ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ស្បែក​ជើង ស្រោម​ជើង និង​វត្ថុ​ប្រហាក់​ប្រហែល ក្នុង​ទឹក​ប្រាក់​ជាង ៧០២ ​លាន​ដុល្លារ​ នា​រយៈពេល​ ៥ ​ខែ​ ដើម​ឆ្នាំ​ ២០២២ កើន​​ជិត ៣៦ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០២១។ នេះ​បើ​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។​

ទិន្នន័យ​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​​​ឧសភា ឆ្នាំ​ ២០២២ ការ​នាំចេញ​ស្បែក​ជើង ស្រោមជើង និង​វត្ថុ​ប្រហាក់​ប្រហែល មាន​ទឹក​ប្រាក់​សរុប​ជាង ៧០២ ​លាន​ដុល្លារ កើន​ឡើង ៣៥,៩​ ភាគរយ​​ពី​ចំនួន​ជិត ៥១៧ ​លាន​​​ដុល្លារ កាល​ពី​រយៈពេល ៥ ​ខែ​ដំបូង​ឆ្នាំ​ ២០២១។​ ទឹក​ប្រាក់​ពី​ការ​នាំ​ចេញ​ទាំង​នេះ គឺ​ស្មើ​នឹង​ប្រមាណ ៧,៥ ​ភាគរយ​នៃ​ការ​នាំចេញ​សរុប​របស់​កម្ពុជា។

ចំពោះ​​​ខែ​ឧសភា ឆ្នាំ​ ២០២២ ​ការ​នាំចេញ​​ស្បែក​ជើង ស្រោម​ជើង ​វត្ថុ​ប្រហាក់​ប្រហែល​មាន​តម្លៃ​​ ១៣១ លាន​ដុល្លារ​ កើន​ ២៧,៧ ​ភាគរយ​ ពី​ចំនួន​ ១០៣​ លាន​ដុល្លារ​ កាល​ពី​ខែ​ឧសភា ឆ្នាំ​មុន។ អនុ​ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ​នៅ​ថ្ងៃទី ​១៣ ខែ​មិថុនា​ថា ការ​នាំចេញ​ស្បែក​ជើង ស្រោមជើង ​និង​វត្ថុ​ប្រហាក់ប្រហែល​បាន​កើន​ឡើង​ជា​បន្តបន្ទាប់ ​ទោះ​​​ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ខ្លាំង​ក៏​ដោយ​។ កំណើន​​​នេះ​ គឺ​​ដោយសារ​​កម្លាំង​ផលិតកម្ម​​នៅ​​កម្ពុជា​មាន​ភាព​រឹងមាំ​ តាមរយៈ​ការ​គ្រប់គ្រង​ដ៏​មាន​ប្រសិទ្ធភាព​នៃ​ការ​រីក​រាលដាល​​​កូវីដ​ ១៩ និង​ការ​ចាក់​​វ៉ាក់សាំង​ប្រឆាំង​​ជំងឺ​កូវីដ​ ១៩​។​

លោក​​បន្ត​ថា បន្ថែម​លើ​នេះ​ចំនួន​​ការ​ចូល​មក​វិនិយោគ​ទៅ​លើ​រោងចក្រ​ដេរ​ស្បែក​ជើង ស្រោម​ជើង និង​វត្ថុ​ប្រហាក់ប្រហែល​​ក៏​កំពុង​កើន​ ​ខណៈ​កម្ពុជា​​​ជា​ប្រទេស​មាន​​ច្បាប់​វិនិយោគ​អំណោយផល​មាន​កម្លាំង​ពលកម្ម​សម្បូរ​តម្លៃ​សមរម្យ ពិសេស​កម្ពុជា​មាន​ទីផ្សារ​នាំចេញ​កាន់​តែ​ធំ​​តាមរយៈ​ការ​ចូល​ជា​ធរមាន​​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​ជាមួយ​​​ចិន និង​កិច្ច​ព្រមព្រៀង RCEP ជា​ដើម​។

លោក​ថ្លែង​ថា៖​ «​មាន​កត្តា​ជាច្រើន​​ធ្វើ​ឱ្យ​ការ​នាំចេញ​ស្បែក​ជើង ស្រោម​ជើង ​និង​វត្ថុ​ប្រហាក់ប្រហែល​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​កើន​ឡើង ជាពិសេស​ភាព​អំណោយផល​នៃ​ច្បាប់​វិនិយោគ​របស់​កម្ពុជា»។

យោង​តាម លោក លឹម ហេង ផលិតផល​ស្បែក​ជើង​ ​ស្រោមជើង និង​​វត្ថុ​ប្រហាក់​ប្រហែល ផលិត​នៅ​កម្ពុជា​ត្រូវ​បាន​នាំ​ទៅ​គោលដៅ​​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា ​អាមេរិក​, អឺរ៉ុប, កាណាដា​, អង់គ្លេស​ និង​ប្រទេស​ក្នុង​តំបន់។

អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង​ វណ្ណៈ ​និយាយ​ថា ​ផលិតកម្ម​​ស្បែក​ជើង ស្រោម​ជើង ​និង​វត្ថុ​ប្រហាក់​ប្រហែល បាន​និង​កំពុង​​ដើរ​តួនាទី​ជា​ផ្នែក​សំខាន់​ក្នុង​ការ​​នាំ​ប្រាក់​ចំណូល​ចូល​ជាតិ​​ និង​​បង្កើត​ការងារ​ឱ្យ​​​ប្រជាជន​ខ្មែរ​។ បច្ចុប្បន្ន​​កម្ពុជា​ទទួល​បាន​​​​ការ​ចូល​មក​បណ្តាក់​ទុន​ជា​បន្តបន្ទាប់​​​ក្នុង​ឧស្សាហកម្ម​ផលិត​ស្បែក​ជើង ខណៈ​ដែល​ទីផ្សារ​នាំចេញ​​ភាគ​ច្រើន​ទៅ​​​ប្រទេស​​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​​​ដូច​ជា អាមេរិក និង​តំបន់​អឺរ៉ុប។ លោក​បន្ត​ថា ការ​បញ្ជា​ទិញ​ផលិតផល​​ស្បែក​ជើង​នឹង​មាន​​សម្ទុះ​កាន់​តែ​​ខ្លាំង​​​នៅ​ពេល​​​ការ​បើក​ព្រំដែន​​​ឆ្លង​ប្រទេស​ត្រូវ​​ធ្វើ​ឡើង​ដូច​មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​ ១៩។

លោក​បញ្ជាក់​ថា៖​ «ខ្ញុំ​មើល​ឃើញ​ការ​នាំចេញ​ស្បែក​ជើង​​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ នឹង​មាន​កំណើន​ខ្ពស់​ចាប់​ពី​ឆ្នាំ​​នេះ​ត​ទៅ​ ព្រោះ​​នៅ​ពេល​​វិស័យ​ទេសចរណ៍​មាន​ដំណើរការ​ល្អ តម្រូវ​ការ​​ស្បែក​ជើង​នឹង​ហក់​ឡើង​ទៅ​តាម​នោះ​ដែរ​»។​

ប្រធាន​សមាគម​ស្បែក​ជើង​កម្ពុជា​ លោក លី ឃុនថៃ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាល​ពី​ពេល​ថ្មីៗ​​ថា ការ​ផលិត និង​នាំចេញ​ស្បែក​ជើង​ ​ស្រោម​ជើង និង​​វត្ថុ​ប្រហាក់​ប្រហែល​នឹង​បន្ត​កើន​ថែម​​​ទៀត​ ព្រោះ​កម្ពុជា​​​ទទួល​បាន​កំណើន​នៃ​រោងចក្រ​ដែល​ប្តូរ​ទីតាំង​ពី​ប្រទេស​ផ្សេង​ដូចជា ចិន និង​មីយ៉ាន់ម៉ា ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ជា​បន្ត​បន្ទាប់។

លោក​​​ថ្លែង​ថា​៖ «​សម្រាប់​​ឆ្នាំ​ ២០២២ នេះ​ខ្ញុំ​គិត​ថា ប្រាក់​បាន​​ពី​ការ​នាំចេញ​ស្បែក​ជើង​នឹង​អាច​កើន​​​ចន្លោះ​ពី ២០ ​ទៅ​ ៣០​ ភាគរយ​ ធៀប​ឆ្នាំ ​​២០២១ ព្រោះ​នៅ​ពេល​ការ​ធ្វើ​ដំណើរ​កើន​ឡើង​​តម្រូវការ​ស្បែកជើង​នឹង​ឡើង​ទៅ​តាម​នោះ​ដែរ​»​។

បើ​តាម​លោក ឃុនថៃ ស្បែក​ជើង​ផលិត​នៅ​កម្ពុជា​មាន​ម៉ាក​អន្តរជាតិ​ល្បីៗ​ជាច្រើន​ដូចជា Adidas, Clarks, និង Timberland ជាដើម៕ LA