាស៊ាន​បាន​ទិញ​អង្ករ​ក្រអូប​ពី​កម្ពុជា​ក្នុង​រង្វង់​ ១៥​ ភាគរយ ​​នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា។ សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​បាន​និង​កំពុង​ផ្សព្វផ្សាយ​អំពី​​គុណភាព និង​ជម្រើស​សុវត្ថិភាព​ក្នុង​ការ​បរិភោគ​អង្ករ​កម្ពុជា​​ដល់​ប្រទេស​ដែល​ជា​សមាជិក​​អាស៊ាន ខណៈ​បច្ចុប្បន្ន​​ប្រទេស​ក្នុង​តំបន់​ដែល​​ទិញ​អង្ករ​ពី​កម្ពុជា​មាន​ ៤ ​គឺ​ម៉ាឡេស៊ី ប្រ៊ុយណេ វៀតណាម និង​សិង្ហបុរី។

លោក​លើក​ឡើង​ថា៖​ «​ក្រៅ​ពី​ប្រទេស​​ទាំង ៤ ​យើង​ក៏​ស្វែង​រក​ឱកាស​​ទីផ្សារ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ ផង​ដែរ»។

យោង​តាម​ក្រសួង​កសិកម្ម នៅ​ក្នុង​រយៈពេល ៥ ​ខែ ​ដើម​ឆ្នាំ​ ២០២២ កម្ពុជា​​បាន​នាំ​ចេញ​អង្ករ​គ្រប់​ប្រភេទ​​​ចំនួន​ ២៨៣ ៦៧៥​ តោន ក្នុង​នោះ​ប្រទេស​ចិន ១៤៩ ៤៤៧ ​តោន ស្មើ​​ ២៣,៦៨​ ភាគរយ​នៃ​ចំណែក​ទីផ្សារនាំ​ចេញ​ទាំង​​អស់​, សហភាព​អឺរ៉ុប ៨១ ៩៣១ ​តោន ស្មើ​ ២៨,៨៨​ ភាគរយ, សមាជិក​អាស៊ាន ២៥ ៦៩១ ​តោន ស្មើ ៩,០៦ ​ភាគរយ, និង​ទិសដៅ​ផ្សេងៗ​ទៀត​ (២២ ​​ប្រទេស) ចំនួន ២៦ ៦០៦ ​តោន ស្មើ​នឹង ៩,៣៨ ​ភាគរយ​៕ LA