ភ្នំពេញៈ គម្រោង​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ចំនួន ៣ និង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ១ ដែលមាន​ទុនវិនិយោគ​សរុប ២៣,៨​ លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ២ ៣៧៦ ​កន្លែង​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) អនុម័ត​នា​ដើម​សប្តាហ៍​នេះ​។​

​យោងតាម​ការប្រកាស​ព័ត៌មាន​របស់ CDC កាលពី​ថ្ងៃទី​ ១៣ ខែមិថុនា គម្រោង​វិនិយោគ​ចំនួន ៣ ដែលមាន​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ត្រូវបាន CDC អនុម័ត​ដែល​រួមមាន គម្រោង​បង្កើត​រោងចក្រ​ផលិត​កាវ ថ្នាំលាប ទឹក​ថ្នាំ របស់​ក្រុមហ៊ុន Amto Chemical Technology Co., Ltd មាន​ទុនវិនិយោគ ១,៧ ​លាន​ដុល្លារ​បង្កើត​ការងារ​បាន ១៥០ ​នាក់​,​គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ និង​ក្តារ​បន្ទះ របស់​ក្រុមហ៊ុន ​Kai Feng Wood Products (Cambodia) Co., Ltd. មាន​ទុនវិនិយោគ ៦,៦​ លាន​ដុល្លារ​បង្កើត​ការងារ​បាន ៣០០​ នាក់​, និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប របស់​ក្រុមហ៊ុន Mei An Leatherware (Cambodia) Company Limited​មាន​ទុនវិនិយោគ ១០,៥​ លាន​ដុល្លារ បង្កើត​ការងារ​បាន ១ ០០០​ នាក់​។​

​ចំណែក ១ ទៀត គឺ​គម្រោង​វិនិយោគ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់រ​បស់​ក្រុមហ៊ុន Golden Sun Fashion Apparel Co., Ltd​ដែលមាន​ទីតាំងនៅ​សង្កាត់​ចោមចៅ​ទី​ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ ៥​ លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ៩២៦​ កន្លែង​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្ពុជា​កំពុង​ទទួលបាន​កំណើន​គម្រោង​វិនិយោគ​ថ្មីៗ​ជា​បន្តបន្ទាប់ ដែល​គម្រោង​ថ្មីៗ​ទាំងនោះ គឺមាន​លក្ខណៈ​ចម្រុះ​គ្រប់​វិស័យ ដោយ​ខុសប្លែក​កាលពី​ប៉ុន្មាន​ឆ្នាំកន្លងមក ដែលមាន​សុទ្ធតែជា​គម្រោង​វិនិយោគ​លើ​វិស័យ​វាយ​ន​ភណ្ឌ​។ កំណើន​ចំនួន​គម្រោង​វិនិយោគ​នេះ​គឺអាច​មកពី​ហេតុផល​មួយចំនួន​មានដូចជា ភាគ​ល្អប្រសើរ​នៃ​ស្ថានភាព​នយោបាយ​, មាន​សុខសន្តិភាព​ល្អ​, មានច្បាប់​វិនិយោគ​អំណោយផល​, មាន​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​ច្រើន​, ការទទួលបាន​ភាពអនុគ្រោះ​ផ្នែក​ពន្ធគយ​ពី​ប្រទេស​ជាច្រើន​, និង​ជាពិសេស​កម្ពុជា​កំពុង​សម្រេច​បានជា​បន្ត​បន្ទាប់​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​លក្ខណៈ​ទ្វេភាគី និង​ពហុភាគី​។​

​លោក​បាន​បន្ថែមថា​៖ «​នៅពេលដែល​លក្ខខណ្ឌ​ផ្ទៃក្នុង​របស់​ប្រទេសមួយ​មាន​ភាព​អំណោយផល​សម្រាប់​ការបណ្តាក់ទុន​ដោយ​រាប់ទាំង​ប្រព័ន្ធច្បាប់ កម្លាំង​ពលកម្ម និង​ទីតាំង​ភូមិសាស្ត្រ ព្រមទាំង​មាន​ទីផ្សារ​ទទួល​ទិញ​ច្រើន​នោះ គឺ​ប្រាកដ​ណាស់​អ្នកវិនិយោគ​នឹង​នាំគ្នា​បែប​ឆ្ពោះទៅកាន់​ទីនោះ​»​។​

​បន្ថែម​ពីលើ​នេះ លោក លឹម ហេង ក៏បាន​លើកឡើង​ពី​ការខិតខំ​របស់​ផ្នែក​ឯកជន​តាមរយៈ​សភា​ពាណិជ្ជកម្ម​កម្ពុជា ដែល​បាន​ប្រឹងប្រែង​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​នានា​លើ​ពិភពលោក​។ ជាក់ស្តែង​កាលពី​ចុងខែ​ឧសភា កន្លងមក សភាពាណិជ្ជកម្ម​កម្ពុជា​ទើបបាន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​នៅ​ទីក្រុង​តូ​រ៉ុ​ន​តូ ប្រទេស​កាណាដា ដែល​ការិយាល័យ​តំណាង​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការសម្របសម្រួល​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កាណាដា ក៏ដូចជា​ជួយ​ជំរុញ និង​ទាក់ទាញ​វិនិយោគិន​កាណាដា​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែច្រើន​។​

​បើតាម​លោក លឹម ហេង នៅ​ជំហាន​បន្ទាប់ សភាពាណិជ្ជកម្ម​កម្ពុជា​ក៏​នឹង​បើក​ការិយាល័យ​តំណាង​នៅ​ប្រទេស​ជប៉ុន​ផងដែរ​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា កំណើន​ចំនួន​គម្រោង​វិនិយោគ​ថ្មីៗ ដែល CDC អនុម័ត គឺ​មិន​ត្រឹមតែ​បង្ហាញ​ពី​ជំនឿ​ចិត្ត​របស់​វិនិយោគិន​ក្នុងការ​បណ្តាក់ទុន​នៅ​កម្ពុជា​ប៉ុ​ណ្ណោះ​​ទេ ប៉ុន្តែ​ក៏​នឹង​ជួយ​ធ្វើឱ្យ​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​កាត់បន្ថយ​ឱនភាព​ផងដែរ​។​

​លោក​បាន​កត់សម្គាល់ថា ការ​បណ្តក់​ទុន​នៅពេលនេះ​គឺមាន​លក្ខណពិសេស​ជាង​ពេលមុនៗ​ផងដែរ ដោយ​ការវិនិយោគ​មាន​លក្ខណៈ​ចម្រុះ​លើ​គ្រប់​វិស័យ និង​មាន​ខ្លះ​ជា​ឧស្សាហកម្ម​កម្រិត​មធ្យម​ផងដែរ ដោយ​ខុស​ពីមុន​ដែល​ស្ទើរ​ទាំងអស់​ជា​ឧស្សាហកម្ម​ធុន​ស្រាល ជាពិសេស​នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ​។​

​លោក​បញ្ជាក់ថា​៖«​នៅពេល​ប្រទេសមួយ​ទទួលបាន​ការបណ្តាក់ទុន​លើ​គ្រប់​វិស័យ​វា​នឹង​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រទេស​នោះ​កាន់​តែមាន​ភាពរឹងមាំ ដោយ​ចៀស​ផុតពី​ការនាំចេញ​តែ​ផលិតផល​ដដែលៗ និង​ទីផ្សារ​នាំចេញ​មាន​កម្រិត​»​។​

​លោក​លើកឡើង​ទៀតថា ការបង្កើត​រោងចក្រ​/​សហគ្រាស​ផលិត​ក្នុងស្រុក ក៏​ជួយ​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​បរទេស​មាន​មួយចំណែក​ផងដែរ​៕