ភ្នំពេញៈ ប្រេងសាំង​ធម្មតា​មាន​តម្លៃ ៥ ៨០០ ​រៀល ក្នុង​មួយ​លីត្រ (​ឡើង​ ១៥០ ​រៀល​) ខណៈ​ប្រេងម៉ាស៊ូត​បាន​ឡើងដល់ ៦ ១០០​ រៀល​ក្នុង​មួយ​លីត្រ ​(​ឡើង​ ៥៥០ ​រៀល​) ចាប់ពី​ថ្ងៃទី ​១១ ដល់​ថ្ងៃទី​ ២០ ខែមិថុនា ឆ្នាំ​ ២០២២ សម្រាប់​ទីផ្សារ​លក់រាយ​នៅ​កម្ពុជា ។​នេះ​បើតាម​ការជូន​ដំណឹង​ពី​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​ ១០ ខែមិថុនា​ឆ្នាំ ២០២២​ នេះ​។

យោងតាម​ការជូន​ដំណឹង​នេះ តម្លៃ​ប្រេងឥន្ធនៈ​បាន​ឡើងថ្លៃ​មកវិញ ដោយ​កាលពី​ ១០ ​ថ្ងៃមុន ប្រេងសាំង​ធម្មតា​មាន​តម្លៃ​ត្រឹម​ ៥ ៦៥០ ​រៀល ចំណែក ប្រេងម៉ាស៊ូត​មាន​តម្លៃ​ត្រឹម​ ៥ ៥៥០​ រៀល ក្នុង​មួយ​លីត្រ​។

ចំពោះ​ការឡើង​ថ្លៃ​នៃ​តម្លៃ​ប្រេងឥន្ធនៈ​នេះ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ធ្លាប់​លើកឡើង​ថា នេះ​ជា​និន្នាការ​ពិភពលោក ហើយ​កម្ពុជា ជា​ប្រទេស​ដែល​នាំ​ប្រេងឥន្ធនៈ​ចូលមក ដូចនេះ​ត្រូវ​កំណត់​តម្លៃ​តាម​ទីផ្សារ​អន្តរជាតិ​។

លោក​ថា វិបត្តិ​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន​ក៏មាន​ឥទ្ធិពល​ធ្វើឱ្យ​តម្លៃ​ប្រេង​មាន​ការឡើងថ្លៃ​បែបនេះ​ដែរ ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រឹងប្រែង​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ពលរដ្ឋ ដើម្បី​កាត់បន្ថយ​ការចំណាយ និង​ជួយ​តាមរយៈ​ការបន្ធូរបន្ថយ​ពន្ធ​ផ្សេងៗ​ជាដើម​។

លោក ជា ចាន់ដារ៉ា សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា​បាន​និយាយ​ថា ច្បាស់​ណាស់​ការកើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​នឹង​ធ្វើ​ឱ្យ​វិស័យ​ដឹកជញ្ជូន​ជួប​ការលំបាក និង​មានការ​ឡើងថ្លៃ​ខ្លះ ប៉ុន្តែ​ក៏​អាស្រ័យ​លើ​ការចរចា​ និង​យោគយល់​គ្នា​រវាង​អ្នក​ដឹកជញ្ជូន​ និង​អតិថិជន​ដែរ​។

លោក​បាន​បន្តថា ថ្វីដ្បិត​ប្រេងឥន្ធនៈ​មាន​ការឡើងថ្លៃ​មែន ប៉ុន្តែ​សកម្មភាព​នៃ​ការដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ នៅតែ​បន្ត​ជាធម្មតា ដោយសារ​តែ​វា​ជា​តម្រូវ​ការចាំបាច់​។

លោក​បាន​បញ្ជាក់ថា​៖ «​អតិថិជន​យើង ប្រឈម​ការឡើង​ថ្លៃ​នៃ​តម្លៃ​ដឹកជញ្ជូន ដែលមាន​ប្រមាណ​ ២០​ ទៅ​ ៣០​ ភាគរយ​បន្ថែម​។ ​នេះ​ជា​វិបត្តិ​សកល ដែល​បាន​ជះឥទ្ធិពល​ដល់​តម្លៃ​ប្រេង​អន្តរជាតិ ដែល​យើង​មិន​ប្រកែក​បានឡើយ ទោះជា​ឡើងដល់​កម្រិតណា ក៏​យើង​នៅតែមាន​តម្រូវការ​ប្រើប្រាស់​»​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោក គី សេរីវឌ្ឍ បាន​លើកឡើង​ថា ការកើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​នេះ គឺជា​ការកើនឡើង​ជា​សកល ដែល​កើតចេញ​ពី​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​តម្លៃ​ប្រេង​នេះ នឹង​បន្ត​កើនឡើង​ថែមទៀត ដោយសារ​តែ​ការ​បង្អួត​អំណាច​គ្នា​រវាង​ប្រទេស​មហាអំណាច​។

លោក​បានបញ្ជាក់​៖ «​ប្រាកដ​ណាស់​ប្រេងឥន្ធនៈ​ឡើងថ្លៃ​នេះ វា​នឹង​ធ្វើឱ្យ​ប៉ះពាល់​ការចាយវាយ​ទៅលើ​ទំនិញ​ផ្សេងៗ​ទៀត​របស់​កម្ពុជា ដែល​ធ្វើការ​ចំណាយ​របស់​ពលរដ្ឋ​កម្ពុជា​ច្រើនជាង​មុន​ក៏​ជា​មូលដ្ឋាន​នៃ​ការកើនឡើង​អតិផរណា​លើ​សកលលោក​ផងដែរ​»៕