​ភ្នំពេញ​៖ វិស័យ​ឯកជន បានស្នើ​សុំ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យ​បន្ត​ការអនុគ្រោះ​ពន្ធ ដល់​វិស័យ​ទេសចរណ៍ រហូតដល់​ដាច់​ឆ្នាំ​ ២០២២ ខណៈដែល​វិស័យនេះ មិនទាន់មាន​លំនឹង​នៅឡើយ និង​សុពលភាព​នៃ​ការលើក​ពន្ធ​លើ​វិស័យនេះ​នៅត្រឹម​ឆមាស​ទី​១ ឆ្នាំ​ ២០២២ ​នេះ​។​

​លោក ឌិន សុមេធា​រិ​ទ្ធ ប្រធាន​សមាគម​សណ្ឋាគារបាន​ប្រាប់​ឱ្យដឹងថា នៅក្នុង​វេទិកា​រាជ​រដ្ឋាភិបាល​​-​វិស័យ​ឯកជន កាលពី​ថ្ងៃទី​១១ មិថុនា វិស័យ​ឯកជន គឺជា​កម្រិត​នៃ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស ដើម្បី​លើក​ពី​បុព្វហេតុ ដែល​ជំរុញ​ឱ្យ​វិស័យ​ឯកជន​ស្នើសុំ​ឱ្យមាន​ការលើកលែង​ពន្ធ​រហូតដល់​ដំណាច់ឆ្នាំ ​២០២២​ នេះ​។​

​លោក​បាន​បន្ថែមថា សមាគម​សណ្ឋាគារ បាន​ផ្តួចផ្តើម​លើ​ការស្នើសុំ​នេះ ដោយសារតែ​បានឃើញ​ថា វិស័យ​ឯកជន ផ្នែក​ទេសចរណ៍​មិនទាន់បាន​រឹងមាំ​នៅឡើយ​ទេ​។​

​លោក​បាន​បញ្ជាក់ថា​៖ «ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​លោក លូ ម៉េង ដែលជា​សហប្រធាន​ក្រុមការងារ​វិស័យ​ទេសចរណ៍ និង​លោក ដាក អានូដ ដែលជា​សហប្រធាន​ខាង​ផ្នែក​ពន្ធដារ ដោយបាន​សរសេរ​លិខិត​ទៅ​សភាពាណិជ្ជកម្ម​មួយ និង​ក្រសួង​សេដ្ឋកិច្ច​មួយ ដោយ​ក្នុង​កិច្ចប្រជុំ​នោះ​ខាង​ក្រសួង​បាន​យល់​ពី​បញ្ហា​របស់​យើង​ហើយ នៅឡើយ​តែ​រង់ចាំ​ការសម្រេច​ពី​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ប៉ុណ្ណោះ​»​។​

​លោក​បាន​បន្តថា ភ្ញៀវទេសចរ ដែល​បានមក​កម្ពុជា ចាប់តាំងពី​ដើមឆ្នាំ​ ២០២២ មាន​ចំនួន​ច្រើនជាង​ឆ្នាំ ​២០២១ ​មែន តែ​តិចជាង​មុនពេល​មាន​កូ​វីដ ​១៩ ១០ ​ដង ដូចនេះ​សម្រាប់​វិស័យ​សណ្ឋាគារ​នៅ​រង​ផលប៉ះពាល់​ច្រើន ព្រោះថា ជា​សណ្ឋាគារ​មួយ​ទទួលបាន​ភ្ញៀវ​ប្រហែល​ ២០ ​ភាគរយ​ប៉ុណ្ណោះ ធៀប​នឹង​ចំនួន​បន្ទប់​ដែលមាន​។​

​លោក ធួន ស៊ីណាន ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IMCT ខូ​អិ​ល​ធី​ឌី និង​ជា​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ថ្វីដ្បិតតែ​សេដ្ឋកិច្ច​បាន​ដំណើរការ​ឡើងវិញ​ក៏ពិតមែន ប៉ុន្តែ​សម្រាប់​វិស័យ​ទេសចរណ៍​មិនទាន់មាន​ភាពនឹងនរ​នៅឡើយ​ទេ ព្រោះថា ​ចំពោះ​ភាព​អ៊ូអរ​នៅ​តំបន់​ទេសចរណ៍​សំខាន់​ដូចជា​រាជធានី​ភ្នំពេញ និង​សៀមរាប​ជាដើម​មាន​តិចតួច​ប៉ុណ្ណោះ ហើយ​ភាគច្រើន​ជា​ចរន្ត​ពាណិជ្ជកម្ម ។​

​លោក​បាន​បន្ថែមថា នេះ​ជា​ពេលវេលា នៃ​ការចាប់ផ្តើមដូច​បើសិន​ត្រូវ​ចំណាយ​លើ​ការបង់ពន្ធ​នៅ​អំឡុង​ពេលនេះ វា​ហាក់បីដូចជា​បន្ទុក​មួយ​ទៀត​សម្រាប់​វិស័យ​ឯកជន ផ្នែក​ទេសចរណ៍​នេះ​។​

​លោក​បាន​គូសបញ្ជាក់ថា​៖ «រដ្ឋាភិបាល​បាន​គិតគូរ​វែងឆ្ងាយ​ណាស់ ក្នុង​ការជួយ​ដល់​វិ​ស័​យឯក​ជន ដែល​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​នេះ ដូចជា​ការផ្តល់​កញ្ចប់​ថវិកា​សហ​ហិរញ្ញប្បទាន​តាមរយៈ​ធនាគារ​ SME ដោយមាន​អត្រា​ការប្រាក់​ទាប​ជាដើម​។ ប៉ុន្តែបើសិនជា​រដ្ឋាភិបាល​ពិចារណា​ក្នុង​អនុគ្រោះ​លើ​ពន្ធអាករ​បន្ថែម រហូតដល់​ដំណាច់ឆ្នាំ​ ២០២២ ​ឬ​ពាក់កណ្តាល​ឆ្នាំ​២០២៣​ទៀត កាន់តែ​ជាការ​ប្រសើរ ព្រោះថា វិស័យ​ទេសចរណ៍​បានរួម​ចំណែក​ច្រើនណាស់​នៅក្នុង​GTD របស់​កម្ពុជា​។​ ដូចនេះ បើសិនជា​រដ្ឋាភិបាល​ទុក​ឱកាស​ឱ្យ​វិស័យ​ឯកជន​ផ្នែក​នេះ បន្តដំណើរ​ទៅមុខទៀត​បាន តាមរយៈ​ការលើកលែង​ពន្ធ​នេះ នោះ​យើង​ជឿជាក់ថា អ្នក​ប្រកប​អាជីវកម្ម​ផ្នែក​ទេសចរណ៍​នឹង​បន្ត​ឈរជើង​បាន​»​។​

​លោកស្រី ឆាយ ស៊ីវ លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានឱ្យដឹង​ដែរ​ថា កំណើន​នៃ​ភ្ញៀវទេសចរ ដែល​ចូលមក​កម្ពុជា គឺ​នៅមានកម្រិត​នៅឡើយ ដូចនេះ បើសិនជា​រដ្ឋាភិបាល​ប​ន្ត​លើកលែង​ពន្ធ​ដល់​ដំណាច់​ឆ្នាំនេះ នោះ​នឹង​អាចជួយ​សម្រួល​បាន​ច្រើន​ដល់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ដែល​កំពុងតែ​ជួប​ការលំបាក​នៅក្នុង​ដំណាក់កាល​នេះ​។​

​លោកស្រី​បាន​បន្តថា អាជីវកម្ម​ទេសចរណ៍​ភាគច្រើន ទាំង​នៅ​ខេត្តសៀមរាប ព្រះសីហនុ និង​ភ្នំពេញ ជាដើម​ព្យាយាម​បើកទ្វារ តែ​មិនទាន់​ទទួលបាន​ចំណូល​មួយ​ដែល​សមស្រប​សម្រាប់​ទូទាត់ ចំពោះ​ការចំណាយ និង​ការខាតបង់​នាពេល​កន្លងទៅ​បានទេ​។​

​លោកស្រី​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «សូមឱ្យ​ក្រសួង​សេដ្ឋកិច្ច ក៏ដូចជា​រាជរដ្ឋាភិបាល​ពិចារណា​សម្របសម្រួល​លើកលែង​ពន្ធ សម្រាប់​វិស័យ​ទេសចរណ៍​យើង​ដល់​ដំណាច់ឆ្នាំ ​២០២២​ នេះ ដើម្បីឱ្យ​អាជីវកម្ម​ទាំងអស់​អាច​ប្រឹងប្រែង​ងើប​ឡើងវិញ​បើកទ្វារ ដើម្បី​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរថា កម្ពុជា​ពិតជា​បាន​ឡើងវិញ​ប្រកបដោយ​សុវត្ថិភាព និង​ភាព​អ៊ូអរ​ពិតប្រាកដ​មែន​។​ការលើកលែង​ពន្ធ​នេះ នឹង​អាចជួយ​កាត់បន្ថយ​ការចំណាយ​របស់​ម្ចាស់​អាជីវកម្ម​មួយកម្រិត​ស្រប​ពេលដែល​ស្ថានភាព​នៃ​ការបើក​ដំណើរការ​ឡើងវិញ​មិនទាន់មាន​ភាពប្រសើរឡើង​ខ្លាំង​។ អាជីវកម្ម​ភាគច្រើន បាន​បើក​ឡើងវិញ​ប៉ុន្តែ​មិនសូវមាន​ភ្ញៀវ​នោះទេ ដូចនេះ​បើសិនជា​មិនមាន​ការបន្ធូរបន្ថយ​លើ​បញ្ហា​ពន្ធ​នេះ អាជីវកម្ម​ទាំងនោះ​អាច​ប្រឈម​នឹង​ការបិទ​វិញ​»​។​

​ជុំវិញ​ការស្នើ​លើកលែង​ពន្ធ​នេះ លោក តុ​ប សុភ​ក្រ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ប្រាប់ថា បញ្ហា​ការបន្ធូរបន្ថយ​ពន្ធ អាករ​នេះ មិនមែន​សមត្ថកិច្ច​ខាង​ក្រសួងទេសចរណ៍​ទេ​។​ប៉ុន្តែ សម្រាប់​ឆ្នាំ ​២០២២ ​នេះ ក្រសួងទេសចរណ៍ បានសម្រេច​រួចមកហើយ ចំពោះ​គ្រប់​មូលដ្ឋាន​សេវាកម្ម​ទេសចរណ៍ ដែល​បន្ត​សុពលភាព​អាជ្ញា​បណ្ណ គឺ​មិន​តម្រូវឱ្យ​បង់ក​ម្រៃ​សេវា​ទេ ដែល​នេះ​ជាការ​រួមចំណែក​ជួយ​ដល់​វិស័យ​ឯកជន​ផ្នែក​ទេសចរណ៍ បាន​មួយកម្រិត​ដែរ​។

​លោក​បាន​បញ្ជាក់ថា​៖ «ក្រៅពី​ការលើកលែង​ការយក​កម្រៃ​លើ​អាជ្ញា​រប​ណ្ណហើយ យើង​ឃើញថា រាជរដ្ឋាភិបាល​ក៏បាន​អនុញ្ញាតឱ្យ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​អាច​ទទួលបាន​កម្ចី​ដែលមាន​ការប្រាក់​ទាប ពី​ធនាគារ​SME និង​ធនាគារ​ក្នុងស្រុក ដែលជា​ដៃគូ ដែលជា​ថវិកា​ហិរញ្ញ​ប្ប​ទាន​ប្រមាណ​ ១៥០​ លាន​ដុល្លារ សម្រាប់​ការជួសជុល​កែលម្អ និង​ពង្រឹង​មូលដ្ឋាន​អាជីវកម្ម​របស់ខ្លួន​ឡើងវិញ​»​។​

​កាលពីដើម​ខែកុម្ភៈ ​ឆ្នាំ​ ២០២២ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងទេសចរណ៍​បានចេញ​ប្រកាស​អន្តរក្រសួង​ស្តីពី​ការអនុវត្ត​វិធានការ​គោលនយោបាយ​គ​ន្លឹះ​សម្រាប់​វិស័យ​ទេសចរណ៍ ដោយ​បន្ត​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្ត​កែប ខេត្តកំពត ក្រុង​បាវិត​នៃ​ខេត្តស្វាយរៀង និង​ក្រុង​ប៉ោយប៉ែ​តនៃ​ខេត្តបន្ទាយមានជ័យ សម្រាប់​ឆមាស​ទី​១ ឆ្នាំ​ ២០២២៕