
កសិករដឹកដំឡូងមីទៅលក់ឱ្យឈ្មួញនៅព្រំដែនថៃ។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជា និងថៃ កំពុងជំរុញការវិនិយោគឆ្លងព្រំដែនរវាងប្រទេសទាំង ២ តាមរយៈការមិនយកពន្ធត្រួតគ្នា (DTA) ដើម្បីបង្កើនតម្លៃវិនិយោគ និងពង្រឹងដំណើរការសេដ្ឋកិច្ចទ្វេភាគី បន្ទាប់ពីបើកដំណើរការប្រទេសឡើងវិញ ក្រោយការរីករាលដាលនៃជំងឺកូវីដ ១៩។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាសហការជាមួយក្រសួងការបរទេសថៃ បានរៀបចំសិក្ខាសាលាមួយ ស្តីពីជំរុញការវិនិយោគឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃឡង់ដ៍ តាមរយៈការមិនយកពន្ធត្រួតគ្នា ដោយមានការចូលរួមពីអគ្គនាយកដ្ឋានពន្ធដារនៃប្រទេសទាំង ២ និងផ្នែកឯកជនប្រទេសទាំង ២ ផងដែរ។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលមតិយោបល់ និងសំណើពីភាគីពាក់ព័ន្ធ ជុំវិញពន្ធត្រួតគ្នា និងការបង្ហាញដល់វិស័យឯកជនពីនីតិវិធីក្នុងការស្នើសុំការលើកលែងពន្ធត្រួតគ្នា។
ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ លោក អ៊ូក សោភ័ណ បានឱ្យដឹងថា កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នានេះ បានចូលជាធរមានកាលពីឆ្នាំ ២០១៨ ដែលកិច្ចព្រមព្រៀងនេះបង្កើតឡើងក្នុងគោលបំណងបង្កើនផលប្រយោជន៍ពាណិជ្ជកម្ម កាត់បន្ថយឧបសគ្គក្នុងការវិនិយោគរវាងប្រទេសទាំង ២។
លោកបន្ថែមថា ការអនុវត្តកិច្ចព្រមព្រៀងកន្លងមក គឺល្អហើយ ប៉ុន្តែដោយសារថៃ ជាប្រទេសមានបទពិសោធច្រើនលើការអនុវត្តកិច្ចព្រមព្រៀងប្រភេទនេះ ទើបកម្ពុជាចង់ឱ្យភាគីថៃជួយរំលែកលើការអនុវត្តការងារនេះឱ្យមានភាពរលូន។
លោកអះអាងថា៖ «វាមានឧបសគ្គខ្លះដែរ ចំពោះការអនុវត្តកិច្ចព្រមព្រៀងនេះ ដោយសារតែការយល់ដឹងពីច្បាប់របស់អ្នកវិនិយោគប្រទេសទាំង ២ មិនទាន់ទូលំទូលាយ ព្រោះប្រជាជនប្រទេសទាំង ២ មិនសូវស្វែងយល់ ពិសេសអ្នកវិនិយោគថ្មី។ សិក្ខាសាលានេះ ក៏បានលើកពីបញ្ហាប្រឈម និងព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង គឺមានការបង្ហាញជូនយ៉ាងច្បាស់ ខណៈប្រទេសថៃ បានផ្លាស់ប្តូរបទពិសោធទាក់ទងទៅនឹងការអនុវត្តនេះច្រើន ព្រោះថៃមានកិច្ចព្រមព្រៀងជាមួយប្រទេសជាង ៦០ រួចមកហើយ»។
លោកស្រី Arjaree Sriratanaban អគ្គនាយិកានៃអគ្គនាយកដ្ឋានអាស៊ីខាងកើតនៃក្រសួងការបរទេសថៃ បានឱ្យដឹងដែរថា វិនិយោគិនថៃមកវិនិយោគនៅកម្ពុជាច្រើនលើវិស័យឡូជីស្ទិក និងហិរញ្ញវត្ថុ ដោយនិន្នាការនេះឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងសេដ្ឋកិច្ចដែលមានចំណងសម្ព័ន្ធ និងតំណភ្ជាប់គ្នាកាន់តែស្អិតល្មួតរវាងប្រទេសថៃ និងកម្ពុជា។
លោកស្រីបន្ថែមថា ប្រសិនបើគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជននៃប្រទេសទាំង ២ ត្រូវសហការគ្នាឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀត ក្នុងការផ្តល់ភាពងាយស្រួលខាងវិស័យពាណិជ្ជកម្ម និងការវិនិយោគរវាងគ្នានឹងគ្នា ដើម្បីជំរុញការកើនឡើងនៃតម្លៃវិនិយោគរវាងគ្នាទៅវិញទៅមកផងដែរ។
លោកស្រីបញ្ជាក់ថា៖ «វានឹងជួយគាំទ្រដល់ការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញក្នុងប្រទេសទាំង ២ ក្រោយពីការរីករាលដាលជំងឺកូវីដ ១៩ ក៏ដូចជាការពង្រឹងសេដ្ឋកិច្ចរវាងប្រទេសទាំង ២ ដើម្បីទប់ទល់ការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីស្ថានភាពអន្តរជាតិនាពេលបច្ចុប្បន្ន។ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះនឹងផ្តល់ឱ្យយើងនូវព័ត៌មាន យោបល់ និងការណែនាំពីស្ថាប័នពន្ធដារទាំង ២ និងវិស័យឯកជនដែលទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា រវាងប្រទេសទាំង ២ នេះ ហើយនឹងនាំឱ្យមានការកែលម្អនូវដំណើរការសុំលើកលែងពន្ធក្នុងប្រទេសទាំង ២ ក្រោមកិច្ចព្រមព្រៀងខាងលើឱ្យកាន់តែមានភាពងាយស្រួល និងរលូនថែមទៀត»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នានេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់វិនិយោគិនពិសេសប្រទេសមានពាណិជ្ជកម្មធំៗជាមួយកម្ពុជា គឺទាមទារឱ្យមានកិច្ចព្រមព្រៀងនេះ។
លោកបានបញ្ជាក់ថា៖ «នៅពេលមានកិច្ចព្រមព្រៀងនេះ វិនិយោគិនដែលចង់បង្វិលប្រាក់ចំណេញឱ្យប្រទេសគេវិញ គេចំណាយត្រឹមតែ ១០ ភាគរយប៉ុណ្ណោះ តែបើគ្មានទេត្រូវបង់ដល់ ១៤ ភាគរយ។ ដូចនេះនៅពេលកម្ពុជាមានកិច្ចព្រមព្រៀងនេះ ជាមួយប្រទេសនានាកាន់តែច្រើន នឹងអាចទាក់ទាញការវិនិយោគបន្ថែមទៀត។ ជាក់ស្តែងដូចប្រទេសថៃ ជាដើម យើងមានកិច្ចព្រមព្រៀងនេះជាមួយគ្នា ស្របពេលដែលយើងបើកព្រំដែនវិញដូចគ្នា ច្បាស់ណាស់កំណើននៃការវិនិយោគទៅវិញទៅមកពិតជាមាន»។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ រយៈពេល ៤ ខែ ឆ្នាំ ២០២២ មានទឹកប្រាក់ ២,៩១ ពាន់លានដុល្លារ កើនឡើង ៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើតាមទិន្នន័យពីស្ថានទូតថៃនៅកម្ពុជា៕