ភ្នំពេញៈ អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) លោក ខេន លូ បាន​ប្រាប់​​ថា ឧស្សាហកម្ម​កាត់​ដេរ​​​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ឈាន​ទៅ​មុខ​ ១ កម្រិត​ទៀត និង​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​នៅ​ទូទាំង​ពិភព​លោក ប្រសិន​បើ​ភាគី​ពាក់ព័ន្ធ​ចូលរួម​អនុវត្ត​យ៉ាង​ពេញ​លេញ​លើ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់​ដេរ ស្បែក​ជើង និង​ទំនិញ​ធ្វើ​ដំណើរ (GFT)​ កម្ពុជា​ឆ្នាំ​ ២០២២-២០២៧​ ដែល​បាន​​​ដាក់​ឱ្យ​ដំណើរការ​​ពេល​ថ្មីៗ​នេះ។​

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃទី​ ២១ ខែ​មីនា បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ GTF ដោយ​សង្ឃឹម​ថា នឹង​កំណត់​គោលដៅ​អភិវឌ្ឍន៍​រួម បង្កើត​​ភាព​ឯករាជ្យ និង​អភិវឌ្ឍ​និរន្តរភាព និង​បរិយាប័ន្ន​នៃ​វិស័យ​នេះ។

ចក្ខុ​វិស័យ​ដ៏​សំខាន់​បំផុត​សម្រាប់​យុទ្ធសាស្ត្រ​នេះ​គឺ​ «​ដើម្បី​អភិវឌ្ឍ​វិស័យ GTF នៅ​កម្ពុជា​ឱ្យ​កាន់​តែ​មាន​និរន្តរភាព​បរិស្ថាន ភាព​ធន់ ដោយ​ផ្តោត​លើ​ផលិតផល​ដែល​មាន​តម្លៃ​ខ្ពស់​តែ ១ ​​គត់ និង​ប្រកួត​ប្រជែង​ខ្ពស់​ព្រមទាំង​ជា​​មូលដ្ឋាន ដើម្បី​គាំទ្រ​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​នៅ​កម្ពុជា​ត្រឹម​ឆ្នាំ ២០២៧»។

លោក ខេន លូ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​​នៅ​​​ថ្ងៃទី​ ១៤​ ខែ​មិថុនា​ថា GMAC បាន​កំពុង​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ GTF ក្នុង​ការ​លើក​កម្ពស់​ជំនាញ ខ្សែ​ចង្វាក់​តម្លៃ ក៏​​ដូចជា​ការ​ទាក់ទាញ​វិនិយោគ​ទៅ​ក្នុង​ឧស្សាហកម្ម​នេះ​។

លោក​បន្ត​ថា​៖ «​ពួក​យើង​បាន​ចូលរួម​យ៉ាង​ខ្លាំងក្លា​ជាមួយ​នឹង​ការ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​នេះ​។ ធាតុ​ជា​ច្រើន​នៃ​យុទ្ធសាស្ត្រ​នេះ​បាន​ចាប់​ផ្តើម​​អនុវត្ត​ (ដូចជា​ការ​បង្កើន​ជំនាញ ការ​ផ្លាស់ប្តូរ​ខ្សែ​ចង្វាក់​តម្លៃ ការ​ទាក់ទាញ​ការ​វិនិយោគ ដោយ​ផ្ដោត​លើ​ថាមពល​កកើត​ឡើង​វិញ និង​ការ​កែលម្អ​ភ័ស្តុភារកម្ម...)​។ បើ​យើង​អនុវត្ត​ឱ្យ​បាន​ពេញលេញ​យុទ្ធសាស្ត្រ​នេះ​ប្រាកដ​ណាស់​នឹង​ធ្វើ​ឱ្យ​វិស័យ​របស់​យើង​កាន់​តែ​មាន​ការ​ប្រកួតប្រជែង​នៅ​ទូទាំង​ពិភព​លោក»។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ក្នុង​ឱកាស​ដាក់​ឱ្យ​ដំណើរការ​នៃ​យុទ្ធសាស្ត្រ GFT ថា នេះ​ជា​យុទ្ធសាស្ត្រ​ដំបូង​ដែល «​ជំរុញ​កំណើន​នៃ​វិស័យ​កាត់​ដេរ ទាំង​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​មធ្យម ដល់​រយៈពេល​វែង​»។

លោក​បាន​បន្ត​ថា ក្នុង​អំឡុង​ពេល​នេះ​ «​វិស័យ​កាត់ដេរ​នឹង​បន្ត​ក្លាយជា​ចន្ទល់​សេដ្ឋកិច្ច​ដ៏​មាន​សក្ដានុពល​មួយ​តាមរយៈ​ការ​ពង្រីក និង​ពង្រឹង​មូលដ្ឋាន​ឧស្សាហកម្ម​នៅ​ក្នុង​ស្រុក​សម្រាប់​ការ​នាំចេញ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​លើ​ខ្សែ​ចង្វាក់​តម្លៃ​ក្នុង​តំបន់ និង​លើ​ពិភព​លោក»។

បើ​យោង​តាម​លោក ខែន លូ ការ​នាំចេញ​សម្លៀក​បំពាក់ វាយនភណ្ឌ និង​ស្បែក​ជើង​បាន​កើន​ឡើង​ប្រហែល ២៥ ភាគរយ​ កាល​ពី​ត្រីមាស​ទី​១ ឆ្នាំ ២០២២​ នេះ​ ដែល​​មាន​ទឹក​ប្រាក់​ជាង ៣ ​ពាន់​លាន​ដុល្លារ ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ក្នុង​ចំណោម​នោះ ផលិតផល​សម្លៀក​បំពាក់​បាន​កើន​ឡើង​ប្រហែល ២០ ភាគរយ​ និង​ទំនិញ​ធ្វើ​ដំណើរ​កើន​ឡើង ៤៨ ​ភាគរយ​។ ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​ គឺ​អាមេរិក​មាន​ប្រហែល ៤៣​ភាគរយ។

អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ជប៉ុន​ (JETRO) បាន​ចេញ​ផ្សាយ​ការ​ស្ទង់​មតិ JETRO ឆ្នាំ​ ២០២១​ ស្តីពី​លក្ខខណ្ឌ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ជប៉ុន​ដែល​​កំពុង​ប្រតិបត្តិការ​នៅ​ក្រៅ​ប្រទេស​ កាល​ពី​​ថ្ងៃទី ៧​ ខែ ធ្នូ ឆ្នាំ ២០២១​ ថា​ ក្នុង​ចំណោម​ក្រុមហ៊ុន​ជាច្រើន​នៅ​កម្ពុជា​ គឺ​មាន​​តែ ៣៩ ភាគរយ​ប៉ុណ្ណោះ ដែល​រក​បាន​ប្រាក់​ចំណេញ​កាល​ពី​ឆ្នាំ ២០២១​ ដោយសារ​តម្លៃ​ផលិតកម្ម​ខ្ពស់​៕ LA