ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ថ្លែង​ថា ​ទោះបី​វិបត្តិ​សុខភាព​សកល និង​បញ្ហា​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន កំពុង​យាយី​ដល់​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​ រួម​ទាំង​កម្ពុជា ក៏​កម្ពុជា​នៅ​តែ​បន្ត​ប្រឹងប្រែង​អនុវត្ត​គោលនយោ​បាយ​សេដ្ឋកិច្ច​​របស់​ខ្លួន​ប្រកប​ដោយ​ភាព​ប្រុងប្រយ័ត្ន​ដើម្បី​រក្សា​​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ជាពិសេស​ទប់ស្កាត់​អតិផរណា និង​រក្សា​កម្លាំង​ទិញ​នូវ​រូបិយវត្ថុ​ក្នុង​ស្រុក​។​

ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​​​ធ្វើ​ឡើង​ក្នុង​ពិធី​បិទ និង​ប្រគល់​សញ្ញាបត្រ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ឆ្នាំ​ ២០២០-២០២១ និង​បើក​វគ្គ​បណ្ដុះបណ្ដាល​ឆ្នាំ​ ២០២២ របស់​សាលា​ភូមិន្ទ​រដ្ឋបាល​ កាល​ពី​ព្រឹក​ថ្ងៃទី​ ១៣ ខែ​មិថុនា​។

លោក​ថ្លែង​ថា​៖​ «យើង​ត្រូវ​ត្រៀម​ខ្លួន​ទទួល​យក​ការ​ពិត​មួយ​ស្តី​អំពី​បញ្ហា​សេដ្ឋកិច្ច​ថមថយ​ដែល​ផ្តើម​ចេញ​ពី​កូវីដ​ ១៩ ​ផង និង​​សង្គ្រាម​រុស្ស៊ី-​អ៊ុយក្រែន​​ផង​។ រឿង​នេះ​ គឺ​ជា​រឿង​ដែល​ត្រូវ​​រួម​គ្នា​ខិតខំ​ដើម្បី​រក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ឱ្យ​បាន​ល្អ​។ ទប់ស្កាត់​អតិផរណា រក្សា​កម្លាំង​​ទិញ​នៃ​ប្រាក់​រៀល​។ សេដ្ឋកិច្ច​របស់​យើង​ទើប​តែ​រើបៗ​បន្ទាប់​ពី​​កូវីដ​ ១៩ ប៉ុន្តែ​មិន​នឹក​ស្មាន​ដល់​សោះ​ថា​ សង្គ្រាម​រវាង​រុស្ស៊ី-អ៊ុយក្រែន​បាន​ចាប់​ផ្តើម​ដាក់​បន្ទុក​ទៅ​លើ​ប្រទេស​នានា​នៅ​លើ​ពិភព​លោក»។

លោក​​បន្ថែម​​ថា ទាក់ទង​នឹង​បញ្ហា​ដែល​កំពុង​កើត​ឡើង​នេះ ស្ថាប័ន​រូបិយវត្ថុ​អន្តរជាតិ (IMF) ​បាន​ធ្វើ​ការ​ទម្លាក់​កំណើន​សេដ្ឋកិច្ច​ទាំង​អស់​រួម​ទាំង​ប្រទេស​កម្ពុជា ​ផង​ដែរ​។

លោក​​បន្ត​ថា​៖ «​ខ្ញុំ​បាន​ប្រាប់​ទៅ​សហការី​យើង​ទាំង​អស់​ថា កុំ​​ខ្វល់​ពេក​អារឿង​បញ្ហា​គេ​វាយ​តម្លៃ​មុន​ សំខាន់​បំផុត​យើង​ធ្វើ​បាន​ប៉ុន្មាន​ពិត​ប្រាកដ​។ អ៊ីចឹង​ការ​ខិតខំ​របស់​យើង គឺ​ដើម្បី​រក្សា​នូវ​​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ទប់ស្កាត់​អតិផរណា រក្សា​កម្លាំង​ទិញ​​​​ប្រាក់​រៀល​របស់​យើង​។ ​យើង​ត្រូវ​បន្ត​ទៀត​ការ​សន្សំ​សំចៃ​ឱ្យ​បាន​ខ្ពស់​ដើម្បី​ទប់ទល់​សភាពការណ៍​ដែល​វា​បាន​កំពុង​កើត​។​ពិត​មែន​ហើយ​សេដ្ឋកិច្ច​របស់​យើង​មិន​ទាន់​ដល់​កម្រិត​ដែល​ហៅ​ថា ​ដួលរលំ​ ឬក៏​ហានិភ័យ​នៃ​ការ​ដួល​រលំ​នោះ​ទេ​»​។

កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា IMF បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ក្នុង​រង្វង់ ៥ ​ភាគរយ​នៅ​ឆ្នាំ​នេះ ហើយ​នឹង​ត្រឡប់​មក​ជា​បណ្តើរៗ​វិញ​ក្នុង​រង្វង់ ៦​ ទៅ ៦,៥ ​ភាគរយ​ក្នុង​រយៈពេល​មធ្យម​។ ស្ថាប័ន​នេះ​បាន​លើក​ឡើង​ថា ការ​ងើប​ឡើង​​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​ជំរុញ​ជា​ចម្បង​ដោយ​តម្រូវ​ការ​ខាង​ក្រៅ​សម្រាប់​ទំនិញ​ផលិតកម្ម ជា​ពិសេស​សម្លៀក​បំពាក់ និង​ស្បែក​ជើង ប៉ុន្តែ​កម្ពុជា​នឹង​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន។

លោក Kenji Okamura អគ្គ​​នាយក​រង​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាល​ពី​ខែ​ឧសភា​ថា បញ្ហា​ប្រឈម​ដ៏​តានតឹង​បំផុត​កើត​ចេញ​ពី​ការ​ផ្ទុះ​ឡើង​ជា​សកល​មាន​ដូចជា​ តម្លៃ​អាហារ និង​ថាមពល​បាន​កើន​ឡើង​រួច​ទៅ​ហើយ​។ លោក​បន្ត​​ថា សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​បន្ថែម​សម្ពាធ​ទាំង​នោះ និង​បង្កើត​ភាព​មិន​ច្បាស់​លាស់​ថ្មី​អំពី​តម្រូវការ​អ្នក​ប្រើប្រាស់​នៅ​អឺរ៉ុប​ដែល​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​មួយ​សម្រាប់​កម្ពុជា​។ ការ​បិទ​ខ្ទប់​នាពេល​ថ្មីៗ​នេះ​នៅ​​​មជ្ឈមណ្ឌល​ផលិតកម្ម និង​ពាណិជ្ជកម្ម​សំខាន់ៗ​នៅ​​ក្នុង​ប្រទេស​ចិន ​ទំនង​ជា​នឹង​មាន​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​នៅ​កន្លែង​ផ្សេង​ទៀត​។

លោក​​ថ្លែង​ថា​៖ «​ជា​សំណាង​ល្អ ទុន​បម្រុង​អន្តរជាតិ​របស់​កម្ពុជា​មាន​ផាសុកភាព និង​គួរ​ផ្តល់​នូវ​ការ​ការពារ​គ្រប់គ្រាន់​ប្រឆាំង​នឹង​ការ​ប៉ះ​ទង្គិច​ពី​ខាង​ក្រៅ​នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​​។ បញ្ហា​បក់​បោក​ជា​សកល​ទាំង​នេះ​ធ្វើ​ឱ្យ​មាន​ភាព​ស្មុគស្មាញ​ដល់​ការ​បង្កើត​គោល​នយោបាយ​នៅ​​​កម្ពុជា ដែល​វា​បង្ក​ជា​ផល​ពិបាក​ក្នុង​ការ​វិនិច្ឆ័យ​ថា​ តើ​ត្រូវ​ការ​ជំនួយ​ប៉ុន្មាន​សម្រាប់​សេដ្ឋកិច្ច​។ បញ្ហា​អាទិភាព​នោះ​ គឺ​នៅ​តែ​ដើម្បី​ការពារ​ផ្នែក​ដែល​ងាយ​រងគ្រោះ​បំផុត​នៃ​ចំនួន​ប្រជាជន​»។

បើ​យោង​តាម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាល​បាន​និង​កំពុង​បន្ត​អនុវត្ត​កម្មវិធី​​ផ្ទេរ​សាច់​ប្រាក់​ក្នុង​ការ​ជួយ​ដល់​ជន​ក្រីក្រ​ចាប់​តាំង​ពី​ការ​ផ្ទុះ​​​ជំងឺ​កូវីដ​ ១៩ ដែល​បាន​ចំណាយ​ប្រមាណ​ជិត​ ៤០ ​លាន​ដុល្លារ​ ក្នុង​ ១ ​ខែៗ​។ លោក​បន្ថែម​ថា ទាក់ទិន​នឹង​បញ្ហា​កើត​ឡើង​ថ្មីៗ​នេះ រដ្ឋាភិបាល​ក៏​កំពុង​ត្រៀម​បន្ថែម​ទៀត​ផង​ដែរ​ ដើម្បី​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ទប់ទល់​នឹង​បញ្ហា​អតិផរណា​៕ LA