ភ្នំពេញៈ កម្ពុជា​រំពឹង​ថា​ អាច​នឹង​នាំ​ចេញ​មៀន​ប៉ៃលិន​ជា​ផ្លូវ​ការ​ទៅ​​ប្រទេស​​ចិន ​នៅ​ក្នុង​ខែ​កញ្ញា​ខាង​មុខ ខណៈ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​ កំពុង​បារម្ភ​ពី​បញ្ហា​ប្រឈម​​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​ការ​នាំចេញ​។

លោក កែ មុន្ធីវុធ ប្រធាន​នាយកដ្ឋាន​​ការពារ​ដំណាំ​អនាម័យ និង​ភូតគាម​អនាម័យ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​ អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ទទួល​ពាក្យ​សុំ​ចុះ​បញ្ជី​ចម្ការ​មៀន​ចំនួន ៦៤ និង​រោងចក្រ​វេច​ខ្ចប់​ ៧ ហើយ ដោយ​អគ្គនាយកដ្ឋាន​បាន​ពិនិត្យ​វាយ​តម្លៃ​ចម្ការ និង​រោងចក្រ​វេច​ខ្ចប់​ទាំង​នេះ និង​បាន​ផ្ញើ​​បញ្ជី​ចម្ការ​មៀន និង​រោងចក្រ​វេចខ្ចប់​ទៅ​អគ្គ​រដ្ឋបាល​គយ​ចិន​ ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​នាំ​ចេញ។ ចំណែក​បរិមាណ​នាំចេញ​អាស្រ័យ​តាម​សមត្ថភាព​កែច្នៃ​របស់​រោងចក្រ​វេច​ខ្ចប់ និង​ផែនការ​បញ្ជា​ទិញ​ជាក់​ស្តែង​ពី​​ចិន។

លោក​ប្រាប់​​​​ថា៖​ «​សម្រាប់​ការ​ចាប់​ផ្តើម​នាំ​ចេញ​ផ្លែ​មៀន​ស្រស់​​លើក​ដំបូង​​ទៅ​​ទីផ្សារ​ប្រទេស​ចិន​ នា​រដូវ​ប្រមូល​ផល​ខាង​មុខ​ យើង​នឹង​មាន​ក្រុមហ៊ុន​ចំនួន ៧ និង​កសិដ្ឋាន​ ៦៤ ដែល​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​សម្រាប់​ធ្វើ​ការ​នាំចេញ​ផ្លែ​មៀន​ស្រស់​ពី​កម្ពុជា​ទៅ​ចិន​​ បន្ទាប់​ពី​ទទួល​បាន​ការ​អនុម័ត​ពី​នាយកដ្ឋាន​អនាម័យ និង​ភូត​គាម​អនាម័យ​នៃ​អគ្គរដ្ឋបាល​គយ​ចិន។ ក្រោយ​ពី​នោះ​បងប្អូន​ម្ចាស់​ចម្ការ​មៀន និង​រោងចក្រ​វេច​ខ្ចប់​ដទៃ​ទៀត​ក៏​អាច​ទំនាក់ទំនង​ដាក់​ពាក្យ​ស្នើសុំ​ចុះ​បញ្ជី​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម​ជា​បន្តបន្ទាប់ បើ​​មាន​ចំណាប់​អារម្មណ៍​ចូលរួម​នៅ​ក្នុង​ដំណើរ​ការ​ជំរុញ​ការ​នាំចេញ​ផ្លែ​មៀន​ស្រស់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន»។

ទោះបី​ជា​ការ​នាំ​ចេញ​ផ្លែ​មៀន​ស្រស់ អាច​ធ្វើ​ឡើង​នៅ​ក្នុង​រដូវ​ប្រមូល​ផល​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ក្តី លោក មុន្នី​វុធ បារម្ភ​ថា​ អាច​នឹង​ជួប​បញ្ហា​ប្រឈម​ខ្លះៗ​​ដូច​ជា កង្វះ​ទូ​ត្រជាក់​សម្រាប់​ផ្ទុក​កសិផល​ និង​ការ​រឹត​បន្តឹង​របស់​ប្រទេស​ចិន​ លើ​ការ​ត្រួត​ពិនិត្យ​ទំនិញ​ ដើម្បី​​ទប់ស្កាត់​ការ​រាលដាល​ឆ្លង​កូវីដ ១៩ ពី​ប្រទេស​ខាង​ក្រៅ​ជា​ដើម​។

លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា សម្រាប់​ខេត្ត​ប៉ៃលិន​ កសិករ​អាច​នឹង​ប្រមូល​ជា​បណ្តើរៗ​នៅ​ក្នុង​ខែ​កញ្ញា​ខាង​មុខ​ ប៉ុន្តែ​កសិករ និង​ម្ចាស់​ចម្ការ​មៀន​ប៉ៃលិន ដែល​បាន​ចុះ​បញ្ជី​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម និង​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការ​អនុវត្ត​កសិកម្ម​ល្អ​នៅ​មាន​កម្រិត​តិចតួច ប្រហែល ៣០ ​ភាគរយ​ប៉ុណ្ណោះ។

លោក​​បញ្ជាក់​ថា​៖​ «​យើង​តែង​ចុះ​ណែនាំ​ដល់​កសិករ និង​ម្ចាស់​ចម្ការ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ទាំង​អស់​ឱ្យ​ទៅ​ចុះ​បញ្ជី និង​ចូលរួម​ការ​​បណ្តុះបណ្តាល​ពី​ការ​អនុវត្ត​កសិកម្ម ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​នាំចេញ​ផ្លែ​មៀន​ស្រស់​ទៅ​ចិន នៅ​ពេល​ដែល​គេ​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ជា​ផ្លូវ​ការ ប៉ុន្តែ​កសិករ​ភាគ​ច្រើន​នៅ​រង់ចាំ​មើល​សិន ទាល់​តែ​អាច​នាំចេញ​បាន​មែន ទើប​ពួក​គាត់​នាំ​គ្នា​មក​ចុះ»។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក សុផាត បច្ចុប្បន្ន​ខេត្ត​ប៉ៃលិន មាន​ផ្ទៃដី​ដាំ​ដុះ និង​ប្រមូល​ផល​មៀន​ប៉ៃលិន​ប្រមាណ​ជិត ៤ ០០០ ​ហិកតា។

នៅ​ខេត្ត​បាត់ដំបង មាន​ផ្ទៃដី​ដាំ​ដុះ​មៀន​ប៉ៃលិន ច្រើន​ជាង​ខេត្ត​ប៉ៃលិន ដោយ​មាន​ជិត ៧ ០០០ ​ហិកតា ខណៈ​​​​ផ្ទៃដី​ប្រមូល​ផលមាន​​ជាង ៥ ០០០​ ហិកតា។ នេះ​បើ​តាម​លោក ឈឹម វជិរា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង។

លោក វជិរា បន្ត​​ថា ការ​ប្រមូល​មៀន​ប៉ៃលិន គឺ​អាស្រ័យ​លើ​ការ​បញ្ជា​របស់​អ្នក​ដាំ​ដុះ​មាន​ន័យ​ថា ផ្លែឈើ​នេះ​មិនមាន​រដូវ​ប្រមូល​ផល​ច្បាស់​លាស់​ដូច​ផ្លែ​ឈើ​ដទៃ​ទៀត កសិករ​អាច​ប្រមូល​ផល​ទៅ​តាម​ការ​បញ្ជា​ដោយ​ប្រើប្រាស់​​ថ្នាំ​កសិ​កម្ម ដែល​គេ​អាច​បញ្ជា​ឱ្យ​ចេញ​ផ្លែ​ខែសីហា ឬ​កញ្ញា​ក៏​បាន។

លោក​បាន​បន្ថែម​ថា ខាង​មន្ទីរ​បាន​ត្រៀម​លក្ខណ​សម្បត្តិ​សម្រាប់​ការ​នាំចេញ​​​គ្រប់គ្រាន់​ហើយ ដោយ​នៅ​ឡើយ​តែ​កសិករ និង​ម្ចាស់​ចម្ការ​​ប៉ុណ្ណោះ នៅ​មិន​ទាន់​បាន​សហការ ១០០ ​ភាគរយ ខណៈ​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ជំរុញ​លើ​ការងារ​នេះ។

លោក​លើក​ឡើង​ថា៖​ «​យើង​កំពុង​ជំរុញ​បន្ថែម​ដល់​កសិករ ​ក៏​ដូច​ជា​ម្ចាស់​ចម្ការ ដើម្បី​ឱ្យ​យល់​ពី​លក្ខណៈ​បច្ចេកទេស ច្បាប់ និង​លក្ខខណ្ឌ​ស្តង់ដា​ផ្សេង​ៗ ព្រោះ​​​រាល់​ការ​នាំចេញ​ទៅ​ចិន​​ ទាល់​តែ​​យើង​ធ្វើ​តាម​លក្ខណៈ​បច្ចេកទេស​អនុវត្ត​កសិកម្ម​ល្អ​ (GAP) និង​ចុះ​បញ្ជី​ចម្ការ​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​ងាយ​ស្រួល​គ្រប់គ្រង ចៀស​វាង​ការ​ដាំដុះ​ថែទាំ​ខុស​បច្ចេកទេស ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចម្ការ​ដទៃ​ទៀត»។

បើ​តាម​ក្រសួង​កសិកម្ម ​ការ​ដាំ​មៀន​ប៉ៃលិន​កំពុង​កើន​ឡើង​ខ្ពស់​ដោយ​មាន​​ផ្ទៃដី​ដាំ​ជាង ១៣ ៦០៨ ហិកតា​នៅ​ទូទាំង​ប្រទេស ហើយ​ភាគ​ច្រើន​ដាំ​នៅ​ខេត្ត​បាត់ដំបង ប៉ៃលិន និង​បន្ទាយមានជ័យ ក្នុង​នោះ​ផ្ទៃដី​ប្រមូល​ផល​មាន ៨ ​ពាន់​ហិកតា ដោយ​ ១ ​ហិកតា ទទួល​បាន​ផល​​ពី ១៥ ​ទៅ​ ២០ ​តោន។ ក្នុង ១ ​​ឆ្នាំៗ ទិន្នផល​មៀន​ប៉ៃលិន​ប្រមូល​បាន​ជាង ១០ ​ម៉ឺន​តោន៕ LA