
កម្មករកំពុងពិនិត្យផ្លែចេកនៅក្នុងកសិដ្ឋានឡុងម៉េតដែលមានទីតាំងនៅខេត្តកំពតកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើសុំខាងអ៊ីស្រាអែលបង្កើនចំនួននិស្សិតទៅសិក្សាផ្នែកកសិកម្មនៅប្រទេសនេះ ដើម្បីឆ្លើយតបតាមតម្រូវការធនធានមនុស្សក្នុងវិស័យកសិកម្ម ដែលមាននិន្នាការកើនឡើងជាលំដាប់ ដើម្បីឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាមានលក្ខណ:ទំនើបកម្ម។
នៅក្នុងជំនួបជាមួយនឹងក្រុមហ៊ុនអ៊ីស្រាអែល កាលពីថ្ងៃទី ១៣ ខែមិថុនា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ប្រទេសអ៊ីស្រាអែល បានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ក្នុងការអភិវឌ្ឍធនធានមនុស្សលើវិស័យកសិកម្មតាមរយ:ការផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាឆ្នាំទី ៣ បានទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល តាំងពីឆ្នាំ ២០០៨ រហូតមកទល់បច្ចុប្បន្នមានរយ:ពេល ១៤ ឆ្នាំហើយ។
លោកបានបន្ថែមថា រដ្ឋាភិបាលអ៊ីស្រាអែលតាមរយ:ក្រុមហ៊ុន Agrostudies បានផ្តល់ឱកាសឱ្យដល់និស្សិតទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលរយ:ពេល ១១ ខែជារៀងរាល់ឆ្នាំ ក្នុងការបង្កើនចំណេះដឹងបច្ចេកទេស តាមរយ:ការបណ្តុះបណ្តាលទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងដល់សិក្ខាកាមវ័យក្មេងដែលមានសក្តានុពល អំពីបច្ចេកវិទ្យាកសិកម្មថ្មីៗ ដើម្បីអភិវឌ្ឍខ្លួនគេ និងប្រទេសកំណើតរបស់ខ្លួន។
លោកបានថ្លែងបញ្ជាក់ថា៖ «ជាក់ស្តែង និស្សិតដែលត្រឡប់មកមាតុភូមិវិញ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មទំនើបៗ ដែលខ្លួនបានសិក្សារៀនសូត្រជូនប្រជាកសិករ ខ្លះបម្រើការឱ្យក្រុមហ៊ុន និងខ្លះទៀតធ្វើអាជីវកម្មកសិកម្មដោយខ្លួនគេផ្ទាល់។ យើងសំណូមពរឱ្យក្រុមហ៊ុនបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែល្អប្រសើរ និងស្នើសុំបង្កើនចំនួននិស្សិត ឆ្លើយតបតាមតម្រូវការធនធានមនុស្សក្នុងវិស័យកសិកម្មដែលមាននិន្នាការកើនឡើងជាលំដាប់ ដើម្បីឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាមានលក្ខណ:ទំនើបកម្ម ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ នវានុវត្តន៍ និងចូលរួមចំណែកទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ»។
លោក Yaron Tamir ជានាយកប្រតិបត្តិក្រុមហ៊ុន Agrostudies Agriculture Capacity Building ជាក្រុមហ៊ុន ដែលជ្រើសរើសនិស្សិតនៅសាលា អ៊ីស្រាអែល បានលើកឡើងថា ក្រសួងកសិកម្ម តែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រសើរធ្វើឱ្យកម្មសិក្សាដែលមានអាយុ ១៤ ឆ្នាំកន្លងមកទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។
លោកបានបន្តថា ថ្មីៗនេះ លោកបានចុះជួបអតីតនិស្សិតកម្ម សិក្សាម្នាក់ដែលកំពុងធ្វើអាជីវកម្មដាំផ្សិតផ្ទាល់ខ្លួន មានលក្ខណ:រីកចម្រើនល្អប្រសើរ ហើយលោកចង់ឃើញនិស្សិតផ្សេងទៀតមានសកម្មភាពដូចគេម្នាក់នេះដែរ។ លោកបានបញ្ជាក់៖« នាអនាគតដ៏ខ្លី ក្រុមហ៊ុនមានបំណងសហការជាមួយក្រសួងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសកសិកម្មកម្ពុជា ដោយប្រើប្រាស់និស្សិតដែលបានបញ្ចប់កម្មសិក្សាមកធ្វើជាគ្រូបង្គោល ធ្វើការផ្សព្វផ្សាយបច្ចេកទេសកសិកម្មជូនដល់ប្រជាកសិករ»។
លោក តូក ច័ន្ទរស្មី អតីតនិស្សិតដែលបានទៅកម្មសិក្សាផ្នែកជំនាញកសិកម្មនៅប្រទេសអ៊ីស្រាអែល បានប្រាប់ថា អ៊ីស្រាអែលជាប្រទេសប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ លើវិស័យកសិកម្ម អាចឱ្យនិស្សិតកសិកម្មគ្រប់រូប ដែលមានឱកាសទៅសិក្សានៅទីនោះ សិក្សាស្វែងយល់និងយកមកអភិវឌ្ឍកសិកម្មនៅកម្ពុជា។
លោកបានលើកឡើងដូច្នេះថា៖«ការសិក្សានៅប្រទេសអ៊ីស្រាអែល ជាឱកាសល្អសម្រាប់និស្សិតគ្រប់រូបក្នុងការស្វែងយល់ និងស្រាវជ្រាវបន្ថែម ពីរបៀបនៃការធ្វើកសិកម្មរបស់ប្រទេសនេះ ដែលជាប្រទេសរីកចម្រើនលំដាប់ថ្នាក់លេខ ១ នៅលើពិភពលោកលើវិស័យកសិកម្ម។ ហើយនៅពេលត្រលប់មកកម្ពុជាវិញ ត្រូវយកចំណេះដឹងនិងបទពិសោធពីប្រទេសនោះមកអនុវត្ត និងអភិវឌ្ឍនៅប្រទេសយើងវិញ»។
ទាក់ទងនឹងសំណើរក្សា ឬបង្កើនចំនួននិស្សិតឱ្យទៅធ្វើកម្មសិក្សានោះ លោកនាយកក្រុមហ៊ុនបានជម្រាបថានៅចុងខែនេះ ឬដើមខែកក្កដា លោកជំទាវឯកអគ្គរដ្ឋទូតអ៊ីស្រាអែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ឆ្លៀតយកឱកាសនេះ លោកជំទាវ ក៏មានកម្មវិធីជួបជាមួយឯកឧត្តមរដ្ឋមន្ត្រី នឹងជម្រាបជូនអំពីសំណើនេះដោយផ្ទាល់ផងដែរ។
តាមរបាយការណ៍ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានឱ្យដឹងថា កម្មវិធីហាត់ការ នៅប្រទេសអ៊ីស្រាអែល RUA បានធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកសិកម្មតាំងពីឆ្នាំ ២០០៨ គិតមកដល់បច្ចុប្បន្នមានអាយុ ១៤ ឆ្នាំហើយ មាននិស្សិតសរុបចំនួន ១ ៤៦៩ នាក់។ ឆ្នាំ ២០២១ មាននិស្សិត ២០០ នាក់ ក្នុងនោះ RUA ចំនួន ១៦៥ នាក់ វិទ្យាស្ថានជាតិកសិកម្មកំពង់ចាមចំនួន ១៨ នាក់ សាកលវិទ្យាល័យស្វាយរៀងចំនួន ១១ នាក់ និងសាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំចំនួន ៦ នាក់៕